(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងវេទិកាកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំនៅក្នុងយុគសម័យ ឌីជីថល ដែលប្រពឹត្តទៅនៅសកលវិទ្យាល័យប៊ែលធី អន្តរជាតិ (ស្ពានអាកាសចោមចៅ)។ ក្នុងនោះក៏មានការចូលរួមពីតំណាងមកពីក្រសួងស្ថាប័ន វិស័យឯកជន អង្គការមិនមែនរាជរដ្ឋាភិបាល សមាគមន៍ពាក់ព័ន្ធ គ្រឹះស្ថានអប់រំនានា និងសិស្សនុសិស្ស។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកចូលរួម ក្នុងវេទិកាមជ្ឈមណ្ឌលកម្ពុជា ៤.០ លើកទី៤ ស្តីពីភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងយុគសម័យឌីជីថល និងពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីភាពជាដៃគូក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង មជ្ឈមណ្ឌលកម្ពុជា ៤.០ និងសកលវិទ្យាល័យប៊ែលធី។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណវាគ្មិនកិត្តិយស ដែលបានចែករំលែក ព័ត៌មាន គោលនយោបាយ ទស្សនៈ និងបទពិសោធក៏ដូចជា គំរូអនុវត្តល្អៗ ជុំវិញប្រធានបទ «ភាពជាអ្នកដឹកនាំរបស់យុវជន នៅក្នុងយុគសម័យឌីជីថល»។
លោកបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ឲ្យកាន់តែមានភាពជិតស្និទ្ធនិងរឹងមាំបន្ថែមទៀត ក្នុងការអនុវត្តគម្រោងគាំទ្រនានា ដើម្បីជំរុញការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល ជាពិសេសលើការផ្សព្វផ្សាយមាតិកាខ្លឹមសារអំពីបច្ចេកវិទ្យាឌីជីថល សំដៅជំរុញការបញ្ជ្រៀប ការយល់ដឹងបន្ថែមទៅដល់គ្រប់ស្រទាប់មហាជន ជាពិសេសយុវជន ដើម្បីឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្រើន ពីដំណើរការវិវត្តិនៃបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីអាចសម្របខ្លួនបានទាន់ពេលវេលាទៅតាមការផ្លាស់ប្តូរនៃបច្ចេកវិទ្យា និងអាចទាញយកផលប្រយោជន៍ជាអតិបរមា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា។
បន្ថែមពីលើនេះ ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានបន្តទៀតថា ការពង្រីកវិសាលភាពនៃការចាប់យក បច្ចេកវិទ្យាឌីជីថល គឺពិតជាមានភាពចាំបាច់ និងចំពេលវេលា ខណៈពេលដែលរាជរដ្ឋាភិបាល បានកំណត់ទិសដៅក្នុងការកសាង សង្គមសេដ្ឋកិច្ច និងរដ្ឋាភិបាលឌីជីថល ដើម្បីធានាបានកំណើនសេដ្ឋកិច្ច រយៈពេលវែងសម្រាប់កម្ពុជាសំដៅឲ្យសម្រេចបាននូវចក្ខុវិស័យ២០៣០ និង២០៥០ ដោយមានប្រជាជនជាអាទិភាពជាចម្បងបំផុត។
លោកបានលើកឡើងទៀតថា មូលធនមនុស្ស គឺជាកម្លាំងចលករសំខាន់បំផុតមិនអាចខ្វះបាន ពោលគឺមនុស្ស និងបច្ចេកវិទ្យាត្រូវដើរទន្ទឹមគ្នា ដែលតម្រូវឲ្យកម្លាំងពលកម្មមានចំណេះ និងជំនាញអាចប្រើប្រាស់បាននូវបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពដើម្បីទាញយកសក្តានុពល និងផលប្រយោជន៍ពីបច្ចេកវិទ្យា ព្រមទាំងជំរុញស្មារតី នវានុវត្តន៍ និងការសិក្សាស្រាវជ្រាវ បង្កើតថ្មី សំដៅការបង្កើនភាពប្រកួតប្រជែង និងធានានិរន្តរភាព នូវការអភិវឌ្ឍប្រកបដោយ បរិយាបន្ន ដើម្បីសម្រេចបានចក្ខុវិស័យរបស់កម្ពុជា៕