(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីស្ថានភាពទឹកស្អាត និងទឹកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ដើម្បីដាក់ចេញនូវវិធានការចំពោះមុខ និងប្រមូលធាតុចូលរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែង នៅសាលប្រជុំទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។
ក្នុងឱកាសបើកកិច្ចប្រជុំ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «ធនធានទឹក គឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពទាំង៥ ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលរួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយស្របតាមទិសដៅនេះ ការធានាបាននូវសន្តិសុខនៃធនធានទឹក និងការប្រើប្រាស់ធនធានទឹកប្រកបដោយចីរភាព និងបរិយាបន្ន គឺជាអាទិភាពចម្បងមួយ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការកើនឡើងនៃផ្ទៃដីដាំដុះ ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃមូលដ្ឋានឧស្សាហកម្ម ការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងការប្រើប្រាស់សម្រាប់គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចផ្សេងៗ ជាពិសេសនៅក្នុងរដូវប្រាំង បានធ្វើឱ្យមានតម្រូវការជាចាំបាច់ក្នុងការបង្កើននូវប្រភពទឹកស្អាតដែលប្រើប្រាស់បាន ហើយដែលស្ថានភាពនេះ ទាមទារឱ្យមានការគិតគូរទៅលើប្រសិទ្ធភាពនៃការវិនិយោគ និងរក្សាតុល្យភាពនៃការបែងចែកធនធានទឹក សំដៅធានាបាននូវការផ្គត់ផ្គង់ទឹកក្នុងកម្រិតសុភបរមា (Optimal) ដែលមានលក្ខណៈប្រទាក់ក្រឡាទៅដល់គ្រប់តួអង្គក្នុងសង្គម-សេដ្ឋកិច្ច។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានគូសបញ្ជាក់ថា កិច្ចប្រជុំថ្ងៃនេះគឺអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំនូវគោលនយោបាយទឹកឱ្យកាន់តែច្បាស់លាស់ និងមានការចូលរួមពីអន្តរវិស័យ ក្រោមកិច្ចសហប្រតិបត្តិការពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងដាក់ចេញនូវវិធានការចំពោះមុខ និងរៀបចំផែនការយុទ្ធសាស្ត្ររយៈពេលខ្លី មធ្យម និងវែង ឱ្យកាន់តែមានប្រសិទ្ធភាព ជូនរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសជាតិទាំងមូលលើការងារទឹក ស្របតាមអនុសាសន៍នៃកិច្ចប្រជុំអន្តរក្រសួងកាលពីពេលថ្មីៗ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕