(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង បានឱ្យដឹងថា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការចង្អុលណែនាំរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកស្រី កែ សួនសុភី ស សុខា រដ្ឋបាលខេត្ត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តព្រៃវែង ២០២៥» ដែល ទៅរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅទីរួមខេត្តព្រៃវែង។

ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តព្រៃវែង ២០២៥ៗនេះ គឺជាទំនៀមទំលាប់ប្រពៃណីជាតិខ្មែរដ៏ល្អផូរផង់តាំងពី បុរាណកាលមក ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រារព្ធឡើង ក្នុងគោលបំណងអបអរសាទរទទួលទេព្តាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ 

ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីសម័យ ការរាំលេងកម្សាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារប្រើប្រាស់ក្នុងស្រុក លេងល្បែងប្រជាប្រិយ ការសម្តែងក្បាច់គុនបុរាណខ្មែរ ការបង្ហោះគោម និងបាញ់កាំជ្រួច ពិសេសខេត្តមានរៀបចំកម្មវិធីលេងកំសាន្តតំបន់ត្រជាក់ចិត្ត (នៅសួនច្បារសម្តេច ជា ស៊ឹម) និងព្រឹត្តិការណ៍កម្សាន្តផ្សេងៗរួមមាន៖ ការប្រឡងចម្រៀង ប្រឡងបវរកញ្ញាស្រីស្រស់ប្រុសស្អាត និងបវរកញ្ញាវ័យចំណាស់ ការប្រកួតអុកចត្រង្គ ប្រដាល់ក្បាច់គុនបុរាណខ្មែរ ការសម្តែងក្បាច់គុនបុរាណខ្មែរយុទ្ធក្រមខម ការសម្តែងទស្សនីយភាពល្ខោន យីកេខ្នាតធំ រឿងតេជោជ្រែកដី កម្មវិធីឡើងសសរខ្លាញ់យករង្វាន់ម៉ូតូ។ល។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ។ ព្រឹត្តិការណ៍នេះក៏មានការផ្សាយបន្តផ្ទាល់តាមរយៈផេកផ្លូវការរដ្ឋបាលខេត្តព្រៃវែង ផេកត្រយ៉ង និងផេកផ្លូវការនានាក្នុងខេត្តព្រៃវែង។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញ សម្តេច ទ្រង់លោក លោកស្រី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្តសប្បាយរីករាយឱ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រៃវែង៕