(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានសហការជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំដំណើរការធ្វើតេស្តរកសារធាតុញៀន តាមរយៈទឹកមូត្រ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីគយនិងរដ្ឋាករ និងមន្ត្រី-បុគ្គលិកជាប់កិច្ចសន្យា ក្រោមឱវាទអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងមន្ត្រីនៃអគ្គនាយកដ្ឋានក្រោមឱវាទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយចំនួន នៅសាលាជាតិគយ។

ដំណើរការនៃការធ្វើតេស្តនេះ គឺអនុវត្តអនុលោមតាមការដាក់ចេញនូវបទបញ្ជាលេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ដើម្បីធានានិរន្តរភាពនៃការបំពេញការងារ និងការអនុវត្តតួនាទីភារកិច្ច ការធ្វើតេស្តចែកចេញជា ៣ក្រុម ដោយប្រព្រឹត្តទៅតាមនីតិវិធីនៃការធ្វើតេស្តរកសារធាតុញៀន ក្នងគោលបំណងចូលរួមចំណែក ធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលជាអាទិភាពនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្ត ប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័នរដ្ឋ។

ក្នុងអំឡុងពេលធ្វើតេស្ត មន្ត្រីរាជការ និងបុគ្គលិកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានយល់ដឹងអំពីផលប៉ះពាល់បណ្តាល មកពីការប្រើប្រាស់គ្រឿងញៀន និងគោរពបានយ៉ាងខ្ជាប់ខ្ជួន នូវនីតិវិធីនៃការធ្វើតេស្តរកសារធាតុញៀន។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តែងតែយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយអំពីផលប៉ះពាល់ និងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរនៃគ្រឿងញៀន និងចូលរួមបង្ការ ទប់ស្កាត់ បង្រ្កាបគ្រឿងញៀន ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន និងកម្មវិធីនយោបាយដ៏មុតស្រួច របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ មូលធនមនុស្សឱ្យមានសុខភាពល្អ ប្រកបដោយសក្តានុពល ដែលជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន កាន់តែខ្លាំងក្លា មានវិបុលភាព និងចីរភាព។

សូមជម្រាបថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ក៏នឹងត្រូវរៀបចំធ្វើតេស្តលើមន្ត្រី ដែលនៅសេសសល់ផងដែរ៕