(ភ្នំពេញ)៖ ក្រុមការងារគណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារបច្ចេកទេសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរៀបចំពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ២០០គ្រឿង ក្រោមអធិបតី លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគណៈកម្មការបរិវត្តកម្មឌីជីថល។
ពិធីប្រគល់-ទទួលកុំព្យូទ័រនេះ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃគណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ផងដែរ។
នាឱកាសនោះ លោក ជា វ៉ាន់ដេត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានដោយផ្ទាល់របស់ លោករដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន និងថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានកោតសរសើរចំពោះការយកចិត្តទុកដាក់របស់ លោករដ្ឋមន្ដ្រី ក្នុងការអភិវឌ្ឍសមត្ថភាពរបស់មន្ដ្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើឱ្យប្រសើរឡើងលើការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន។ រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ ក៏បានបញ្ជាក់ពីវិស័យអាទិភាពរបស់ក្រសួងប្រៃសនីយ៍ និងគមនាគមន៍ ជូនគណៈប្រតិភូដែលអញ្ជើញមកនាពេលនេះផងដែរ។
ជាមួយគ្នានេះ លោក ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណជូនចំពោះរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមការងារបច្ចេកទេសរបស់ក្រសួង ដែលបានផ្ដល់កិច្ចសហការល្អ និងគាំទ្រដល់ក្រុមការងារគណៈកម្មការបរិវត្តកម្មឌីជីថល នៃក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់អ៊ីនធឺណិត ព្រមទាំងការបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានផ្តល់នូវកុំព្យូទ័រចំនួន ២០០គ្រឿង ដើម្បីអនុវត្តការងារឌីជីថលប្រចាំក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្ដី ក៏បានជម្រាបជូនពីវិស័យអាទិភាពទាំង ៥ របស់ក្រសួង ដោយផ្ដោតទៅលើការអភិវឌ្ឍន៍សហគមន៍ជនបទឌីជីថល និងចលនាភូមិគំរូសំដៅកសាងតំបន់ជនបទប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ។
សូមជម្រាបជូនថា ពិធីប្រគល់-ទទួលកុំព្យូទ័រចំនួន ២០០គ្រឿង មានកុំព្យូទ័រលើតុ (Desktop) ចំនួន ១០០គ្រឿង និងកុំព្យូទ័រយួរដៃ (Laptop) ចំនួន ១០០គ្រឿង ដែលកុំព្យូទ័រទាំងនេះ គឺជាចំណែកមួយដ៏សំខាន់ ក្នុងការចូលរួមជំរុញល្បឿនកំណែទម្រង់បរិវត្តកម្មឌីជីថលកម្ពុជា សំដៅជំរុញដល់ការបង្កើនប្រសិទ្ធភាពការងារ និងការលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈជូនដល់សាធារណៈជន៕