(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើវិស័យឯកជនទាំងអស់ ត្រូវរួបរួមគ្នា កុំប្រកួតប្រជែងគ្នាឯង ព្រោះប្រទេសរបស់យើងតូច ដូច្នេះបើប្រកួតគ្នាឯង គឺមិនអាចឈ្នះគេនោះទេ។ ការស្នើរបស់សម្ដេចបវរធិបតី បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេច អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តដល់វិស័យឯកជនលើកមតិយោបល់ដល់ក្រសួង ស្ថាប័នរបស់រដ្ឋ ដើម្បីជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញ និងប្រកួតប្រជែងរបស់ជាតិរបស់យើង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «អញ្ចឹងយើងរួមគ្នាគិត ជួយគិត ជួយធ្វើ រដ្ឋាភិបាលនឹងគិតអាចជួយអ្វីខ្លះ? អ្វីដែលយើងអាចផ្ដល់ឱ្យបានយើងផ្ដល់ អ្វីដែលយើងមិនអាចផ្ដល់បានយើងនឹងប្រាប់ ហើយយើងនិងរកវិធីជួយ។ ប៉ុន្តែទោះជាយ៉ាងណា ខ្ញុំចង់ឱ្យវិស័យឯកជន និងរដ្ឋជាដៃគូជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ។ នេះហើយគឺជាអ្វីដែលខ្ញុំតែងតែនិយាយតាំងពីខ្ញុំមុនឡើងធ្វើជានាយករដ្ឋមន្រ្តី ហើយខ្ញុំនិយាយគ្រប់វេទិការទាំងអស់ គឺខ្ញុំចង់ឱ្យដៃគូឯកជនជួយគិត ជួយធ្វើ និងជួយទទួលខុសត្រូវ។ ជាកម្លាំងជាតិរបស់យើង ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញ និងប្រកួតប្រជែងរបស់ជាតិរបស់យើង»

សម្ដេចនាយករដ្ឋមន្រ្តីបានបន្តថា៖ «ប្រទេសយើងតូច ហើយបើយើងមិនរួមគ្នា យើងប្រកួតប្រជែងតែជាមួយគ្នាទេ យើងទៅប្រកួតជាមួយគេមិនឈ្នះគេទេ ហើយរួមគ្នានេះហើយគឺជាអ្វីដែលកត្តាមួយកំណត់ មិនមែនមានន័យថា ដាក់គោលដៅ ឬលក្ខខណ្ឌមករឹងកំព្រឹសនោះទេ។ មានន័យថាយើងឯកភាពគ្នា គោលការណ៍ប្រកួតប្រជែង ប៉ុន្តែជាមួយគ្នា មានគោលការណ៍មួយចំនួនដែលយើងអាចរួមគ្នាធ្វើ ដើម្បីបង្កើតភាពទាក់ទាញទាំងអស់»។

ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី បានលើកទឹកចិត្តអ្នកវិនិយោគនៅកម្ពុជា ឱ្យបន្តទាក់ទាញដៃគូវិនិយោគពីក្រៅប្រទេស មកផលិតគ្រឿងបង្គំ និងការកែច្នៃផលិតផលនានា ដែលមានវត្ថុធាតុដើមនៅក្នុងស្រុកស្រាប់ ដើម្បីធ្វើឱ្យកម្ពុជាមានផលិត ក្នុងស្រុក យកមកប្រើប្រាស់ក្នុងឧហ្សាហកម្មដោយខ្លួនឯង។ ជាមួយគ្នានេះ ការចូលរួមពីវិស័យឯកជន នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា បន្តរក្សាបាននូវចលនការ (Momentum) រឹងមាំ ជាមួយអត្រាកំណើនរង្វង់ ៦,៣% នៅឆ្នាំ២០២៥នេះ ដែលបន្តទ្រទ្រង់ដោយវិស័យបម្រើការនាំចេញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ថា កំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបានក្នុងរង្វង់ ៦,៥% ជាមធ្យមក្នុងមួយឆ្នាំ។

សូមជម្រាបថា ការស្ទុះងើបនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា ក៏បានឆ្លុះបញ្ចាំងតាមរយៈទិដ្ឋភាព ពាណិជ្ជកម្មអន្ដរជាតិជារួម ដែលក្នុងនោះទំហំពាណិជ្ជកម្មសរុប បានកើនឡើងដល់ទំហំជិត ៥៥ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២៤ ពោលគឺមានកំណើនប្រមាណជិត ១៦% បើធៀបនឹងឆ្នាំ២០២៣។ ការនាំចេញមានទំហំប្រមាណ ២៦ប៊ីលានដុល្លារ ដែលមានកំណើនប្រមាណ ១៤% ហើយការនាំចូលមានទំហំប្រមាណ ២៨ប៊ីលានដុល្លារ ដែលជាកំណើនប្រមាណ១៦%៕