(ភ្នំពេញ)៖ ក្នុងនាមជាអ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខ លោក ថុង ម៉េងដាវិត បានបង្ហាញទស្សនៈរបស់លោកជុំវិញ ការមើលឃើញថា «តៃវ៉ាន់កំពុងតែមើលឃើញតែជ្រុងអវិជ្ជមានលើប្រទេសកម្ពុជា ក្រោមស្រមោលនៃការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត» មកកាន់បណ្ដាញព័ត៌មាន Fresh News ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖

កាលពីពេលថ្មីៗនេះ តៃវ៉ាន់បានចេញសេចក្តីប្រកាស ដែលកំណត់ទោសលើប្រទេសអាស៊ីអាគ្នេយ៍ចំនួនប្រាំដែលមានការឆបោក និងក្លែងបន្លំតាមអ៊ីនធឺណិតច្រើនជាងគេក្នុងនោះមានដូចជា ឡាវ ថៃ វៀតណាម មីយ៉ានម៉ា និងកម្ពុជា ដែលត្រូវបានកំណត់ជាប្រទេសដែលមាន «ហានិភ័យខ្ពស់» ជាងគេបំផុត។

ក្នុងន័យការពារប្រជាពលរដ្ឋរបស់ខ្លួន ការិយាល័យអន្តោប្រវេសន៍ និងអាកាសចរណ៍របស់តៃវ៉ាន់ បានប្រកាសឱ្យប្រជាពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នពីការបោកប្រាស់ផ្សេងៗ និងផ្សព្វផ្សាយមិនធ្វើដំណើរមកកម្ពុជា។ រាល់ក្រុមហ៊ុនអាកាសចរណ៍ក្នុងតៃវ៉ាន់ តម្រូវឱ្យចូលរួមក្នុងការផ្សព្វផ្សាយអំពីបញ្ហានេះ។ ការណ៍នេះបានជំរុញឱ្យប្រជាជនតៃវ៉ាន់មានការយល់ច្រលំ និងគិតអវិជ្ជមានមកលើប្រទេសកម្ពុជា។ ការវាយតម្លៃមកលើប្រទេសកម្ពុជាដោយមិនបានសិក្សាគ្រប់ជ្រុងជ្រោយ និងការវាយតម្លៃលឿនពេកពីសំណាកតៃវ៉ាន់ គឺមិនបានឆ្លុះបញ្ជាំងអំពីទិដ្ឋភាពជាក់ស្ដែងនៃប្រទេសកម្ពុជានោះឡើយ។

ប៉ុន្មានថ្ងៃបន្ទាប់ពីសេចក្តីប្រកាសព័ត៌មានខាងលើត្រូវបានប្រកាសជាសាធារណៈ លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរកម្ពុជា បានសម្តែងនូវការមិនពេញចិត្ត និងខកចិត្តយ៉ាងខ្លាំងចំពោះការណែនាំរបស់ក្រសួងមហាផ្ទៃតៃវ៉ាន់។ លោកស្រីបញ្ជាក់ផងដែរថា បញ្ហាឆបោក និងក្លែងបន្លំនៅតាមអ៊ីនធឺណិត គឺជាបញ្ហាសកល មិនគួរដាក់បន្ទុកមកលើប្រទេសកម្ពុជាចំៗបែបនេះឡើយ។

លោកស្រី បានបន្ថែមទៀតថា៖ «ការផ្សព្វផ្សាយនូវព័ត៌មានបែបនេះអាចធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាជាខ្លាំង និងធ្វើឱ្យប្រទេស ដែលជាដៃគូអភិវឌ្ឍន៍របស់កម្ពុជាមានការភ័ន្តច្រលំផងដែរ»។ លោកស្រីបានបញ្ចាក់ផងដែរថា ព័ត៌មានទាំងនេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត និងមានភាពអយុត្តិធម៌ ដែលបង្កើតឱ្យមានការភ័ន្តច្រឡំដល់សាធារណៈជន និងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាប្រទេសដទៃទៀតផងដែរ។

គេកត់សម្គាល់ថាការយល់ឃើញរបស់សង្គមតៃវ៉ាន់មកលើកម្ពុជា គឺជាប្រទេសដែលមានការឆបោក និងក្លែងបន្លំនៅតាមប្រព័ន្ធអ៊ីនធឺណិតខ្ពស់ជាងគេក្នុងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយគេហទំព័រដ៏ល្បីមួយឈ្មោះថា «PTT» របស់តៃវ៉ាន់បានដាក់បញ្ចូលមាតិកាដោយមានភ្ជាប់ចំណងជើងថា «ការបោកប្រាស់នៅប្រទេសកម្ពុជា (CAMBODIA SCAMS)» រហូតដល់ទៅ ២៧។ បណ្ដាញសង្គមរបស់តៃវ៉ាន់ បាននិងកំពុងបន្តផ្សព្វផ្សាយព័ត៌មានមិនមានភាពគ្រប់ជ្រុងជ្រោយខាងលើនេះផងដែរ ដោយពួកគេបានផ្សព្វផ្សាយថាការធ្វើដំណើរមកកម្ពុជាដើម្បីបំពេញការងារ ឬក្នុងដំណើរទេសចរណ៍ នឹងប្រឈមនឹងបញ្ហាឆបោកជាក់ជាមិនខាន។

នៅក្នុងបណ្ដាញសង្គមតៃវ៉ាន់ គេបានប្រើប្រាស់ពាក្យ «កម្ពុជា» ប្រៀបទៅនឹងការឆបោក ដោយលើកយកសំណុំរឿងដែលកើតឡើងនៅក្នុងឆ្នាំ២០២២ នៅទីក្រុងតាយយាន កោះតៃវ៉ាន់ពាក់ព័ន្ធទៅនឹងការបោកប្រាស់បុគ្គលិកជនជាតិតៃវ៉ាន់ចំនួន ៦១នាក់ពីសំណាកប្រទេសកម្ពុជា។ បន្ថែមពីនេះ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ គេហទំព័រយូធូបរបស់ជនជាតិតៃវ៉ាន់មួយដែលមានឈ្មោះថា «Goodnight Chicken» បានបង្ហោះវីដេអូមួយដែលនិយាយថាគាត់ត្រូវបានគេចាប់ពង្រត់ និងធ្វើបាបនៅក្នុងខេត្តព្រះសីហនុ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសហគមន៍ព័ត៌មានអន្តរជាតិ ដូចជា BBC DW RFA ជាដើម។

ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមការអង្កេតរបស់ក្រុមមន្រ្តីជំនាញបានបញ្ជាក់ថា «Goodnight Chicken» និងបក្ខពួក មានចេតនាធ្វើដំណើរមកកម្ពុជា ដើម្បីបង្កើតមាតិកាក្លែងក្លាយដើម្បីទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធអ៊ីនធឺណិត។ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ពួកគេត្រូវបានកាត់ទោសពីបទ «ញុះញង់និងបង្កភាពវឹកវរក្នុងសង្គម» និងផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤លានរៀល (១.០០០ ដុល្លារ)។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជំហរមិនអត់ឱន និងប្រកាសដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងចំពោះអ្នកផលិតមាតិកាណាដែលមានចេតនាផលិតមាតិកាក្លែងក្លាយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា។

ការបន្តផ្សព្វផ្សាយនូវព័ត៌មានមិនពិត និងមិនប្រាកដប្រជារបស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ បាននិងកំពុងរុញច្រាន កម្ពុជាឱ្យក្លាយទៅជាប្រទេសដែលពោរពេញទៅដោយការបោកប្រាស់ និងភាពក្លែងបន្លំទូទាំងផ្ទៃប្រទេសដែលហាក់ដូចជាខ្វះការគោរពមកលើកម្ពុជា និងផ្ទុយពីការពិតដែលកម្ពុជាជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ វប្បធម៌ដ៏សម្បូរបែប និងកំពុងអបអរសាទរជាមួយនឹងសន្តិភាពយ៉ាងពេញលេញ។

ជាក់ស្ដែងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តខិតខំប្រឹងប្រែងប្រើប្រាស់គ្រប់យុទ្ធសាស្រ្តនិងវិធីសាស្រ្តក្នុងការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតរហូតទៅដល់ការបង្កើតឡើងនូវ គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិត ដែលជាក្រុមការងារពិសេសដឹកនាំ ដោយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ទាល់តែម្ដង។

ក្រៅពីប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ តៃវ៉ាន់ក៏ធ្លាប់បានវាយប្រហារមកលើប្រទេសកម្ពុជាដោយផ្ទាល់ពីស្ថាប័នសាធារណៈផងដែរ។ ជាក់ស្ដែងកាលពីឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ចរបស់តៃវ៉ាន់ បានបោះពុម្ពឯកសារមគ្គុទ្ទេសក៍វិនិយោគដោយបានរិះគន់កម្ពុជាចំៗ ចំពោះកម្រិតគ្រប់គ្រងរដ្ឋបាលជាន់ទាបរបស់កម្ពុជា និងអំពើពុករលួយ ដែលតែងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ដែលបានជះឥទ្ធិពលអវិជ្ជមានលើកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយបណ្តាប្រទេសដទៃទៀត។

ការវាយតម្លៃទាំងអស់របស់តៃវ៉ាន់ ភាគច្រើនផ្អែកលើករណីបញ្ហាបុគ្គល ឬព័ត៌មានគ្មានប្រភពច្បាស់លាស់ ហើយកង្វះខាតការស្រាវជ្រាវស៊ីជម្រៅ ក៏ជាផ្នែកមួយដែលជាហេតុធ្វើឱ្យមានការភ័ន្តច្រលំ។ កិច្ចសហប្រតិបត្តិការកម្ពុជា-តៃវ៉ាន់ គួរតែផ្អែកលើការគោរពគ្នាទៅវិញទៅមក យកចិត្តទុកដាក់ប្រកបដោយតុល្យភាព និងកិច្ចសន្ទនាបែបស៊ីជម្រៅ ដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើង និងបញ្ហាដែលអាចនឹងកើតមានឡើងបន្ថែមទៀតនាពេលខាងមុខ។

ដើម្បីកាត់បន្ថយការយល់ច្រលំរវាងគ្នានិងគ្នា ភាគីទាំងពីរគួរតែមានកិច្ចសន្ទនាជាមួយគ្នា ដើម្បីជជែកវែកញែកឱ្យដាច់ស្រាច់ និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ តៃវ៉ាន់ គួរសិក្សាឱ្យបានស៊ីជម្រៅអំពីដើមចមនៃបញ្ហា និងអាចរាយការណ៍មករដ្ឋាភិបាលកម្ពុជាដើម្បីស្វែងរកដំណោះស្រាយរួម ដែលជាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងណែនាំដល់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនប្រកាន់ខ្ជាប់នូវគោលការណ៍ផ្សព្វផ្សាយព័ត៌មានដែលមិនប្រឌិត និងគ្រប់ជ្រុងជ្រោយ ដោយមិនចោទប្រកាន់ប្រទេសណាមួយដោយគ្មានភស្តុតាងច្បាស់លាស់នោះឡើយ។

បន្ថែមពីនេះ សារព័ត៌មានកម្ពុជានិងតៃវ៉ាន់ គួរសហការគ្នាក្នុងការផ្តល់ព័ត៌មានពិត និងតម្លាភាពពាក់ព័ន្ធនឹងការស៊ើបអង្កេតលើបញ្ហាសំខាន់ៗមួយចំនួន និងបង្កើនការផ្សព្វផ្សាយពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជាក្នុងការទប់ស្កាត់ និងកាត់បន្ថយការជួញដូរមនុស្សនៅកម្ពុជា។

កម្ពុជាគប្បីជំរុញបន្ថែមទៀតនូវការផ្សព្វផ្សាយអំពីព័ត៌មានតាមរយៈការបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការលើកកម្ពស់បរិយាកាសធុរកិច្ច ទាក់ទាញការវិនិយោគបរទេស និងកាត់បន្ថយអំពើពុករលួយ តាមរយៈការធ្វើកំណែទម្រង់ ក៏ដូចជាវប្បធម៌របស់ខ្លួនដល់សកលលោក និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសដៃគូរដើម្បីទាក់ទាញវិនិយោគ និងភ្ញៀវទេសចរណ៍អន្តរជាតិបន្ថែមទៀត។

ការផ្សព្វផ្សាយដោយភ្ជាប់ជាមួយនូវសារគន្លឹះដូចជា វិធានការបង្ក្រាបជនឆបោកតាមប្រព័ន្ធអ៊ីនធឺណិត និងវិធានការទប់ស្កាត់នានា ដើម្បីកាត់បន្ថយការយល់ច្រលំ និងស្ដារឡើងវិញនូវជំនឿទុកចិត្តពីសំណាកប្រជាជនតៃវ៉ាន់ និងបណ្ដាប្រទេសដទៃទៀតដែលកំពុងមើលឃើញតែពីភាពអវិជ្ជមានរបស់កម្ពុជា ក៏ជាកត្តាសំខាន់ដែលធ្វើឱ្យកម្ពុជាអាចស្តារឡើងវិញនូវទំនុកចិត្តទាំងក្នុងស្រុក និងក្រៅស្រុក ដោយបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ចំពោះតម្លាភាពយុត្តិធម៌ និងនីតិរដ្ឋ ខណៈពេលដែលកំពុងដោះស្រាយបញ្ហាប្រឈមនៃការប្រឌិតព័ត៌មានមិនពិត៕