(សៀមរាប)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនសហគមន៍ ដាំដុះបន្លែផ្ទះសំណាញ់នៅសហគមន៍ចំនួន២ កន្លែងស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលទទួលបានឥណទានពីធនាគារ ARDB សម្រាប់ពង្រីកអាជីវកម្មដាំដុះបន្លែ ផ្គត់ផ្គង់ដល់ទីផ្សារក្នុងស្រុក។
នៅក្នុងការអញ្ជើញចុះសំណេះសំណាល និងពិនិត្យមើលរបស់បណ្ឌិត កៅ ថាច នៅក្នុងសហគមន៍២ខាងលើគឺ ទី១ សហគមន៍សម្ព័ន្ធកសិករខ្មែអង្គរ លោក យិប ប្រេង មាន៣ផ្ទះសំណាញ់ ដែលមានសមាជិក៤៩គ្រួសារ កំពុងតែដាំដុះស្ពៃក្រញ៉ាញ់ និងបន្លែខាត់ណា ចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទៅផ្សារលើនិងផ្សារចាស់ក្នុងខេត្តសៀមរាប។
ក្រោយជួបជាមួយ និងសហគមន៍ដាំដុះបន្លែខាងលើរួចមកបណ្ឌិត កៅ ថាច និងសហការីបានអញ្ជើញជួបផ្ទាល់ទីតាំង សហគមន៍កសិកម្មទំនើប ស សី ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាបដែលកំពុងដាំដុះបន្លែសុវត្ថិភាព វគ្គទី២ លើផ្ទៃដី ២៧ហិចតា ក្រោមការគាំទ្រឥណទានពីធនាគារ ARDB មានដាំបន្លែ ផ្ទះសំណាញ់ចំនួន ៩ខ្នង ដាំប្រភេទបន្លែខាត់ណាដើម ស្ពៃក្រញ៉ាញ់ និងស្ពៃជើងទាផងដែរ។
ជាមួយនោះដែរ បណ្ឌិត កៅ ថាច ក៏បានលើកទឹកចិត្តដល់សមាជិកសហគមន៍ បន្តពង្រីកការផលិតបន្លែ សុវត្ថិភាព និងបានផ្តាំផ្ញើដល់បងប្អូនសហគមន៍ខាងលើ ដែលទទួលបានឥណទានពីធនាគារ ARDB ត្រូវពិនិត្យមើលលទ្ធភាពបន្ថែមដូចជា រៀបចំកន្លែងលាងសម្អាតបន្លែ និងអនាម័យ ដើម្បីធានាសុវត្ថិភាព គុណភាព មុនដឹកជញ្ជូនទៅតាមគោលដៅនៃទីផ្សារនីមួយៗផងដែរ។
ទន្ទឹមនោះ នៅរសៀលថ្ងៃដដែល លោកបណ្ឌិតប្រតិភូក៏បានអញ្ជើញចុះពិនិត្យមើលចំការឬស្សី មួយកន្លែងទៀតដែលវិនិយោគ ដោយពាណិជ្ជករក្នុងស្រុក គឺស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានទំហំដីលាតសន្ធឹងប្រមាណ ១០០ហិចតាស្មើនិងដើមឬស្សីចំនួន ១០ម៉ឺនគុម្ភ។
សម្រាប់ម្ចាស់ ចំការឬស្សីខាងលើនេះ គឺមានផែនការរួចជាស្រេច ក្នុងការផលិតនិង កែច្នៃដើមឬស្សីរបស់ខ្លួន ទៅជាចង្កឹះនិងវត្ថុប្រើប្រាស់ផ្សេងៗទៀត ដើម្បីបំពេញដល់ការផ្គត់ផ្គង់ទីផ្សារក្នុងស្រុកដែលខ្វះខាត ជាក់ស្តែង និងបង្កើតការងារនៅមូលដ្ឋានបន្ថែមទៀត។
ចុងក្រោយនៃការជួបសួរសុខទុក្ខ និងសំណេះសំណាល របស់បណ្ឌិត កៅ ថាច នៅរសៀលនេះក៏បានអញ្ជើញពិនិត្យ ផលិតកម្មនៃការដាំដុះផ្តឹតត្រចៀកកណ្តុរ និងផ្តឹតអយស្ទ័ររបស់ក្រុមហ៊ុន ពិជ័យ១៧ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។
បច្ចុប្បន្ននេះក្រុមហ៊ុន ពិជ័យ១៧ ឯ.ក គឺជាក្រុមហ៊ុនវិនិយោគដ៏ធំមួយ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលដាំដុះផ្សឹតជាច្រើនប្រភេទ ក្នុងនោះមានផ្សឹតក្រៀម កែច្នៃរួច និងផ្សឹតស្រស់ៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ហើយបច្ចុប្បន្ននេះក្រុមហ៊ុនកំពុងទទួលបានការគាំទ្រពីអតិថិជន និងអ្នកបរិភោគជាច្រើន៕