(សៀមរាប)៖ ថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៥ លោកស្រី ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជេីញចូលរួមបេីកពិធីពិនិត្យព្យាលបាលវះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជូនអ្នកជំងឺដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកស្រី បានមានប្រសាសន៍ថា៖ តាមរយៈរបាយការណ៍របស់លោកអនុប្រធានមន្ទីរសុខាភិបាលខេត្ត បានកសាងនូវសមិទ្ធផលផ្សេងៗ និងការខិតខំប្រឹង ប្រែងរបស់លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់បណ្តាលក្រុងស្រុក ពិសេសការយកចិត្តទុកដាក់ថែទាំសុខភាព និងការព្យាបាលជូនអ្នកជំងឺ ដោយមិនគិតពីពេលវេលា និងការនឿយហត់។ នេះជាការទទួលខុសត្រូវធំធេងណាស់របស់ពួកគាត់ ហើយក៏ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដែលត្រូវបានយកចិត្តទុកដាក់ធានាបាននូវផាសុខភាព សុខុមាលភាពសង្គម និងការផ្តល់សេវាកម្មប្រកបដោយគុណភាព និងប្រសិទ្ធភាព ជូនភ្ញៀវជាតិ និងអន្តរជាតិ ផងដែរ។
និងដោយមានកិច្ចសហប្រតិបត្តិការល្អ រវាងអង្គការស្នាមញញឹមកម្ពុជា និងការសម្របសម្រួលរបស់អគ្គកុងស៊ុលចិន ប្រចាំតំបន់សៀមរាប ព្រមទាំងមានការគាំទ្រពីក្រសួងសុខាភិបាល ថ្ងៃនេះរដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាលខេត្តបានរៀបចំកម្មវិធីពិនិត្យ ព្យាបាលការវះកាត់ ដោយឥតគិតថ្លៃ ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការ ភាពមុខមាត់ផ្សេងៗ ដោយក្រុមគ្រូពេទ្យឯកទេសស្ម័គ្រចិត្ត ជូនបងប្អូនប្រជាពលរដ្ឋទូទៅ ដែលមានបំណងចង់វះ កាត់ និងព្យាបាល។
លោកស្រី បន្តថា៖ អង្គការស្នាមញញឹមកម្ពុជាបានចុះបេសកកម្មដឹកនាំគ្រូពេទ្យស្ម័គ្រចិត្តឯកទេស ផ្នែកវះកាត់មាត់ឆែប និងក្រអូមមាត់ឆែប នៅខេត្តសៀមរាបយើងចំនួន ១២ដងរួចមកហើយ ក្នុងនោះបានពិនិត្យអ្នកជំងឺសរុបចំនួន ៦១៥នាក់ និងវះកាត់ព្យាលបាលសរុបចំនួន ៤៤៣នាក់។ ថ្ងៃនេះ គឺជាបេសកម្មលើកទី១៣ហើយ មិនតែប៉ុណ្ណោះអង្គការស្នាមញញឹមកម្ពុជា បានរៀបចំកម្មវិធីរៃអង្គាសថវិកា តាម រយៈដើរ "ដើម្បីស្នាមញញឹម" នៅតំបន់អង្គរចំនួន ៧ដងទៀតផង។
លោកស្រី សូមថ្លែងអំណរគុណចំពោះបេសកកម្មទាំង ១៣លេីករបស់អង្គការស្នាមញញឹមកម្ពុជាដែលបានជួយដល់ប្រជាជនខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ក៏សូមចូលរួមអបអរសាទរ ចំពោះជ័យលាភី អង្គភាពផ្តល់សេវា សាធារណៈគំរូ វិស័យសុខាភិបាល ឆ្នាំ២០២៤ ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស សម្រាប់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាបរបស់យើងនេះ និងសូមសម្តែងនូវការកោកសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃរបស់មន្ទីរ សុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្តសៀមរាប លោកគ្រូ អ្នកគ្រូពេទ្យ មន្ត្រីបុគ្គលិកទាំងអស់ ដែលបានលះបង់ អស់កម្លាំងកាយចិត្តបំពេញការងារប្រកបដោយវីជ្ជាជីវៈ៕