(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថ្មពួក ដឹកនាំដោយលោកអនុសេនីយ៍ទោ ង៉ាម គឹមឆាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានអនុវត្តតាមដីកាឃាត់ខ្លួនឈ្មោះ សៀម ស៊ីនៃ ហៅស្នៃ អាយុ២៩ឆ្នាំ ទីកន្លែងកំណើតភូមិថ្មី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជូនបន្តទៅសាលដំបូងខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខៈ១២៩ ព្រទ.V "ក"/២៤ របស់ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ សេង លាង អមដោយលោកក្រឡាបញ្ជី សុន រតនា ពីបទ «ជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន»

លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់ថា ក្រោយទទួលបានដីកាខាងលើ លោកបានរាយការណ៍លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕