(ព្រៃវែង)៖ លោក ឡាយ សំអឿន អភិបាលស្រុកបាភ្នំ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់នៅលើបណ្ដាញសង្គមថា តំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំ ឬឈើកាច់បាភ្នំ» ត្រូវបានបំផ្លិចបំផ្លាញទន្ទ្រានកាយយកថ្ម។

ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារ Fresh News លោកអភិបាលស្រុក បានអះអាងថា នគរភ្នំ ឬឈើកាច់បាភ្នំ គឺនៅជាភ្នំដដែល ពុំមានការបំផ្លិចបំផ្លាញក៏ដូចជាទន្ទ្រានកកាយយកថ្ម ដូចក្នុងអត្ថន័យបទចម្រៀង និងការផ្សព្វផ្សាយរបស់បណ្ដាញសង្គម និងសារព័ត៌មានមួយចំនួននោះទេ។

អភិបាលស្រុកបាភ្នំ បានបញ្ជាក់ថា តំបន់កាយថ្មដែលមានអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល គឺនៅឆ្ងាយពីគ្នាពីតំបន់បេតិកភណ្ឌរមណីដ្ឋាននគរភ្នំឈើកាច់បាភ្នំ ដែលត្រូវបានរាជរដ្ឋាភិបាលចេញ អនុក្រឹត្យស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ។

យោងតាមក្រុមការងារមន្ទីរព័ត៌មានខេត្តព្រៃវែង ដែលបានចុះទៅដល់ទីតាំងផ្ទាល់ដើម្បីយកព័ត៌មាន និងផ្តិតយករូបភាព នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះឃើញថា រមណីដ្ឋាននគរភ្នំ (ភ្នំឈើកាច់) មិនមានការបំផ្លិចបំផ្លាញដូចក្នុងអត្ថន័យ បទចម្រៀង និងការផ្សព្វផ្សាយរបស់បណ្ដាញសង្គម និងសារព័ត៌មាន មួយចំនួននោះឡើយ។

រមណីដ្ឋាននគរភ្នំ ត្រូវបានរាជរដ្ឋាភិបាលចេញ អនុក្រឹត្យលេខ ២២៤ អនក្រ.ប្រក ចុះថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ស្ដីពីការ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ «នគរភ្នំឈើកាច់បាភ្នំ» និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រនគរភ្នំឈើកាច់បាភ្នំ ចំនួន៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

អនុក្រឹត្យនេះមានគោលបំណងធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឲ្យបានគង់វង្ស។ ត្រូវបានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំ ឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិចតា (មួយរយម្ភៃប្រាំហិកតា ម្ភៃប្រាំពីរអា ចិតសិបប្រាំសង់ទីអា)។

តំបន់នេះ មានទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ចំនួន៩ទីតាំង ដូចជា ភ្នំបាភ្នំ ប្រាសាទអង្គច័ន្ទ វត្តវិហារគុហ៍ វត្តវិហារ ស្រះបិទបាយ អ្នកតាមេសរ ស្រះស្រង់ ភ្នំវត្តកំពូលភ្នំឈើកាច់ និងមណ្ឌលមុនីស្ថានតាបសភ្នំតូច៕