(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានចាត់ទុកលោក រ៉ូឌ្រីហ្គូ ឌុយទែតេ (Rodrigo Duterte) អតីតប្រធានាធិបតីហ្វីលីពិន ជា «វីរបុរស» ព្រោះកែសង្គមមួយពោរពេញទៅដោយគ្រឿងញៀនត្រូវតែប្រើកណ្ដាប់ដៃដែក ហើយដុំពេជ្រ (លោក រ៉ូឌ្រីហ្គូ ឌុយទែតេ) បែបនេះ គឺមានមិនច្រើនទេលើលោកនេះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកបណ្ឌិតសភាចារ្យ។

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បច្ចុប្បន្នត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ហើយលោកនឹងត្រូវបង្ហាញខ្លួនជាលើកដំបូងនៅឯសវនាការតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅថ្ងៃសុក្រ ទី១៤ ខែមីនា (ម៉ោងនៅទីក្រុងឡាអេ ប្រទេសហូឡង់) ខណៈអតីតប្រធានាធិបតីហ្វីលីពីន រូបនេះនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងសង្រ្គាមប្រឆាំងគ្រឿងញៀនរបស់លោក។

ជុំវិញការចាប់ខ្លួន និងចោទប្រកាន់អតីតប្រធានាធិបតីហ្វីលីពិន ខាងលើនេះត្រូវបានបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានបង្ហាញការចាប់អារម្មណ៍ផ្ទុយពីអ្វីដែលតុលាការ ICC កំពុងសម្លឹងឃើញនោះគឺលោកបណ្ឌិតសភាចារ្យ ចាត់ទុកលោក Rodrigo Duterte ជា «វីរបុរស» ក្រោមហេតុផល៨ចំណុចគឺ៖

១៖ មុនលោកឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី លោកបានដាក់កម្មវិធីនយោបាយកំទេចគ្រឿងញៀន។
២៖ អ្នករកស៊ីគ្រឿងញៀនមិនខ្លាចទេគុគច្រវាក់។
៣៖ អ្នកញៀននិងគ្រឿងញៀនហ៊ានធ្វើអ្វីៗទាំងអស់ឱ្យតែបានយកមកប្រើ។
៤៖ សង្គមមួយពោពេញទៅដោយគ្រឿងញៀនគ្មានទេសណ្តាប់ធ្នាប់។
៥៖ កែសង្គមមួយពោរពេញទៅដោយគ្រឿងញៀនត្រូវតែប្រើកណ្ដាប់ដៃដែក។
៦៖ ការធ្វើដើម្បីសង្គមត្រូវតែហ៊ានពលិកម្មដើម្បីបុព្វហេតុមនុស្សជំនាន់ក្រោយ។
៧៖ លោកមិនបានយកផលប្រយោជន៍ពីគ្រឿងញៀន ដើម្បីមានបានក្នុងគ្រួសារក៏ដូចខ្លួនគាត់ឡើយ។
៨៖ ដុំពេជ្របែបនេះ គឺមានមិនច្រើនទេលើលោកនេះ។

សូមជម្រាបថា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥កន្លងទៅ រដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន របស់លោក Ferdinand Marcos Jr បានចាប់ខ្លួន និងបញ្ជូនអតីតប្រធានាធិបតី លោក Rodrigo Duterte តាមជើងហោះហើរពិសេសមួយឆ្ពោះទៅកាន់ទីក្រុងឡាអេ ជាទីដែលលោកនឹងត្រូវបង្ហាញខ្លួនក្នុងសវនាការ ជំនុំជម្រះនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធសង្រ្គាមប្រឆាំងគ្រឿងញៀន ដែលលោក Duterte បានដឹកនាំហ្វីលីពីន នាឆ្នាំ២០១៦ ដល់ឆ្នាំ២០២២។ តាមរយៈបទចោទនេះលោកនឹងក្លាយជាអតីតមេដឹកនាំដំបូងម្នាក់ ក្នុងតំបន់អាស៊ីដែលនឹងត្រូវឡើងសវនាការនៃតុលាការ ICC។ តាមដីកាចាប់ខ្លួនរបស់ ICC លោក Duterte បានបង្កើត និងផ្ដល់មូលនិធិ ដល់មន្ត្រីប្រដាប់អាវុធមួយ ក្រុមដែលបានសម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់៕