(ភ្នំពេញ)៖ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ការិយាល័យរបស់មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរួមគ្នារៀបចំបាឋកថាស្តីពី «កម្ពុជា-ចិន៖ ការភ្ជាប់បេះដូងតាមបណ្តោយផ្លូវសូត្រ» ឈ្វេងយល់ពីប្រជាធិបតេយ្យ តាមបែបផែនចិន។

អ្នកចូលរួមនៅក្នុងពិធីនេះគឺអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងអប់រំ យុវជននិងកីឡា សមាគមមិត្តភាពកម្ពុជា-ចិន សហភាពសហព័ន្ធយុវជនកម្ពុជា សមាគមសិស្ស-និសិ្សតអាហារូបករណ៍ អ.ម.ត សភាសម្ព័ន្ធសហជីពជាតិកម្ពុជា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន និស្សិត ស្ថានទូតចិនប្រចាំកម្ពុជា វិទ្យុមិត្តភាពកម្ពុជា-ចិន ផ្ទះយុវជនកម្ពុជា-ចិន និងអង្គពិធីទាំងមូល សរុបចំនួន១០០នាក់។

លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានរំលេចថា ការរៀបចំកម្មវិធីបាឋកថានេះ ក្នុងគោលបំណងរួមចំណែកសំខាន់៤គឺ ១-បង្កើនការយល់ដឹងកាន់តែស៊ីជម្រៅពី មហាសន្និបាតសភាទាំង២នៃប្រទេសចិន ២-ពន្លាតការឈ្វេងយល់ពី ទម្រង់ប្រជាធិបតេយ្យតាមបែបផែនចិន ៣-ពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និង៤-ពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងអង្គពាក់ព័ន្ធនានាស្តីពីអភិបាលកិច្ចប្រទេសចិន។

លោក Liu Zhanguo ប្រធានការិយាល័យរបស់មូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានគូសបញ្ជាក់ថា មហាសន្និបាតសភាទាំងពីរនៃប្រទសចិន ដែលតែងបានរៀបចំជាទៀងទាត់នៅដើមខែមីនា ជារៀងរាល់ឆ្នាំ គឺជាវេទិកាចូលរួម និងពិភាក្សាកិច្ចការនយោបាយដ៏សំខាន់បំផុត របស់ប្រទេសចិន ដើម្បីផ្តល់ជាមតិយោបល់សម្រាប់ការអភិវឌ្ឍ និងវឌ្ឍនភាពរបស់ ប្រទេសជាតិ។

លោកបន្តថា នៅក្នុងប្រទេសចិន ដំណើរការពេញលេញនៃលទ្ធិប្រជាធិបតេយ្យប្រជាជន មិនត្រឹមតែត្រូវបានឆ្លុះបញ្ចាំង នៅក្នុងថ្នាក់កំពូលរបស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងអនុវត្តនៅថ្នាក់ក្រោម ដើម្បីធ្វើការសម្រាប់មហាជនផងដែរ។ លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា បានពោលថា នៅពេលដែលយើងពិភាក្សាអំពី ស្ថានភាពប្រជាធិបតេយ្យរបស់ប្រទេសមួយ យើងត្រូវចាប់ផ្តើមពីស្ថានភាពជាក់ស្តែងរបស់ប្រទេស។

ប្រទេសនានាគួរតែគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក និងគោរពសិទ្ធិរបស់ប្រទេសនីមួយៗក្នុងការជ្រើសរើស ដោយឯករាជ្យនូវផ្លូវឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យ។ ក្នុងនាមជាមិត្តដ៏រឹងមាំរបស់កម្ពុជា និងជាសហគមន៍ដែលមានអនាគតរួមគ្នា ចិននឹងគាំទ្រប្រជាជនកម្ពុជាដោយឯករាជ្យ ក្នុងការជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន និងប្រឆាំងដាច់ខាតចំពោះប្រទេសណា ដែលបំពានលើតម្លៃលទ្ធិប្រជាធិបតេយ្យ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសអធិបតេយ្យ ក្រោមលេសថាការពារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ញុះញង់ឱ្យមានការបែកបាក់គ្នា និងពិភពលោក។

ឯកឧត្តម ឡាវ វ៉ាន់ រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បានកត់សម្គាល់ពីស្ថានភាពជាក់ស្តែងនៅកម្ពុជានាសករាជតេជោ ដែលប្រជាជនកម្ពុជារស់នៅក្រោមម្លប់សន្តិភាព ដែលសន្តិភាពនេះហើយ ជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់កម្ពុជា។

ឯកឧត្តមក៏បានរំលឹកឡើងវិញថា ឆ្នាំ២០២៤ ពេញ១ឆ្នាំនៃឆ្នាំទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន ស្ថានទូតចិនប្រចាំកម្ពុជាបានរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចជំរុញសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន កម្ពុជា-ចិន ដែលបានផ្តល់នូវការអភិវឌ្ឍប្រកបដោយរលូន នៃទំនាក់ទំនងទ្វេភាគី។ ហើយ កម្ពុជានិងចិន នៅតែបន្តជាមិត្តដែកថែប ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពវាងវៃនិងថាមពលខ្លាំងក្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទំនាក់ទំនងរវាងកម្ពុជានិងចិនកាន់តែរឹងមាំ ដោយបន្តមរតកពីថ្នាក់ដឹកនាំជំនាន់មុនៗ នៃប្រទេសយើងទាំងពីរ។ ទាក់ទងនឹងទម្រង់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសចិន ឯកឧត្តមយល់ឃើញថា វាជាទម្រង់មួយ នៃលទ្ធិប្រជាធិបតេយ្យ ដែលប្រជាជនចិនយល់ថា ជាដំណើរការពេញលេញរបស់ខ្លួន ហើយឯកឧត្តមបានវាយតម្លៃថា មហាសន្និបាតទាំង២របស់ប្រទេសចិន បានឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវឆន្ទៈរបស់ប្រជាជនចិនស្របតាមលក្ខខណ្ឌ របស់ប្រទេសចិន។

គួររំលឹកផងដែរក្នុងកម្មវិធីនេះ អង្គពិធីទាំងមូលបានទទួល នូវសៀវភៅជាខេមរភាសាស្តីពី «ប្រជាធិបតេយ្យតាមបែបផែនចិន» ដែលជាស្នាដៃនិពន្ធរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ហើយដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅព្រឹទ្ធសភាកាលពី ឆ្នាំ២០២២កន្លងមក៕

វិទ្យុមិត្តភាពកម្ពុជាចិន