(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និង ស.ស.យ.ក.ខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានប្រារព្ធពិធីក្រុងពលីនៅមុខរូបសំណាកលោកតាដំបងគ្រញូង ដើម្បីបួងសួងសុំសេចក្តីសុខក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥។
ពិធីក្រុងពលីនេះធ្វើឡើងក្រោមអធិបតីភាពអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត (បាត់ដំបង ព្រៃវែង និងបន្ទាយមានជ័យ) ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងសុខ លូ អភិបាលខេត្ត មន្រ្តីរាជកាសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងារសហភាព សហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង។
ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៥ ធ្វើឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយ ស.ស.យ.ក.ខេត្ត ដោយគ្រោងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនជាមួយការតុបតែង លម្អរៀបចំឱ្យមានជាខ្លោង ទ្វារសង្រ្កាន្ត, វេទិកាបើកព្រឹត្តិការណ៍សង្រ្កាន្ត, តំបន់ត្រជាក់ចិត្ត, តំបន់ពាងទឹក, តំបន់ភូមិយើង, តំបន់តន្ត្រីស្រុកស្រែ, តំបន់សាសនា, តំបន់ផលិតផលយក្ស, តំបន់ភូមិបង្អែមខ្មែរ, ពិព័រណ៍ទូទៅ និងតន្ត្រីសម័យ។
ក្រុមការងារកំពុងពន្លឿនការរៀបចំតុបតែងលម្អនៅតាមទីតាំងសំខាន់ៗធ្វើយ៉ាងណាឱ្យមានលក្ខណៈប្លែក និងទាក់ទាញជាងឆ្នាំមុនៗ។ ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបង ឆ្នាំ២០២៥ ធ្វើឡើងដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ និងដើម្បីបណ្តុះយុវជនបង្ហាញពីទេពកោសល្យសក្តានុពល ឆន្ទៈ ការខិតខំប្រឹងប្រែងតាមរយៈការចូលរួម រៀបចំនូវពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕