(កំពង់ធំ)៖ បណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពប្រារព្ធទិវាអំណានជាតិ និងចែកឯកសណ្ឋាន និងសម្ភារៈជូនប្រជាការពារ នៅអនុវិទ្យាល័យព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ពិធីនេះមានការអញ្ជើញចូលរួមពី សមាជិកក្រុមការងារ លោកចៅសង្កាត់ព្រៃតាហ៊ូ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាការពារក្នុងមូលដ្ឋានសង្កាត់ សរុបប្រមាណ២៥០នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់លោកចៅសង្កាត់ព្រែកតាហ៊ូរួចមក បណ្ឌិត ស៊ា ម៉ៅ បានពាំនាំការការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករឭក ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត និងពីសំណាក់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងលោកស្រី ចំពោះលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនប្រជាការពារ និងបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់។

លោកបណ្ឌិតបានបញ្ជាក់ថាថ្ងៃទី១១ ខែមីនា ត្រូវបានកំណត់យកជាថ្ងៃទិវាជាតិអំណាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធរួមចំណែកការងារ និងពង្រឹងវប្បធម៌ខ្មែរ។ ការប្រារព្ធទិវាជាតិអំណាននាថ្ងៃនេះ ក៏ដើម្បីរំលឹកដល់ថ្ងៃប្រសូត របស់សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់ប្រសូតនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ១៨៨៣។ សម្ដេចព្រះមហាសង្ឃរាជទ្រង់សោយព្រះទិវង្គត នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៦៩។ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ តែងតែមានប្រសាសន៍យកចិត្តទុកដាក់លើការវិនិយោគលើវិស័យអប់រំនឹងទទួលបានលទ្ធផលធំធេងណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រសាសន៍ដ៏ឧត្តុង្គឧត្តមប្រកបដោយគតិបណ្ឌិតនេះ របស់ថ្នាក់ដឹកនាំកំពូល ជាសារមួយដ៏មានសារសំខាន់សម្រាប់ពញ្ញាក់ស្មារតីកូនក្មួយទាំងអស់ ខិតខំប្រឹងប្រែងសិក្សា រៀនសូត្រ ដើម្បីយកចំណេះដឹងទាំងនោះមកបម្រើជាតិមាតុភូមិយើង ដើម្បីអភិវឌ្ឍន៍ភូមិយើង ឃុំ/សង្កាត់យើង ស្រុក/ក្រុងយើង ខេត្តយើង ប្រទេសយើងឱ្យរឹតតែរីកចម្រើនទៅមុខទៀត។ ចំណេះដឹងទាំងអស់កើតឡើងពីការអាន ការស្តាប់ ការឮ ដូច្នេះ ការអានច្រើននឹងចម្រើនវិជ្ជា។

បណ្ឌិត ស៊ា ម៉ៅ បានធ្វើការកោតសរសើរ ចំពោះវឌ្ឍនភាពនៃវិស័យអប់រំក្នុងមូលដ្ឋាន និងលទ្ធផលសិក្សាដ៏ល្អរបស់ក្មួយៗសិស្សានុសិស្សទាំងអស់ ព្រមទាំងបានគូសរំលេចពីសារៈសំខាន់នៃការអាន ដែលជាមូលដ្ឋានគ្រឹះ មិនអាចខ្វះបាននៃការសិក្សារៀនសូត្រ។

លោកបណ្ឌិតបានបញ្ជាក់ថា «ដើម្បីក្លាយខ្លួនជាសិស្សពូកែ យើងត្រូវឧស្សាហ៍អាន ការអានច្រើននឹងជួយបង្កើនបញ្ញា ចំណេះដឹង និងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។ ប្រទេសជាតិមួយដែលមានការរីកចម្រើន ចាំបាច់ត្រូវមានប្រជាពលរដ្ឋដែលមានចំណេះដឹង ហើយដែលចំណេះដឹងនេះគឺមួយភាគធំ បានមកពីការអាន»

បណ្ឌិត ស៊ា ម៉ៅ បានធ្វើការផ្ដាំផ្ញើឱ្យក្មួយៗសិស្សានុសិស្ស សូមបន្តខិតខំសិក្សា ដើម្បីអនាគតខ្លួននិងប្រទេសជាតិ ធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន ក្មេងទំនើង និងអំពើអបាយមុខនានា។

ឆ្លៀតក្នុងឱកាសនេះ បណ្ឌិត ស៊ា ម៉ៅ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរ ចំពោះបងប្អូនជាប្រជាការពារក្នុងមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាថែរក្សាការពារសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

ក្នុងនោះលោកបណ្ឌិត ក៏បានថ្លែងនូវអំណរគុណចំពោះការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ និងការលះបង់របស់បងប្អូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាការពារនូវសុខសុវត្ថិភាពក្នុងមូលដ្ឋាន។

បណ្ឌិត ស៊ា ម៉ៅ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃតាហ៊ូទាំងអស់ បានប្រគល់នូវអំណោយ និងសម្ភារៈមួយចំនួន ជូនដល់សាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាការពារ ដែលរួមមាន៖ អនុវិទ្យាល័យព្រៃតាហ៊ូ ទទួលបានសៀវភៅពុម្ពថ្នាក់ទី៧-៩ ចំនួន១ឈុត សៀវភៅប្រជុំរឿងព្រេងខ្មែរ ចំនួន១ឈុត, សាលាបឋមសិក្សាព្រៃតាហ៊ូ សាលាបឋមសិក្សាភូមិក្ដី សាលាបឋមសិក្សាស្លាកែត សាលានីមួយៗទទួលបានសៀវភៅពុម្ពថ្នាក់ទី១-៦ ចំនួន១ឈុត សៀវភៅប្រជុំរឿងព្រេងខ្មែរ ចំនួន១ឈុត, លោកគ្រូ អ្នកគ្រូ ចំនួន៣៩ ម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀល, សិស្សានុសិស្ស ចំនួន១១៧នាក់ ម្នាក់ៗទទួលបានថវិកា៥ពាន់រៀល, ជូនប្រជាការពារនូវឯកសណ្ឋាន ៣៤កំប្លេ កន្ត្រៃកាត់ក្រចក ៣៤ប្រអប់ ដំបងចរាចរណ៍ ៦ដើម និងឧបត្ថម្ភដល់ប៉ុស្តិ៍នគរបាលសង្កាត់ព្រៃតាហ៊ូ ថវិកា១០ម៉ឺនរៀល៕