(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ ជាថ្មីម្តងទៀត បានថ្លែងថា នៅលើពិភពលោកនេះ មានតែព្រះមហាក្សត្រខ្មែរដែលក្រជាងគេ តែមានព្រះទ័យសន្តោសក៏ខ្លាំងជាងគេផងដែរ ដូច្នេះដង្វាយរបស់សមាគមឧកញ៉ាកម្ពុជា ថ្វាយដល់ព្រះមហាក្សត្រ និងសម្តេចម៉ែ គឺជាកិច្ចការសំខាន់ណាស់ សម្រាប់ព្រះអង្គបំពេញរាជសកម្មភាព ជួយដល់ប្រជាពលរដ្ឋខ្មែរទីទ័លក្រ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការកោតសរសើរសមាគមឧកញ៉ាកម្ពុជា ដែលកន្លងមកតែងតែបានចូលរួមនូវដង្វាយសម្រាប់ថ្វាយដល់ព្រះមហាក្សត្រ និងចំពោះសម្តេចម៉ែ ដើម្បីព្រះអង្គមានលទ្ធភាព ធ្វើសកម្មភាពមនុស្សធម៌។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។

សម្តេចតេជោ ប្រមុខរដ្ឋស្តីទីបានថ្លែងដូច្នេះថា «អស់លោកបានដឹងហើយថា នៅលើពិភពលោកនេះ មានតែព្រះមហាក្សត្រយើងទេ ដែលក្រជាងគេ ប៉ុន្តែគឺជាព្រះមហាក្សត្រដែលមានព្រះទ័យសណ្តោសក៏ខ្លាំងជាងគេដែរ ដូច្នេះតាមរយៈជំនួយដែល សមាគមឧកញ៉ា បានថ្វាយចំពោះព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែ ព្រះអង្គបានយកនូវអំណោយទាំងនោះ ជូនចំពោះប្រជាពលរដ្ឋក្រីក្រ ដើម្បីសម្រាលការលំបាក ដែលជាការរួមចំណែកមួយ សម្រាប់ការដោះស្រាយបញ្ហាប្រឈម»

បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរសមាគមឧកញ៉ាកម្ពុជា បានចូលរួមសកម្មភាពមនុស្សធម៌នានា ដូចជាចូលរួមបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ជួយដល់មន្ទីរពេទ្យ រួមទាំងសកម្មភាពកីឡា គឺសុទ្ធតែបង្ហាញពីការចូលរួមទ្រទ្រង់សម្រាប់ដំណើរការនៃសង្គមជាតិ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា មានសមាជិកចំនួន ៤៤៦រូប កើនឡើងប្រមាណ ២៦ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ក្នុងនោះទីប្រឹក្សាជាន់ខ្ពស់៨រូប, ក្រុមប្រឹក្សាភិបាល៤៥រូប, សមាជិកសកម្ម៣៤រូប និងសមាជិកទ្រទ្រង់ ៣៥៤រូប ដែលមានគោរមងារជាលោកអ្នកឧកញ៉ា ៥រូប អ្នកឧកញ៉ា ១៤០រូប និងឧកញ៉ា ៣០១រូប។

សម្រាប់កិច្ចការសប្បុរិសធម៌ និងការងារសង្គមកិច្ច ឆ្នាំ២០២៤ សមាគមឧកញ៉ាកម្ពុជា ក៏បានបំពេញ​សកម្មភាពសប្បុរិសធម៌ និងការងារសង្គមជាច្រើនផងដែរ ដែលបានបរិច្ចាគថវិកា​អស់​ប្រមាណ ៥,៥លានដុល្លារ គឺកើនឡើងចំនួន ៨៧៦ភាគរយ ធៀបនឹងឆ្នាំ២០២៣៕