(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងវិទ្យុមិត្តភាពកម្ពុជាចិនបានរួមគ្នារៀបចំបាឋកថាស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នាជាមួយប្រទេសចិន ចែករំលែកកាលានុវត្តភាព។
ភ្ញៀវកិត្តិសយដែល អញ្ជើញចូលរួមក្នុងពិធីនេះ មានសមាភាពមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន១០០នាក់។
នៅក្នុងឱកាសនោះ លោក Feng Huiអ្នកគ្រប់គ្រងនៃវិទ្យុមិត្តភាពកម្ពុជាចិនបានលើកឡើងថា នៅក្នុងរដូវផ្ការីក ដែលពោរពេញដោយក្តីសង្ឃឹមនេះ ពួកយើងសូមស្វាគមន៍ ការបើកកិច្ចប្រជុំមហាសន្និបាតសភាទាំងពីរ ទូទាំងប្រទេសចិនដោយជោគជ័យ។ មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិន មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏ធំមួយ នៅក្នុងជីវិតនយោបាយរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបង្អួចដ៏សំខាន់សម្រាប់ពិភពលោកសង្កេតមើល ការអភិវឌ្ឍន៍របស់ប្រទេសចិនផងដែរ។
មហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនឆ្នាំនេះ បានបញ្ជូនសញ្ញាច្បាស់លាស់និងរឹងមាំមួយ ទៅកាន់ពិភពលោកថា ការធ្វើទំនើបកម្មតាមបែបផែនចិន កំពុងបើកផ្លូវថ្មីមួយសម្រាប់ ការរីកចម្រើននៃអរិយធម៌មនុស្សជាតិ ហើយឱកាសរបស់ប្រទេសចិន មុខជានឹង ត្រូវបានចែករំលែកជាមួយពិភពលោកមិនខាន។
លោកលោក Feng Hui បន្តថា ការធ្វើទំនើបកម្មតាមបែបផែនចិន គឺជាមាគ៌ាទំនើបកម្មមួយដែលស្ថិតនៅលើទឹកដីចិន និងបន្តស្នងអរិយធម៌ចិន។ វាមិនមែនគ្រាន់តែជាការចម្លងទំនើបកម្មលោកខាងលិចទេ ប៉ុន្តែគឺជាការបង្កើតដ៏អស្ចារ្យដែលផ្អែកលើ ស្ថានភាពជាតិរបស់ប្រទេសចិន និងឆ្លុះបញ្ចាំងពីប្រាជ្ញារបស់ប្រទេសចិន។ មាគ៌ានេះប្រកាន់ខ្ជាប់នូវគំនិតយកប្រជាជនជាសំខាន់ ខិតខំឆ្ពោះទៅរកការអភិវឌ្ឍន៍ ដែលមានការសម្របសម្រួលគ្នារវាងអរិយធម៌សម្ភារៈ និងអរិយធម៌ស្មារតី យកចិត្តទុកដាក់លើការរួមរស់ នៅជាមួយគ្នាដោយសុខដុមរមនារវាងមនុស្ស និងធម្មជាតិ ព្រមទាំងប្តេជ្ញាចិត្តដើរលើមាគ៌ា នៃការអភិវឌ្ឍន៍ប្រកបដោយសន្តិភាព។
លោកបន្ថែមថា៖ «ការធ្វើទំនើបកម្មតាមបែបផែនចិន បានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍន៍ដ៏គួរឱ្យកត់សម្គាល់។ ប្រទេសចិន បានចំណាយពេលត្រឹមតែប៉ុន្មានទសវត្ស បានបញ្ចប់ដំណើរ ឧស្សាហូបនីយកម្ម ដែលប្រទេសអភិវឌ្ឍន៍ បានចំណាយពេលរាប់រយឆ្នាំ ហើយបានធ្វើឱ្យប្រជាជនជាង ១ពាន់៤រយលាននាក់ចូលទៅក្នុងសង្គមទំនើប។ នៅក្នុងដំណើរនេះ ប្រទេសចិនមិនត្រឹមតែបានបង្កើតអច្ឆរិយៈនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងស្ថិរភាពសង្គមរយៈពេលវែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតទម្រង់ថ្មី នៃអរិយធម៌មនុស្សជាតិ ផងដែរ។ ការអភិវឌ្ឍន៍របស់ប្រទេសចិន បានបញ្ជាក់ថា មាគ៌ាទំនើបកម្មមិនមានលក្ខណៈតែមួយដូចគ្នាទេ ហើយប្រទេសនីមួយៗ សុទ្ធតែមានសិទ្ធិជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របតាមស្ថានភាពរបស់ខ្លួន។»
លោកក៏បានបញ្ជាក់ថា ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចឃ្លាតឆ្ងាយពីពិភពលោកបានទេ ហើយវិបុលភាពនៃពិភពលោក ក៏ត្រូវការប្រទេសចិនផងដែរ។ ប្រទេសចិនតែងតែ ប្រកាន់ខ្ជាប់នូវគំនិត“សហគមន៍រួមវាសនានៃមនុស្សជាតិ” និងប្រកាន់ខ្ជាប់គោលនយោបាយជាតិជាមូលដ្ឋាន នៃការបើកចំហចំពោះបរទេស។ពីគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” រហូតដល់គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល ពីពិព័រណ៍នាំចូលចិន រហូតដល់ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មចិន ប្រទេសចិនតែងតែឱបពិភពលោក ដោយអាកប្បកិរិយាបើកចំហ និងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ ដោយភាពស្មោះត្រង់នៃកិច្ចសហប្រតិបត្តិការ។
ការធ្វើទំនើបកម្មតាមបែបផែនចិន មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសថ្មី សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន និងរួមចំណែកជាប្រាជ្ញារបស់ប្រទេសចិន និងដំណោះស្រាយរបស់ប្រទេសចិន សម្រាប់ការរីកចម្រើនរបស់មនុស្សជាតិ។ យើងក៏នឹងធ្វើការរួមគ្នាជាមួយប្រទេសកម្ពុជាដែលជា"មិត្តដែកថែប" ដើម្បីត្រួសត្រាយអនាគតឱ្យកាន់តែប្រសើរឡើង!.
សិស្សនិស្សិតកម្ពុជា ដែលបានចូលរួមស្តាប់បាឋកថា ស្តីពី ប្រទេសចិនក្នុងរដូវផ្ការីក៖ ពិភពលោករួមគ្នាជាមួយប្រទេសចិន ចែករំលែកកាលានុវត្តភាពនេះ បានបង្ហាញការគាំទ្រ ព្រោះបានទទួលចំណេះដឹងថ្មីៗសម្រាប់ជាទុន ក្នុងការសិក្សាស្រាវជ្រាវ ពីប្រទេសចិន។ ជាមួយគ្នានេះ ក្រុមយុវជនបានស្នើឱ្យមានការរៀបចំការចែករំលែកបទពិសោធន៍បែបនេះ ឱ្យបានច្រើនថែមទៀត ដើម្បីនិស្សិតបានយល់ដឹងកាន់តែស៊ីជម្រៅពីមិត្តចិន ជាពិសេសកិច្ចសហប្រតិបត្តិការរវាងវាងកម្ពុជា និងចិនទាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននេះ៕
វិទ្យុមិត្តភាពកម្ពុជាចិន