(ភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ​ឆ្នាំ២០២៥​របស់​សមាគមឧកញ៉ាកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីរីករាយបានអញ្ជើញបិទសន្និបាតប្រចាំឆ្នាំរបស់សមាគមឧកញ៉ាកម្ពុជា និងអរគុណលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់របស់សមាគម ដែលបានរៀបចំសន្និបាតប្រចាំឆ្នាំនេះឡើង ដើម្បីកត់សម្គាល់នូវសមិទ្ធផលមួយឆ្នាំកន្លងមករបស់សមាគម ក៏ដូចជាការគិតគូរទិសដៅបន្តក្នុងគោលបំណងជំរុញ និងពង្រឹងការចូលរួមរបស់​សមាគម ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែសកម្ម ខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាការលើកកម្ពស់ និងពង្រឹងមុខងារ និងតួនាទីរបស់សមាគមថែមមួយកម្រិតទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា និងគោរមវន្តទាំងអស់ ដែលជានិច្ចកាលតែងតែចូលរួមក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរសធម៌ នាពេលកន្លងមក។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកត់សម្គាល់ឃើញថា រាល់ការអំពាវនាវ​របស់រាជរដ្ឋាភិបាល តែងតែទទួលបានការគាំទ្រចូលរួមយ៉ាងសកម្មពីសំណាក់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់ឧកញ៉ាដែលបានចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អរគុណសមាគមឧកញ៉ាកម្ពុជា ដែលបានផ្ដល់ធាតុចូលដល់រាជរដ្ឋាភិបាល ពាក់ព័ន្ធច្បាប់ និងគោលនយោបាយ និងក្របខ័ណ្ឌ​យុទ្ធសាស្ត្រ ដូចជាការរៀបចំបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងគោរមងារឧកញ៉ាជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឧកញ៉ានៅកម្ពុជានាពេលបច្ចុប្បន្ន សុទ្ធសឹងជាអ្នកដែលបានប្រឹងប្រែងក្នុងកិច្ចកសាងអាជីវកម្ម ពោលមិនមាននរណាមាន​ធនធានជាមរតកឪពុកម្តាយនោះឡើយ គឺរបប ប៉ុល ពត បានប្រមូលអស់ហើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការផ្តល់គោរមងារជាឧកញ៉ា គឺជាការទទួលស្គាល់ចំពោះការចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ក្នុងសង្គម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកត់សម្គាល់ថា ឧកញ៉ាបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ច្រើនណាស់ ជាពិសេសពេលសង្គមកម្ពុជាជួបវិប​ត្តិបណ្តាលមកពីជំងឺកូវីដ១៩។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចទើបនឹងសម្រេចកាត់បន្ថយពន្ធលើវិស័យអាកាសចរណ៍នៅកម្ពុជា ពី១២ភាគរយ មកនៅត្រឹម ២ភាគរយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គុយទាវនៅអាមេរិកមួយចានតម្លៃ២៥ដុល្លារហើយ។ នេះជាការបញ្ជាក់ដោយខ្មែរនៅអាមេរិក ដែលបង្ហាញពីកំណើនអតិផរណា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា មិនមែនជាការកៀបសង្កត់នោះទេ តែជាការរួមគ្នារក្សារបៀបរបប និងសេចក្តីថ្លៃថ្នូររបស់ឧកញ៉ា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងវេទិកាធុរកិច្ចនានា សម្តេចបានត្រឹមថ្លែងសុន្ទរកថាប៉ុណ្ណោះ ប៉ុន្តែវិស័យឯកជននោះទេ ដែលជាអ្នកទាក់ទាញ ឬចាប់ដៃគូជាមួយអ្នកវិនិយោគបរទេស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចបានគម្រោងវិនិយោគប្រមាណ ៤១៤គម្រោងកាលពីឆ្នាំ២០២៤ គឺជាផលកើតចេញពីការរួមគ្នារវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបង្ហាញនូវមោទនភាពចំពោះវិស័យឯកជននៅកម្ពុជា ដែលបានចូលរួមពង្រឹងឯករាជ្យភាពរបស់កម្ពុជា តាមរយៈសកម្មភាពវិនិយោគ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើដល់វិស័យឯកជន ត្រូវរួមគ្នាកុំប្រកួតគ្នា។ ប្រទេសយើងតូច ប្រកួតគ្នាឯង មិនអាចឈ្នះគេនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិស័យឯកជនលើកមតិយោបល់ដល់ក្រសួង ស្ថាប័នរបស់រដ្ឋ ដើម្បីរកភាពប្រសើរលើកិច្ចការទាំងឡាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចូលរួមពីវិស័យឯកជន សេដ្ឋកិច្ច​កម្ពុជា រំពឹងថានឹងបន្តរក្សាបាននូវចលនការ (Momentum) រឹងមាំជាមួយអត្រាកំណើនរង្វង់ ៦,៣ភាគរយ នៅឆ្នាំ២០២៥នេះ ដែលបន្តទ្រទ្រង់ដោយវិស័យ​បម្រើការនាំចេញ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការស្ទុះងើបនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា ក៏បានឆ្លុះបញ្ចាំងតាមរយៈទិដ្ឋភាព ពាណិជ្ជកម្មអន្ដរជាតិ ជារួម ដែលក្នុងនោះទំហំពាណិជ្ជកម្មសរុប បានកើនឡើងដល់ ទំហំជិត ៥៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ ពោលគឺមានកំណើនប្រមាណជិត ១៦ភាគរយ បើធៀបនឹងឆ្នាំ២០២៣។ ការនាំចេញមានទំហំប្រមាណ ២៦ ប៊ីលាន​ដុល្លារ ដែលមានកំណើនប្រមាណ ១៤ភាគរយ, ហើយការនាំចូលមានទំហំប្រមាណ ២៨ប៊ីលានដុល្លារ ដែលជាកំណើនប្រមាណ១៦ភាគរយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់អ្នកវិនិយោគនៅកម្ពុជា ឱ្យបន្តទាក់ទាញដៃគូវិនិយោគពីក្រៅប្រទេស ដើម្បីផលិតលើគ្រឿងបង្គំ និងការកែច្នៃផលិតផលនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញក្តីសង្ឃឹមថា សមាគមឧកញ៉ាកម្ពុជា​នឹងបន្ត​គាំទ្ររាជរដ្ឋាភិបាល ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ច, ការបង្កើនភាពប្រកួតប្រជែង និងការពង្រឹងភាពធន់នេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រធានបទស្តីពីសុខសន្តិភាព ទោះនិយាយដល់ដេកយល់សុបិន ក៏នៅតែនិយាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាទឹកដី រាជរដ្ឋាភិបាល​មិនបាន​ព្រងើយ​កន្តើយនោះឡើយ។ ជាក់ស្តែងឆ្នាំ២០០៨ រាជរដ្ឋាភិបាល មិនបានស្រែកនោះទេ តែកម្ពុជាបានឆ្លើយតបដោយកម្លាំងប្រដាប់អាវុធ នៅពេលគេចូលមកឈ្លានពានទឹកដីកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រឿងប្រាសាទតាមន្តធំក៏ដូចជា រឿងព្រះវិហារដែរ រាជរដ្ឋាភិបាលមិនស្រែកនោះទេ ប៉ុន្តែបើមានការឈ្លានពាន ឬធ្វើសកម្មភាពផ្ទុយពីស្ថានភាពបច្ចុប្បន្ន គឺរាជរដ្ឋាភិបាល នឹងឆ្លើយតប រាប់ទាំងកម្លាំងប្រដាប់អាវុធផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពួកអាវលឿងមួយក្រុម ដែលមកស្រែកនៅតំបន់ប្រាសាទតាមន្តធំ គឺទាហានថៃ បានរារាំងហើយ មិនចាំបាច់រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាប្រកាន់ជំហគោរព​ច្បាប់​អន្តរ​ជាតិ ចរចាដោយសន្តិវិធី ប៉ុន្តែកម្ពុជាត្រៀម​លក្ខណៈគ្រប់ពេល បើមានការប្រើ​កម្លាំង​ប្រដាប់អាវុធឈ្លានពានកម្ពុជា គឺកម្ពុជានឹងឆ្លើយតបរាប់ ទាំងការប្រើកម្លាំងប្រដាប់អាវុធផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនប្រាថ្នាសង្គ្រាមនោះឡើយ កម្ពុជាត្រូវការសុខសន្តិភាព ព្រោះសង្គ្រាមមិនចំណេញនោះឡើយ គឺនាំឱ្យតែខាតប៉ុណ្ណោះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានបទពិសោធន៍អស់ហើយ ទាំងការប្តឹងទៅតុលាការអន្តរជាតិទីក្រុងឡាអេ នៅឆ្នាំ១៩៦២ និងការប្រយុទ្ធដោយកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០០៨។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍អ្នកស្រែកស្នេហាជាតិនៅក្រៅប្រទេសចូលមកក្នុងស្រុក ហើយបំពាក់អាវុធឱ្យទៅឈរជើងនៅប្រាសាទតាមន្តធំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ឧកញ៉ារួមគ្នាថែរក្សាការពារសុខសន្តិភាព​ ស្ថេរភាព និងការឯកភាពជាតិ។ រាជរដ្ឋាភិបាល ប្តូរផ្តាច់ក្នុងការថែរក្សាការពារនូវបូរណភាពទឹកដី។

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថា និងសំណេះសំណាលវេលាម៉ោង ៥៖២៥នាទីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕