(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តក្រុមហ៊ុនដែលផលិតផលិតផល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់នាំចេញទាំងអស់ បង្កើនការប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុក សម្រាប់ខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន ឱ្យអស់លទ្ធភាព ដើម្បីគាំទ្រដល់ការផលិតក្នុងស្រុក។
ការជំរុញនេះ ធ្វើឡើងក្នុងដែលឱកាសដែលលោកបានចុះទស្សនកិច្ចនៅរោងចក្រ កូកា-កូឡា ដែលក្រុមហ៊ុនអន្តរជាតិ បោះទីតាំងវិនិយោគនៅកម្ពុជា ដើម្បីពិនិត្យខ្សែច្រវ៉ាក់ផលិតកម្មរបស់រោងចក្រនេះ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងឧស្សាហកម្មរបស់កម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
លោកបានកត់សម្គាល់ថា បើទោះបីជាក្រុមហ៊ុននេះជាក្រុមហ៊ុននេះ ជាក្រុមហ៊ុនអន្តរជាតិ ប៉ុន្តែក្រុមហ៊ុននេះបានប្រើប្រាស់ផលិតផលដែលផលិតក្នុងស្រុកប្រមាណ៣៦% នៅក្នុងខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន។
លោកបន្តថា «អរគុណក្រុមហ៊ុន កូកា-កូឡា ដែលបានឆ្លើយតបនឹងសំណូមពររបស់ក្រសួងក្នុងការបង្កើនការប្រើប្រាស់ផលិតផល ក្នុងស្រុក គឺក្នុងឆ្នាំមុននេះ គាត់បានបង្កើនពី៣០% ឡើងដល់៣៦%។នេះគឺជាការវិវត្តថ្មីមួយ ដែលគាត់បានព្យាយាមប្រើប្រាស់ផលិតផលក្នុងស្រុក។ មកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនបានប្រើប្រាស់ផលិតផលជាច្រើនពីប្រភពក្នុងស្រុករបស់យើងតែម្តង ដូចជាកំប៉ុង ដប រួមទាំងផលិតផលកាតុងសម្រាប់វិចខ្ចប់ គឺគាត់បានប្រើប្រាស់ផលិតផលក្នុងស្រុក១០០%»។
លោករដ្ឋមន្រ្តីក្រសួង បានឱ្យដឹងផងដែរថា នៅពេលខាងមុខនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងក្លាយទៅជាអ្នកផ្គត់ផ្គង់ទឹកដ៏សំខាន់មួយដល់ក្រុមហ៊ុននេះ បន្ទាប់ពីបានយកគម្រូទៅធ្វើតេស្តជាប់ជាស្តាពរនៅប្រទេសសិង្ហបុរី។
ទន្ទឹមគ្នានេះ ក្រុមហ៊ុននេះមិនត្រឹមតែផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានជោគជ័យក្នុងការនាំចេញទៅកាន់ប្រទេសជិតខាង និងមានផែនការបង្កើនការនាំចេញទៅបណ្តាប្រទេសផ្សេងបន្ថែមទៀតផងដែរ។
លើសពីនេះទៅទៀត លោកបានបង្ហាញមោទនភាពដែលក្រុមហ៊ុនអន្តរជាតិមួយនេះ បានជ្រើសរើសបុគ្គលិក និយោជិត ចាប់ពីថ្នាក់គ្រប់គ្រងរហូតដល់កម្មករ គឺជាជនខ្មែរស្ទើតែទាំងអស់ ដោយមានតែថ្នាក់ដឹកនាំជាន់ខ្ពស់តែ២នាក់ប៉ុណ្ណោះជាជនបរទេស។ បន្ថែមពីនេះក្រុមហ៊ុនក៏បានចូលរួមចំណែកថែរក្សបរិស្ថាននៅកម្ពុជា តាមរយៈការកែច្នៃឡើងវិញផងដែរ។
ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា ប៊ែវើរីជីស ខូអិលធីឌី (CBC) គឺជាក្រុមហ៊ុនផលិត និងអ្នកចែកចាយភេសជ្ជៈឈានមុខគេនៅកម្ពុជា ដែលបានបោះទីតាំងវិនិយោគនៅកម្ពុជា និងផ្តល់ការងារដល់បុគ្គលិកជាង៨០០នាក់ដោយផ្ទាល់ ជាមួយនឹងការងារប្រយោលចំនួន ជាង៨០០នាក់ ដែលត្រូវបានបង្កើតឡើងនៅទូទាំងប្រទេស៕