(ព្រះវិហារ)៖ លោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមសេនាតេជោសន្តិភាព នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ឈរជើងការពារព្រំដែន កម្ពុជា-ថៃ នៅទីបញ្ជាការស្រាល ទិសមុខ៥មករា របស់កងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្នុងភូមិធម្មជាតិសម្តេចតេជោ ហ៊ុនសែន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ូ ណារិន មេបញ្ជាការរង និងជានាយសេនាធិការកងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយទាហន នាយទាហានរង និងពលទាហាន បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានលោក កែវ ផុង និងប្រតិភូ ដែលឈ្លាតពេលដ៏មមាញឹក ចុះសួរសុខទុក្ខកងទ័ព ដែលជាប្រពៃណីនៃការចុះសួរសុខទុក្ខជាប្រចាំ រវាងស្ថាប័នស៉ីវិល និងអង្គភាពជួរមុខ ដែលត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ពិធីសំណេះសំណាលនាឱកាសនេះ លោក កែវ ផុង ក៏បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយសម្តែងនូវការគោរពកោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ចំពោះការលះបង់គ្រប់បែបយ៉ាង របស់កងទ័ពក្នុងបុព្វហេតុរក្សាការពារ បូរណភាពទឹកដី និងប្រជាពលរដ្ឋ ដែលជាចំណែកមួយយ៉ាងធំធេង បាននាំមកនូវសុខសន្តិភាព។ 

លោកបានថ្លែងបន្តថា «គ្រឹះនៃការអភិវឌ្ឍរបស់សម្ដេចតេជោ ហ៊ុន សែន កំពុងបន្តខិតខំកសាងបន្ថែមទៀតដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីពិភពលោកកំពុងជួបសភាពការណ៍តានតឹងខ្លាំង ដោយសារនៅតាមបណ្តាប្រទេសមួយចំនួនក្តី ឬវិបត្តិសេដ្ឋកិច្ចពិភពលោក ព្រមទាំងវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្ដី»

លើសពីនេះលោក កែវ ផុង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងពង្រឹង និងពង្រីកសេដ្ឋកិច្ចជាតិ ដោះស្រាយបញ្ហាជាច្រើនជូនប្រជាពលរដ្ឋកម្ពុជា ហើយនឹងឈានទៅបង្កើតមូលដ្ឋានគ្រឹះថ្មីសម្រាប់សេដ្ឋកិច្ច និងសង្គមជាតិ នាពេលអនាគត។

លោកបានបន្តថា ទំនាក់ទំនងរវាងសមរភូមិក្រោយ និងសមរភូមិមុខ នៅតែជាចំណងមិនអាចកាត់ផ្តាច់បានទេ ហើយទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភាព បានដាក់ចេញនូវកម្មវិធី នយោបាយជាច្រើន ដោយបានខិតខំកៀងគរអ្នកវិនិយោគចូលមកកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋ មានការងារធ្វើកាន់តែច្រើន និងមានជីវភាពកាន់តែធូរធារ។ទន្ទឹមនឹងនោះ កងទ័ពរបស់យើង ក៏ត្រូវមានគោលជំហរស្មោះត្រង់ចំពោះ «ជាតិ សាសនា ព្រះមហាក្សត្រ» និងគាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតឡើងពីការបោះឆ្នោតផងដែរ។

ពិតណាស់បងប្អូនកងទ័ព មិនត្រឹមតែការពារជាតិ និងរាជរដ្ឋាភិបាលស្របច្បាប់ប៉ុណ្ណោះទេ បងប្អូនក៏ជាបង្អែកយ៉ាងសំខាន់ ក្នុងការជួយថែរក្សាធនធានធម្មជាតិឱ្យនៅឋិតស្ថេរគង់វង្សយូរអង្វែង ដើម្បីជាប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនទាំងមូល។

ភ្ជាប់ជាមួយគ្នានេះដែរ លោក គី ភានចាយ ដែលជាសមាជិកក្រុមសេនាតេជោ សន្តិភាព បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។ក្នុងនាមជាអ្នកនៅសមរភូមិក្រោយ លោកក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេស គឺប្តេជា្ញចិត្ត រាថយជាដាច់ខាតក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាកៀរគរគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់នានាជួយឧបត្ថម្ភគាំទ្រដល់កងទ័ពដែលកំពុងឈរជើងការពារដែនសីមាឱ្យនៅគង់វង្ស។

នាឱកាសនោះដែរ លោក កែវ ផុង ក៏បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជការស្រាល ទិសមុខ៥មករា កងពលតូចអន្តរាគមន៍លេខ៨ រួមមាន៖ អង្ករ ៥តោន, មីជាតិ ៣០០កេស, ទឹកបរិសុទ្ធវីតាល់ ៣៤០កេស, ទឹកត្រី ទឹកស៉ីអ៉ីវ ៣០០យួរ និងថវិកាមួយចំនួនផងដែរ។

លោកវរសេនីយ៍ឯក ជា ឈុន មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចអន្តរាគមន៍លេខ៨ តំណាងឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបានចាត់តំណាងគឺលោក កែវ ផុង ជំនួយការសម្តេចតេជោ និងប្រតិភូរួមដំណើរ បានចុះសួរសុខទុក្ខ និងនាំអំណោយសម្ភារ ថវិកា របស់សម្តេច លើកទឹកចិត្តដល់កងទ័ពនាឱកាសនេះ ដែលបញ្ជាក់ឱ្យកាន់តែច្បាស់ អំពីការគិតគូរយកចិត្តទុក្ខដាក់ និងជួយសម្រួលដល់ជីវភាពកងទ័ពជានិច្ច៕