(កំពង់ស្ពឺ)៖ ប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ត្រូវបានសាខាមូលនិធិជំនួយសង្គម (ម.ជ.ជ) សហការជាមួយគណៈកម្មាធិការសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពងស្ពឺ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាំយកមកប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន២១គ្រួសារ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរសង្គមកិច្ចខេត្ត។
លោក លុយ ហាក់ ប្រធានសាខាមូលនិធិជាតិជំនួយសង្គម បានឱ្យដឹងថា គ្រួសារសពអតីតយុទ្ធជនចំនួន២១គ្រួសារ ដែលបានមកទទួលប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព និងប្រាក់ឧបត្ថម្ភមួយលើកដំបូង ខាងលើនេះ គឺបានប្រគល់ដៃគ្រួសារនៃសពមកពីបណ្តាក្រុងស្រុកកក្នុងខេត្ត។
លោក លុយ ហាក់ បានបន្តថា ប្រាក់ដែលបានយកមកប្រគល់ជូនដល់គ្រួសារសព អតីតយុទ្ធជនទាំង២១គ្រួសារនេះ គឺជាប្រាក់ឧបត្ថម្ភគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាគោលនយោបាយជាតិ ចំពោះអតីតយុទ្ធជន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការណ៍នេះក៏អនុវត្តតាមគោលការណ៍ណែនាំរបស់លោក ជា សុមេតធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងជាអាណាព្យាបាលបច្ចេកទេសនៃមូលនិធិជាតិជំនួយសង្គម ត្រូវបានពង្រឹងការ អនុវត្តប្រកបដោយចីរភាពនូវការផ្ដល់សេវាសាធារណៈដល់គ្រួសារអតីតយុទ្ធជនបានទាន់ពេលវេលា និងយ៉ាងឆាប់រហ័ស ដើម្បីជាឧត្តមប្រយោជន៍ជូនដល់យុទ្ធជននិងគ្រួសារអតីតយុទ្ធជន ដែលជាអ្នកមានគុណ បំណាច់ក្នុងការរួមចំណែកការពារជាតិមាតុភូមិ។
ក្រោមកិច្ចសហការរវាងក្រសួងជាអាណាព្យាបាលចំនួន ២គឺក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអាណាព្យាបាលផ្នែកបច្ចេកទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអាណាព្យាបាលផ្នែកហិរញ្ញវត្ថុ គឺក្រសួងបានផ្តល់ជូននូវថវិកាបង្វិល សម្រាប់ពន្លឿននីតិវិធី នៃការអនុវត្តផ្ដល់សាច់ប្រាក់ ជូនគ្រួសារសពដែលជាអតីតយុទ្ធជន បានយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាផងដែរ។
ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ស្ពឺ បានរំលឹកឡើងវិញនូវដំណាក់កាលដ៏ជូរចត់ដែលកម្ពុជាបានហែលឆ្លងកាត់ និងបាន ផ្លាស់ប្ដូរជាប្រវត្ដិសាស្ដ្រច្រើនលើក ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន គឺរបបដឹកនាំដោយសេនាប្រមុខ លន់ នល់ ដែលរបបនេះត្រូវបានផ្ដួលរំលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះ ប្រជាជនកម្ពុជាសង្ឃឹម បានរស់ក្នុងសុខសន្ដិភាព ប៉ុន្ដែសេចក្ដីសង្ឃឹមនោះ ក៏ត្រូវរលាយបាត់បង់ដោយការប្លន់អំណាច និងអនុវត្ដនូវនយោបាយគ្រប់គ្រងផ្ដាច់ការ ប្រល័យពូជសាសន៍របស់ ប៉ុល ពត ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កម្ពុជា បានក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុត។
លោកថា ដោយសារតែស្មារតីឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន និងដោយសម្ដេចមើលឃើញនូវការប្រឹងប្រែងតស៊ូរំដោះទឹកដី ដែលយុទ្ធជនយើងបានបូជាសាច់ស្រស់ឈាមស្រស់ពលីពិការ ដាច់ជើង ដាច់ដៃ នៅលើសមរភូមិ កាលពីសម័យសង្គ្រាម គុណបំណាច់ដ៏ធំធេងទាំងនេះហើយ ដែលធ្វើឱ្យសម្តេចមិនអាចបំភ្លេចបានឡើយហើយតែងតែគិតគូ និងបន្តគិតគូរហូតរហូតដល់នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។
ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ ម៉ាន់ ម៉ាច ក៏បានលើកឡើងដោយមោទនភាពផងដែរថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានសំណាងជាងប្រទេសមួយចំនួនដែលបច្ចុប្បន្នកំពុងតែប្រឈមគ្នាដោយចុងអាវុធ ហើយប្រជាជនកំពុងរស់ក្នុងភ្នក់ភ្លើងសង្គ្រាម ដែលទាំងនេះបានឆ្លុះបញ្ចាំងពីសមត្ថភាពរបស់ថ្នាក់ដឹកនាំប្រទេស។ ក្នុងន័យនេះគប្បីយើងទាំងអស់គ្នាត្រូវបន្តចូលរួមគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលដែលកំពុងដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា៕