(បន្ទាយមានជ័យ)៖ ដោយមានការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ​ បានចាត់លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត​ ដឹកនាំកម្លាំងជំនាញ​ និងម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនចុះសួរសុខទុក្ខ ជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ ចំនួន​៦គ្រួសារ​ នៅភូមិព្រៃគប់​ សង្កាត់អូរឫស្សី​  ក្រុងប៉ោយ​ប៉ែត​ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានឲ្យដឹងថា ក្រៅពីការសួរសុខទុក្ខ លោកស្នងការបានណែនាំឲ្យជួយជួសជុលផ្ទះជូនប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារភ្លៀងធ្លាក់លាយលំ​នឹងខ្យល់កន្រ្តាក់​ នៅភូមិព្រៃគប់ សង្កាត់​អូរឬស្សី​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ កាលពីយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បណ្តាលឲ្យប៉ះពាល់ផ្ទះ​ចំនួន៦ខ្នង របេីកដំបូស័ង្កសី​ អស់ចំនួន​៨៩សន្លឹក។

ក្នុងនោះ លោកវរសេនីយ៍ទោ​ ព្រហ្ម​ ពិសិដ្ឋ បាននាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ​ ស្នងការ​ ជូនដល់ប្រជាពលរដ្ឋចំនួន​៦គ្រួសារ​ រួមមាន ស័ង្កសី ប្រវែង៣.៥ម៉ែត្រ ​ចំនួន៦៤​សន្លឹក​, ​ស័ង្កសី ប្រវែង២.៥ម៉ែត្រ ចំនួន២៥សន្លឹក, ឈើសម្រាប់ប្រក់ស័ង្កសី ចំនួន​៤០​ដេីម​ និងគ្រឿងឧបភោគ បរិភោគដល់គ្រួសាររងគ្រោះ អង្ករ​១៥០គីឡូក្រាម​ ថវិកា៦០០,០០០រៀល (ក្នុងមួយគ្រួសារទទួលបាន​អង្ករ ២៥គីឡូក្រាម និងថវិកា១០ម៉ឺនរៀល)៕