(តាកែវ)៖ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ លោក លី សាវ៉េត នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារយុវជនគណបក្ស ប្រជាជនកម្ពុជាស្រុកអង្គរបូរី។
ថ្លែងក្នុងឱកាសនោះលោក លី សាវេត ប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារយុវជនគណបក្សស្រុក/ឃុំ យុវជនគណបក្សភូមិ យុវជនគណបក្សតាមសាខា ដែលតែងតែចូលរួមយ៉ាងសកម្មភាព ក្នុងការចុះជួយ ដល់បងប្អូនប្រជាពលរដ្ឋ និងចូលរួមផ្សព្វផ្សាយដល់យុវជនឲ្យមានឱកាសជួបជុំគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាពិសេសពង្រឹងសាមគ្គីភាពជាធ្លុងមួយ និងឯកភាពផ្ទៃក្នុងរបស់យុវជននៅគ្រប់ជាន់ថ្នាក់បានយ៉ាងល្អប្រសើរ និងមានប្រសិទ្ធភាព។
លោកប្រធានក្រុមការងារយុវជនគណបក្សខេត្តខេត្តតាកែវ បានណែនាំយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ត្រូវក្ដាប់ឲ្យបានរាល់កម្មវិធីនយោបាយ គោលការណ៍ និងសេចក្ដីសម្រេចនានារបស់គណបក្ស សំដៅដល់ការលើកកម្ពស់ការជឿជាក់ និងគាំទ្រការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការថែរក្សាការពារសន្តិភាព ការពារឯករាជ្យអធិបតេយ្យ និងបូរណភាពទឹកដី៕