(កណ្តាល)៖ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មន្ទីរអធិការកិច្ចខេត្តកណ្តាល សហការជាមួយអាជ្ញាធរស្រុកកណ្តាលស្ទឹង បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ដោយមានសិស្សានុសិស្សចូលរួមប្រមាណ២១៤នាក់។
ថ្លែងក្នុងពិធីនោះ លោក គា ប៊ុនថន ប្រធានមន្ទីរអធិការកិច្ចខេត្តកណ្ដាល បានអំពាវនាវគ្រប់ស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពជំនាញត្រូវមានផែនការគ្រប់គ្រង និងអនុវត្តច្បាប់ឱ្យបានច្បាស់លាស់ និងរួមគ្នាជួយផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋ សិស្សានុសិស្សឱ្យបានយល់ដឹងទូលំទូលាយអំពីច្បាប់នេះ ពិសេសលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់នាថ្ងៃនេះ ក៏សូមជួយធ្វើការផ្សព្វផ្សាយបន្ត ដើម្បីចូលរួមជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយកថាហេតុ។
លោក គា ប៊ុនថន បានថ្លែងបន្តថា ដោយសារបច្ចុប្បន្ននេះការប្រើប្រាស់មធ្យោបាយក្នុងការធ្វើដំណើរមានច្រើន ដែលជាហេតុធ្វើឱ្យផ្លូវថ្នល់មានភាពមមាញឹកជាខ្លាំង ដែលតំរូវឱ្យអ្នកធ្វើដំណើរត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ពីព្រោះបញ្ហាចរាចរណ៍បានបង្កនូវផលវិបាកយ៉ាងធ្ងន់ធ្ងរជាច្រើនចំពោះប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរលើផ្លូវសាធារណៈដែលមិនបានគោរពច្បាប់ចរាចរណ៍ ហើយផលវិបាកធ្ងន់ធ្ងរក៏នៅតែកើតមានជានិច្ចចំពោះប្រជាពលរដ្ឋ ប្រសិនបើអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ ដូចជាការបើកបរលើសល្បឿនកំណត់ ការបើកបរមិនពាក់មួកសុវត្ថិភាព ការបើកបរក្នុងស្ថានភាពស្រវឹងជាដើម -ល-។
លោកប្រធានមន្ទីរបានបន្ថែមថា «បើយើងទាំងអស់គ្នាមិនចូលរួមគោរពច្បាប់ចរាចរណ៍ទេ នោះយើងនៅតែអាចទទួលជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ដែលអាចបណ្ដាលឲ្យយើងពិការ ឬបាត់បង់ជីវិតដោយ គ្រោះថ្នាក់ចរាចរណ៍ ហើយការកកស្ទះចរាចរណ៍នៅតែកើតមាន ដែលបណ្តាលឱ្យខាតបង់ទាំងពេលវេលា សេដ្ឋកិច្ច និងសណ្ដាប់ធ្នាប់ក្នុងសង្គម»។
ថ្លែងក្នុងពិធីនោះលោក ឯម សត្យា អនុប្រធានការិយាល័យទំនាក់ទំនងរាជធានី/ខេត្ត បានបញ្ជាក់ថា «មូលហេតុដែលយើងរៀបចំធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនាឱកាសនេះ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាយ៉ាងក្តៅគគុក ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការលុបបំបាត់ព្រោះវាជាកត្តាធ្វើឲ្យបាត់បង់ជីវិត ទ្រព្យសម្បត្តិរដ្ឋ ទ្រព្យឯកជន និងធ្វើឲ្យមានការបាត់បង់ថវិកាយ៉ាងច្រើនទៀតផង។ កត្តាទាំងនេះបង្កឡើងដោយសារការធ្វេសប្រហែស ការផឹកគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ ពុំទាន់យល់ច្បាស់ពីច្បាប់ចរាចរណ៍ និងមិនគោរពច្បាប់ចរាចរណ៏នៅពេលបើកបរ»។
លោកបន្តថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ពេលនេះ បានរួមចំណែកយ៉ាងច្រើន ក្នុងការពង្រឹងការប្រតិបត្តិច្បាប់ផង និងការដាស់តឿនឲ្យប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ ទាំងអ្នកថ្មើរជើង និងអ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវផ្លាស់ប្តូរឥរិយាបទពីការបើកបរតាមបែបអាណាធិបតេយ្យ មកបើកបរដោយមានសណ្តាប់ធ្នាប់ របៀបរៀបរយ ចេះយោគយល់ អធ្យាស្រ័យគ្នា គោរពសិទ្ធអាទិភាព មានស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការបើកបរ។
ថ្លែងក្នុងពិធីនេះ លោក ស្វាយ សេងលី អភិបាលរងស្រុកកណ្តាលស្ទឹង បានសំដែងនូវការគាំទ្រ កោតសរសើរ និងវាយតំលៃខ្ពស់ ចំពោះមន្ទីរអធិការកិច្ច ដែលបានយកអស់កំលាំងកាយចិត្តចុះពន្យល់ ផ្សព្វផ្សាយច្បាប់ចរាចរណ៏ផ្លូវគោក ដល់សាធារណៈជន ពិសេសសិស្សានុសិស្ស ឱ្យបានយល់ដឹង សំដៅចូលរួមជួយកាត់បន្ថយ និងឈានទៅដល់ការលុបបំបាត់ទាំងស្រុងនូវរាល់គ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា។
លោកអភិបាលរងស្រុក បានរំលឹកថា បើស្រវឹងកុំបើកបរ បើបើកបរកុំពិសារគ្រឿងស្រវឹង មុននិងចេញដំណើរត្រូវ ពិនិត្យយានយន្ត ពាក់មួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់មុនពេលចេញដំណើរឱ្យបានត្រឹមត្រូវ។
សូមបញ្ចាក់ថា យោងតាមច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក មាត្រា៧៦ បានចែងថា ជនណាបើកបរមិនព្រមបញ្ឈប់យានយន្តនេះតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុញៀនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ពី៦ថ្ងៃទៅ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ ៨សែនរៀល៕