(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តតាកែវ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សភាពាណិជ្ជកម្មខេត្តតាកែវ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន រៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅខេត្តតាកែវ។

តាមរយៈសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ ធ្វើឡើង ដើម្បីលើកកម្ពស់តម្លៃនៃផលិតផលក្នុងស្រុក ជំរុញសេវាកម្ម ទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ នៅខេត្តជាប់ដងទន្លេក្នុងប្រទេសកម្ពុជា។

សូមជម្រាបថា នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ហើយនឹងមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងរដ្ឋបាលរាជធានី-ខេត្ត សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ វិស័យឯកជន អ្នកផលិតមាតិកា និងភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ ជាច្រើនពាន់នាក់។

ក្នុងន័យនេះ ដើម្បីជំរុញឲ្យព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការអន្តរក្រសួង នឹងរៀបចំកម្មវីធីសំខាន់ៗ ដូចខាងក្រោម៖

ទី១៖ ការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥។

ទី២៖ ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការ និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ។

ទី៣៖ សកម្មភាពកីឡាទេសចរណ៍ជាលក្ខណៈមហាជន ដោយមានសកម្មភាពកីឡាជាច្រើន កម្មវិធីបង្ហោះគោមនៅពេលរាត្រី និងកម្មវិធីកម្សាន្តជាច្រើនផ្សេងៗទៀត៕