(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រី​ ប្រតិភូអមនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយដ៍ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្រិការសឹករងព្រះវិហារ និងក្រុមគ្រួសារផងដែរ។

នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់ប្រតិបត្រិការសឹករងព្រះវិហារទាំងអស់ ដែលបានអនុវត្តន៍តួនាទីភារកិច្ច បានយ៉ាងល្អប្រសើរ ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោត ក៏ដូចជាការពារសន្តិសុខ សណ្តាប់ថ្នាប់ ជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរគ្រប់កាលៈទេសៈ ស្របតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរៈភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពជើងគោក ក៏ដូចជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារផងដែរ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ តំណាងនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងតំបន់សឹករងខេត្តទាំងអស់ ក៏ដូចជាបងប្អូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្តល់អំណោយដ៍ថ្លៃថ្លាដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារនាពេលនេះ លោកប្តេជ្ញានឹងនាំអំណោយទាំងនេះចែកជូនដល់ដៃបងប្អូនសមាជិកអតីតយុទ្ធជន និងគ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត និងសូមគោរពជូនពរសម្តេចនិងលោកជំទាវ មានសុខភាពល្អ ដើម្បីដឹកនាំប្រទេសកម្ពុជាឆ្ពោះ ទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យថែមទៀត។

សូមបញ្ជាក់ថា អំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលនាំមកប្រគល់តំបន់ប្រតិបត្តិការសឹករងព្រះវិហារនាពេលនេះរួមមាន៖អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ៕