(ភ្នំពេញ)៖ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ និងអង្គការ Saving Lives (ប្រទេសសិង្ហបុរី) នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងចែកអំណោយ ដល់កុមារកំព្រា និងមានពិការភាព ព្រមទាំងអ្នកថែទាំ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
នាឱកាសនោះលោកស្រី ថោ ពៅ ប្រធានមជ្ឈមណ្ឌលទារក និងកុមារជាតិ បានឲ្យដឹងថា បច្ចុប្បន្ន មជ្ឈមណ្ឌលមានកុមារកំព្រា និងមានពិការភាព ជាង២០០នាក់ឯណោះ។ ជារឿយៗ តែងតែមានបណ្តាសប្បុរជន ចុះសួរសុខទុក្ខ និងយកចិត្តទុកដាក់សណ្តោសប្រណី ដែលជាទឹកចិត្តប្រកបដោយព្រហ្មវិហារធម៌ មេត្តាធម៌ និងមនុស្សធម៌ ក្នុងការផ្តល់នូវក្តីស្រលាញ់ ការអាណិតអាសូរ ផ្តល់ក្តីសង្ឃឹម និងការគាំពារចំពោះកុមារកំព្រា និងពិការ ដែលការណ៍នេះ បានជួយជំរុញស្ថានភាពក្នុងការថែទាំ ឲ្យកាន់តែល្អប្រសើរថែមទៀត។
ចំណែកលោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ ក៏បានកោតសរសើរអស់ពីដួងចិត្តចំពោះ លោកឪពុក អ្នកម្ដាយ និងលោកគ្រូ អ្នកគ្រូ ដែលបានលះបង់នូវកម្លាំងកាយចិត្ត មើលថែទាំដល់កុមារទាំងអស់។ លោកស្រី បានលើកឡើងថា នៅក្នុងមណ្ឌលនេះ ពិតជាពិបាកខ្លាំងណាស់ព្រោះអ្នកដែលមកធ្វើការបម្រើកុមារទាំងអស់នេះបាន លុះត្រាជាបុគ្គលដែលមានការអត់ធ្មត់ មានគុណធម៌ និងមានបេះដូងនៃក្តីស្រឡាញ់ ទើបអាចជួយមើលថែកុមារទាំងអស់គ្នាបានយ៉ាងល្អ ហើយការលះបង់នេះពិតជាមិនអាចកាត់ថ្លៃបានឡើយ។
នេះមិនមែនជាលើកទី១ នោះទេ ដែលលោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ និងសប្បុរសជន ធ្វើការងារមនុស្សធម៌ ហើយលោកស្រី បានថ្លែងថា វប្បធម៌នៃការចែករំលែក គឺជាវប្បធម៌ដែលបានចាក់ស្រេះយ៉ាងជ្រៅ ក្នុងស្រទាប់បេះដូងរបស់ខ្មែរគ្រប់រូប តាំងពីដើមរៀងមក។
នាពេលនោះដែរ លោក GOH TUNG HENG ប្រធានអង្គការ Saving Lives (សិង្ហបុរី) បានថ្លែងថា លោកនិងក្រុមការងារ ពិតជាមានក្តីរីករាយយ៉ាងក្រៃលែង ដែលបានចុះចែកអំណោយ នៅមជ្ឈមណ្ឌលទារក និងកុមារជាតិ ជាពិសេសដែលបានបំពេញការងារមនុស្សធម៌ នៅក្នុងប្រទេសកម្ពុជា ហើយនេះជាការរួមចំណែកលើកកម្ពស់សុខុមាលភាពសាធារណៈបានមួយកម្រិតដែរ។ លោកបានលើកឡើងទៀតថា អង្គការ Saving Lives (សិង្ហបុរី) ក៏នឹងចុះចែកអំណោយដល់អ្នកក្សត់ខ្សោយបន្ថែមទៀត នៅទីតាំងដែលមានតម្រូវការពិតប្រាកដ។
សូមជម្រាបថា ក្នុងសកម្មភាពមនសុ្សធម៌នេះ លោកស្រី ឧកញ៉ា បណ្ឌិត កែវ មុំ បានឧបត្ថម្ភផលិតផលនំស្រួយ លី លី ជាច្រើន ខណៈអង្គការ Saving Lives (សិង្ហបុរី) ឧបត្ថម្ភអង្ករ ១០០បេ ហើយក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភ ទឹកក្រូច ៥០កេស និងទឹកសុទ្ធ ៥០កេសផងដែរ៕