(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់អ៊ែនមូន រីវើសាយ ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គណៈកម្មាធិការជាតិ ការពារអ្នកប្រើប្រាស់ «គ.ជ.ក.ប.» បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាសិទ្ធិអ្នកប្រើប្រាស់ ពិភពលោក២០២៥ និងសន្និសីទស្ដីពីសិទ្ធិអ្នកប្រើប្រាស់ ក្រោមប្រធានបទ “ការផ្លាស់ប្ដូរឆ្ពោះទៅរកការរស់នៅប្រកបដោយចីរភាព (Just Transition to Sustainable Lifestyles)” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយមានការអញ្ជើញ ចូលរួមពី លោក ចូស្ត ស្កាដែល (Jost Kadel) ភារធារី និងជាប្រធានបេសកកម្មថ្មី នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំង លោក លោកស្រី តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងតំណាងវិស័យឯកជននានាជាច្រើនរូប។
ថ្លែងក្នុងឱកាសនេះ លោកស្រីរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំនូវកម្មវិធីនេះឡើង ដើម្បីពង្រឹងការយល់ដឹងអំពីសិទ្ធិនិងកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ ជំរុញការបង្កើតទីផ្សារប្រកបដោយសុចរិតភាព គុណភាព និងភាពសម្បូរណ៍បែបលើផលិតផលទំនិញ និងសេវា ផ្តល់ជាជម្រើសដ៏ប្រសើរដល់អ្នកប្រើប្រាស់ដែលជាកម្លាំងចលករដ៏សំខាន់នៃការរុញច្រាន ដល់កំណើនសេដ្ឋកិច្ចសង្គម។
លោកស្រីរដ្ឋមន្រ្តី បញ្ជាក់ថា នៅប្រទេសកម្ពុជា ចាប់តាំងពីច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ត្រូវបានអនុម័តដាក់ឱ្យប្រើកាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងពាណិជ្ជកម្ម ដោយមានកិច្ច សហការរបស់ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បាននិងកំពុងបន្តផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិនានាជូនដល់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន នៅតាមបណ្តារាជធានី ខេត្ត និងបានបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តយន្តការជាក់លាក់ ដើម្បីការពារអ្នកប្រើប្រាស់ ក្នុងនោះរួមមាន៖ (១). ការកសាងបទប្បញ្ញត្តិក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីបង្កើនការការពារសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ (២). ការជំរុញការប្រកួតប្រជែងដោយសុចរិត និងការធ្វើសកម្មភាពធុរកិច្ច ជាមួយគ្នាដោយមានទំនុកចិត្ត (៣). កិច្ចសហការជាមួយអង្គការជាតិ និងអន្តរជាតិ ដើម្បីអភិវឌ្ឍគោលនយោបាយការពារ អ្នកប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព ។
លោកស្រីរដ្ឋមន្រ្តី បានបន្ថែមថា ការការពារសិទ្ធិអ្នកប្រើប្រាស់ មិនមែនជាកាតព្វកិច្ច របស់បុគ្គលណាមួយឡើយ តែជាកិច្ចការនិងជាផលប្រយោជន៍ រួមរបស់យើងទាំងអស់គ្នា ព្រោះការគាំពារអ្នកប្រើប្រាស់ គឺជាការគាំពារដល់ខ្លួនយើងទាំងអស់គ្នា ហើយក្នុងនាមជាអ្នកប្រើប្រាស់ យើងមានសិទ្ធិទទួលបាននូវផលិតផលទំនិញ និងសេវាមានគុណភាព និងសុវត្ថិភាព ជាពិសេសយើងមានសិទ្ធិទទួលបាននូវព័ត៌មានដែលត្រឹមត្រូវ និងគ្រប់គ្រាន់ព្រមទាំងមានសិទ្ធិទទួលបាននូវដំណោះស្រាយ នៅពេលដែលសិទ្ធិនិងផលប្រយោជន៍របស់យើង ត្រូវបានបំពាន។
មុននឹងបញ្ចប់ លោកស្រីរដ្ឋមន្រ្តី បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈកម្មវិធីអបអរសាទរទិវាសិទ្ធិអ្នកប្រើប្រាស់ពិភពលោកនាថ្ងៃនេះ ភាគីពាក់ព័ន្ធទាំងអស់ នឹង ទទួលបាននូវចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ ព្រមទាំងបន្តចូលរួមក្នុង ការពង្រឹងកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជាឱ្យកាន់តែទូលំទូលាយ៕