(សៀមរាប)៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈចលនាសាសនិកឥស្លាមខេត្តសៀមរាប នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងចែកកញ្ចប់អាហារ ស្រាយបួសខែរ៉ម៉ាឌន ជូនដល់សាសនិកឥស្លាម ដែលមានជីវភាពខ្វះខាតចំនួន៥៥គ្រួសារ នៅភូមិលេខ៥ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងឱកាសនោះលោក អែល សៀត បានលើកឡើងថា កញ្ចប់អាហារស្រាយបួសដែលយកមកជូនសាសនិកឥស្លាម ដែលមានជីវភាពក្រីក្រនេះ ទទួលបានការឧបត្ថម្ភពីសប្បុរសជននៃប្រទេសម៉ាឡេស៊ី ដែលផ្តល់តាមរយៈលោក។ លោកបន្តថា អំណោយដែលផ្តល់ជូននាពេលនេះ អាចជួយសម្រាលបន្ទុកជីវភាពនៅក្នុងគ្រួសារបានមួយរយៈពេលផងដែរ។ នេះគឺជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសម៉ាឡេស៊ី ក្នុងនាមអ្នកប្រតិបត្តិសាសនិកឥស្លាមដូចគ្នា។
លោកបានថា ជារៀងរាល់ឆ្នាំ សប្បុរសជននៃប្រទេសម៉ាឡេស៊ី តែងតែផ្តល់ជំនួយជាកញ្ចប់អាហារដល់សហគមន៍ឥស្លាមក្នុងខេត្តសៀមរាប ដើម្បីចែករំលែកដល់សាសនិក ដែលមានជីវភាពខ្វះខាតផងដែរ។ លោកក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជននៃប្រទេសម៉ាឡេស៊ី ដែលជារៀងរាល់ឆ្នាំតែងតែផ្ដល់ការយកចិត្តទុកដាក់ និងឧបត្ថម្ភដល់សាសនិកឥស្លាមក្នុងខេត្តសៀមរាប។
លោកបន្ថែមថា នេះគឺជាការចូលរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះបន្ទុកខ្លះៗ ដល់អ្នកដែលមានការលំបាក ហើយសកម្មភាពនេះទៀត ក៏ជាសក្ខីភាពនៃការចែករំលែក ដែលបញ្ជាក់ពីភាតរភាពក្នុងនាមសាសនិកឥស្លាមដូចគ្នា និងក្នុងនាមមនុស្សជាតិនៅក្នុងពិភពលោក។
លោក អែល សៀត ក៏បានថ្លែងអំណរអរគុណដល់ប្រជាពលរដ្ឋ ដែលជាសាសនិកទាំងអស់ ដែលតែងតែគាំទ្រចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាបច្ចុប្បន្ន និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារទាំងឡាយ ដល់ប្រជាពលរដ្ឋទូទៅ ដោយគ្មានការរើសអើង ជាពិសេសផ្តល់ឱកាស និងសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង ដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ៕