(ភ្នំពេញ)៖ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលអាងមានសញ្ជាតិ២ បានបន្តយកព្រឹត្តិការណ៍អន្តរ ជាតិ ធ្វើអាជីវកម្មនយោបាយទៀតហើយ។ តើគេគូររកវិធានការផ្លូវច្បាប់ជាអន្តរជាតិ ចាត់ការបុគ្គលរូបនេះវិញដែរឬទេ? Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
សម្តីញុះញង់ប្រកបដោយពិសពុលរបស់បុគ្គល សម រង្ស៊ី ដែលមានសញ្ជាតិពីរ បានបង្កឡើងនូវបញ្ហាប្រឈមមួយសម្រាប់កម្ពុជា ដែលកំពុងថែរក្សាស្ថិរភាព និងអធិបតេយ្យភាពជាតិរបស់ខ្លួន។ បុគ្គល សម រង្ស៊ី ដែលជាជនជាតិខ្មែរ សញ្ជាតិបារាំង បានប្រើព្រឹត្តិការណ៍នយោបាយអន្តរជាតិជាបន្តបន្ទាប់ ដើម្បីបន្តរបៀបវារៈនយោបាយរបស់ខ្លួនក្នុងបំណងឆាឆៅ រារាំងសន្តិភាពរបស់កម្ពុជា ដែលរកបានដោយលំបាកតាមរយៈនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ឧបាយកលទុច្ចរិតរបស់បុគ្គល សម រង្ស៊ី នេះ មិនមែនធ្វើឡើងតែបុគ្គលម្នាក់ឯងទេ ប៉ុន្តែមានលក្ខណៈរៀបជាប្រព័ន្ធ ដើម្បីការចង់សម្រេចឧបាយកលនាំកម្ពុជាដែលមានសន្តិភាព ឱ្យជាក្លាយជាវាលបង្ហូរឈាមដោយសង្គ្រាមស៊ីវិលសាជាថ្មីវិញ។
សម្តីរបស់ សម រង្ស៊ី នាពេលថ្មីៗ ដែលបានប្រៀបធៀបការនាំខ្លួនអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte តាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិថានឹងមានការនាំខ្លួនសម្តេចតេជោ ហ៊ុន សែន ដោយតុលាការ ICC នាពេលអនាគតនោះ គឺជាទង្វើនយោបាយដ៏ទុច្ចរិត ដែលជាផ្នែកមួយដើម្បីតែការចង់រំខានដល់នយោបាយសន្តិភាពរបស់កម្ពុជាតែប៉ុណ្ណោះ។ គេមិនត្រូវមើលរំលងនូវទង្វើនយោបាយទុច្ចរិតដែលជ្រកក្រោមស្លាកសេរីភាពបញ្ចេញមតិនោះឡើយ។
សេរីភាពនៃការបញ្ចេញមតិ គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សពិតមែន។ ប៉ុន្តែនៅពេលដែលសេរីភាពនៃការនិយាយ បានឆ្លងផុតបន្ទាត់ការពាររបស់ច្បាប់ ទៅជាអំពើញុះញង់, ទៅជាព័ត៌មានមិនពិត និងមានចេតនាដ៏ខ្មៅកខ្វក់បង្កប់នូវគោលបំណងចង់ធ្វើឱ្យប្រទេសមានសន្តិភាព មានអស្ថិរភាពនយោបាយវិញនោះ, ការប្រើប្រាស់រកវិធានការផ្លូវច្បាប់អន្តរជាតិ គប្បីត្រូវតែយកមកពិចារណា ដើម្បីដាក់ទោសដល់បុគ្គលដែលបំពានច្បាប់ម្តងហើយម្តងទៀតនេះ។ កម្ពុជាទទួលបានសន្តិភាព និងស្ថិរភាពអស់រយៈពេលជាង២៦ឆ្នាំ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អនុវត្តប្រកបដោយជោគជ័យនូវគោលនយោបាយឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទោះយ៉ាងណាក៏ដោយ មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី តែងព្យាយាមរកការបង្អាក់ដំណើរការសន្តិភាពនៅក្នុងប្រទេសកម្ពុជានេះ តាមរយៈការកេងប្រវ័ញ្ចទាញចំណេញពីព្រឹត្តិការណ៍អន្តរជាតិនានាទាំងឡាយ ដើម្បីបង្កភាពបំពុលព័ត៌មាននោះធ្វើឱ្យសាធារណមតិភ័ន្តច្រឡំ។
អំពើញុះញង់ផ្នែកនយោបាយ ជាពិសេសពីបុគ្គលដែលអាងថា ខ្លួនឯងមានសញ្ជាតិបារាំង និងដែលគិតថាគ្មានអ្នកណាហ៊ានប៉ះពាល់នោះ បានបង្កើតជាបញ្ហាប្រឈមពិសេសមួយ។ បុគ្គល សម រង្ស៊ី បានប្រើឋានៈសញ្ជាតិបរទេសរបស់ខ្លួន ដើម្បីគេចពីផលវិបាកផ្នែកច្បាប់ខណៈពេលដែលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលនោះ បានបង្កការគំរាមចំពោះសន្តិសុខជាតិ និងសន្តិភាពរបស់ប្រទេសកម្ពុជា។ សកម្មភាពទុច្ចរិតបែបនោះ ប្រសិនបើមិនមានការត្រួតពិនិត្យនិងចេះតែបណ្តោយឱ្យធ្វើស្រេចតែអំពើចិត្ត វាអាចនាំឱ្យមានភាពចលាចលក្នុងសង្គម និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះជាអន្តរជាតិរបស់កម្ពុជា ជាមិនខានឡើយ។
ICC គឺជាតុលាការអន្តរជាតិមួយ ដែលប្រើអំណាចរបស់ខ្លួនកាត់ទោសបុគ្គលសង្ស័យណា ដែលគេបានប្តឹងចំពោះឧក្រិដ្ឋកម្មសង្គ្រាម, ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ក៏ពិតមែន ប៉ុន្តែតុលាការ ICC មិនធ្វើសកម្មភាពដោយផ្អែកលើការចោទប្រកាន់ដែលមានហេតុផលនយោបាយ ដូចអ្វីដែលទណ្ឌិត សម រង្ស៊ី តែងធ្វើការចោទប្រកាន់ដាក់មកលើ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាបច្ចុប្បន្ននេះទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានពលរដ្ឋខ្មែរចាត់ទុកជាមហាវីរៈបុរសជាតិរបស់ខ្មែរ ដោយសម្តេចបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការនាំមកនូវសន្តិភាព និងវិបុលភាពដល់ប្រទេសជាតិ ហើយការរួមចំណែករបស់សម្តេច ក៏ត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិពាសពេញពិភពលោកផងដែរ។
ការប្រើព័ត៌មានក្លែងក្លាយរបស់ សម រង្ស៊ី ដែលនិយាយមិនពិតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជារឿងដែលគ្មានមូលដ្ឋានច្បាប់អន្តរជាតិណាបានគាំទ្រឡើយ។ តុលាការ ICC មិនកាត់ទោសឥស្សរជនណា ដែលអនុវត្តដោយជោគជ័យនូវគោលនយោបាយជាតិរបស់ខ្លួនដ៏ត្រឹមត្រូវពិតប្រាកដ ដោយជួយប្រទេសកម្ពុជាចេញរូចផុតពីសង្គ្រាមប្រល័យជីវិតមនុស្ស ក្លាយជាប្រទេសមានសុខសន្តិភាពពេញលេញ និងការជួយធ្វើឱ្យប្រទេសកាន់តែមានកិត្តិយសនៅលើឆាកអន្តរជាតិ និងជាគំរូសន្តិភាពដ៏ឧត្តុងឧត្តមសម្រាប់ប្រទេសនានាក្នុងសកលលោកនេះឡើយ។ ដូច្នេះ រាល់បំណងចង់ប្រើព័ត៌មានក្លែងក្លាយ ដើម្បីទាក់ទាញរកប្រយោជន៍ពីអ្នកគាំទ្រ ឱ្យបន្តបំរើនយោបាយជ្រុលនិយមរបស់ខ្លួននោះ គប្បីតែត្រូវបានថ្កោលទោស និងត្រូវរកវិធីចាត់ការមេខ្លោងក្រុមជ្រុលនិយមនោះវិញ តាមរយៈផ្លូវច្បាប់ និងការទូត។
*តើកម្ពុជាអាចប្តឹងជាអន្តរជាតិចំពោះបុគ្គល ដែលបង្កើតភាពញុះញង់ជាប្រព័ន្ធដែលគំរាមកំហែងសន្តិសុខជាតិដែរឬទេ?
ពិតមែនហើយ កម្ពុជាបានអនុវត្តការពង្រឹងច្បាប់ជាតិរបស់ខ្លួនរួចទៅហើយ ក្នុងការរារាំងការផ្សាយព័ត៌មានមិនពិត ឬព័ត៌មានញុះញង់នយោបាយ ដែលចង់បង្កភាពចលាចល ឬ អស្ថិរភាពនយោបាយនៅក្នុងប្រទេស…ហើយកម្ពុជា នឹងកាន់តែពង្រឹងថែមទៀតផងដែរនូវការពង្រឹងច្បាប់របស់ខ្លួន ដើម្បីរារាំងបុគ្គលណាដែលទទួលបទបញ្ជាពីបរទេសក្នុងការញុះញង់រៀបចំឲ្យមានអំពើហិង្សា ឬអស្ថិរភាពនយោបាយ។
សំណួរមួយដែលលេចឡើងនោះគឺថា តើកម្ពុជាគប្បីអាចមានវិធានការដាក់ទោស ដូចជាការដកសញ្ជាតិចេញពីបុគ្គលដែលអាងសញ្ជាតិ២ រស់នៅបរទេសបានដែរឬទេ? បើសិនជារកឃើញថា មានពិរុទ្ធពីបទញុះញង់ ឬក្បត់ជាតិ មកលើប្រទេសកម្ពុជាខ្លួនឯងនោះ?
គួរបញ្ជាក់ថារដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ក្នុងច្បាប់ស្តីពីសញ្ជាតិ មិនបានចែងលើករណីដកសញ្ជាតិខ្មែរចេញបានឡើយ ប៉ុន្តែវិធានការច្បាប់ដាក់ទោសដកសញ្ជាតិនេះ ត្រូវគេឃើញអនុវត្តនៅក្នុងសហរដ្ឋអាមេរិក, នៅប្រទេសកាណាដា, នៅប្រទេសជាច្រើនក្នុងសហភាពអឺរ៉ុប ដូចជាបែលហ្សីក ប៊ុលហ្គារី, ដាណឺម៉ាក, ហូឡង់, អាល្លឺម៉ង់, អៀកឡង់ និងអូទ្រីសជាដើម បើសិនមានការរកឃើញថា បុគ្គលនោះប្រព្រឹត្តទោសញុះញង់ធ្ងន់ធ្ងរ ឬទោសក្បត់ជាតិជាដើម។
កម្ពុជាគប្បីធ្វើចំណាត់ការផ្លូវច្បាប់ជាអន្តរជាតិផ្សេងទៀត ដូចជាកត្តាបត្យាប័ន ដោយកម្ពុជា អាចពង្រឹងកិច្ចព្រមព្រៀងទ្វេភាគីជាមួយបរទេស ដើម្បីជួយសម្រួលដល់ការធ្វើបត្យាប័នបុគ្គល ដែលបំពានច្បាប់កម្ពុជា នៅពេលដែលបុគ្គលនោះស្នាក់នៅក្រៅប្រទេស…និងកម្ពុជា អាចប្រើប្រាស់សេចក្តីជូនដំណឹងក្រហមតាមរយៈប៉ូលីសអន្តរជាតិ INTERPOL ដើម្បីស្វែងរកការចាប់ខ្លួន និងធ្វើបត្យាប័នបុគ្គល នោះមកឱ្យរាជរដ្ឋាភិបាលកម្ពុជា។
កម្ពុជា ក៏អាចមានលទ្ធភាពប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឬអង្គការសហប្រជាជាតិ ដើម្បីស្វែងរកចំណាត់ការផ្លូវច្បាប់អន្តរជាតិ ប្រឆាំងនឹងបុគ្គលដែលចូលរួមក្នុងការញុះញង់ជាប្រព័ន្ធដែលគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខជាតិកម្ពុជាផងដែរ។
កម្ពុជា អាចប្រើប្រាស់មធ្យោបាយមួយទៀត ក្នុងការធ្វើទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ដូចជាក្រុមហ្វេសប៊ុក ជាដើម ដើម្បីអាចជួយទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងការញុះញង់នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់បុគ្គល ដែលចង់ញុះញង់ និងចង់បណ្តេញសន្តិភាពចេញពីប្រទេសកម្ពុជា។
កម្ពុជា ក៏នៅមានវិធានការផ្សេងដទៃទៀតនោះគឺ កម្ពុជាគប្បីត្រូវធ្វើការទូតជាមួយប្រទេសម្ចាស់ផ្ទះ ដូចជាបារាំង ដើម្បីឱ្យ សម រង្ស៊ី ដែលមានសញ្ជាតិ២នោះ ត្រូវទទួលខុសត្រូវចំពោះការញុះញង់ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពដល់ប្រទេសកម្ពុជាដែលទើបនឹងមានសន្តិភាព២៦ឆ្នាំរួចមកនេះ។
កម្ពុជា ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលជិត៣០ឆ្នាំ មានប្រជាពលរដ្ឋរបស់ខ្លួនបាត់បង់ជីវិតច្រើនលាននាក់ ដោយសារតែការគ្មានវិធីទប់ស្កាត់នូវព័ត៌មានបំពុលដែលចោទថា សម្តេចព្រះ នរោត្តម សីហនុ បានលក់ទឹកដីខ្មែរឱ្យយួនយៀកកុង យៀកណាមខាងជើង។ ព័ត៌មានបំពុល ដែលគ្មានវិធានការទប់ស្កាត់នោះ បានបង្កើតឡើងនូវវិនាសកម្មយ៉ាងធំធេងដល់ប្រជាជាតិខ្មែរ… ហើយប្រទេសកម្ពុជា មិនចង់ឱ្យព័ត៌មានបំពុលប្រកបដោយមហិច្ឆតានយោបាយ ដ៏ខ្មៅកខ្វក់ដដែលៗ កើតមានសាជាថ្មីលើទឹកដីដែលមានសន្តិភាពរួច២៦ឆ្នាំ ក្រោមនយោបាយឈ្នះឈ្នះ ដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អគ្គមគ្គុទេសក៍ឆ្នើមរបស់ប្រទេសកម្ពុជានាបច្ចុប្បនុ្នឡើយ។
ទោះបីជាសេរីភាពនៃការបញ្ចេញមតិ គឺជាសិទ្ធិជាមូលដ្ឋានក៏ពិតមែន ប៉ុន្តែក៏មិនត្រូវរំលោភបំពាន ដោយបណ្តោយឱ្យបុគ្គលមានសញ្ជាតិ២ និងបក្ខពួកធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងបំណងចង់ធ្វើឱ្យប្រទេសជាតិ វិលត្រឡប់ទៅរកអស្ថិរភាព ឬញុះញង់ឱ្យមានអំពើហិង្សាវិញនោះទេ។ សហគមន៍អន្តរជាតិ ត្រូវតែទទួលស្គាល់តម្រូវការសម្រាប់យន្តការច្បាប់ដែលរឹងមាំជាងមុន ដើម្បីទប់ស្កាត់ការញុះញង់ដែលមានហេតុផលនយោបាយ ចង់គំរាមកំហែងដល់អធិបតេយ្យភាពជាតិរបស់កម្ពុជា។ តាមរយៈការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ កម្ពុជាអាចការពារសន្តិភាពដែលរកបានដោយលំបាក និងបន្តគន្លងនៃវឌ្ឍនភាពជាតិ។
ដូច្នេះទង្វើរបស់មេខ្លោងក្រុមជ្រុលនិយម សម រង្ស៊ី ដែលតែងប្រើសញ្ជាតិពីរ ដើម្បីគេចពីការទទួលខុសត្រូវរបស់ខ្លួន ក្នុងពេលញុះញង់ឲ្យមានភាពចលាចលនោះ មិនត្រូវបានអត់ឱនឲ្យសោះឡើយ។ ដើម្បីធានាបាននូវស្ថិរភាព, កម្ពុជា គ្មានជម្រើសអ្វីឡើយក្រៅពីការប្រើប្រាស់វិធានការផ្លូវច្បាប់ និងការទូតរបស់ខ្លួន ដើម្បីប្រឆាំងនឹងអំពើញុះញង់ផ្នែកនយោបាយរបស់បុគ្គល សម រង្ស៊ី នោះឡើយ៕