(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានរំលឹកអំពីរឿងរ៉ាវ ដែលអ្នកសារព័ត៌មានម្នាក់បានទៅដល់សាកលវិទ្យាប្រ៊ីស្តូល (Bristol) របស់ចក្រភពអង់គ្លេស ដើម្បីស្វែងរកនិក្ខេបបទបញ្ចប់ការសិក្សារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ហើយរឿងនេះ បានធ្វើឱ្យសម្តេចជំរុញសម្តេចបវរធិបតី ឲ្យបង្ហោះនិក្ខេបបទ និងសារណារបស់សម្តេចជាសាធារណៈ ដោយចាប់ពីពេលនោះមក មិនមានអ្នកហ៊ាននិយាយអំពីនិក្ខេបបទនេះទៀតឡើយ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានទម្លាយថា មានអ្នកសារព័ត៌មានម្នាក់ទៅសាកលវិទ្យាល័យប្រ៊ីសស្តូល រកនិក្ខេបបទថ្នាក់បណ្ឌិតរបស់សម្តេច ហ៊ុន ម៉ាណែត ពេលរកមិនបាន ពួកគេក៏បើកយុទ្ធនាការវាយប្រហារសម្តេច ហ៊ុន ម៉ាណែត ប៉ុន្តែនៅពេលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញនិក្ខេបបទនោះ ពួកគេក៏ស្ងាត់មាត់ជ្រាប ហើយលែងហ៊ានបកស្រាយអ្វីទាំងអស់។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ចាប់តាំងពីពេលនោះមក គ្មាននរណានិយាយអ្វីទាំងអស់ ហើយអ្នកដែលប្រមាថនេះមិនមែនជាបណ្ឌិតទេ តើមានសិទ្ធិអីទៅពិនិត្យនិក្ខេបទបណ្ឌិត នេះជាចំណុចទីមួយ ដោយសារវាមិនមែនជាបណ្ឌិត វាមិនអាចមកវាយតម្លៃ និក្ខេបទថ្នាក់បណ្ឌិតបានទេ ហើយចំណុចទីពីរ ទោះបីជាអ្នកឯងជាបណ្ឌិតក៏ដោយ ហើយបើសិនជាអ្នកឯងហ៊ានវិនិច្ឆ័យនិក្ខេបទ បណ្ឌិតនេះ មិនមែនវ៉ៃក្បាលប៉ុន្មាន ហ៊ុន ម៉ាណែត ទេ តែវ៉ៃក្បាលសាកលវិទ្យាល័យ Bristol និងសាស្ត្រាចារ្យដែលជាក្រុមប្រឹក្សាការពារនៃនិក្ខេបទហ៊ុន ម៉ាណែត»។
សម្ដេចបាននិយាយថា កន្លងទៅមានអ្នកខ្លះបានរៀនចប់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយទៅដល់ស្រុកបារាំងតែមួយយប់ស្អែកឡើង ក៏បានក្លាយទៅជាបណ្ឌិត ហើយអ្នកខ្លះទៀតបានរៀននៅក្រោមដំបូលសាលារបស់សម្ដេច ជាអ្នកកសាងហើយហ៊ានទាំងកាត់រូបសម្ដេចចេញថែមទៀតនៅពេលទៅដល់ក្រៅប្រទេស។
សម្តេចបញ្ជាក់ទៀតថា៖ «កូនចៅរបស់គេបែបនេះតើមនុស្សធុននេះអាចយកជាគ្នាបានទេ»។
សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលរាត្រ្តីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបង្ហាញជាសាធារណៈ នូវនិក្ខេបបទថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ផ្នែកសេដ្ឋកិច្ច ដែលសម្ដេចធិបតី បានសិក្សាស្រាវជ្រាវក្នុងពេលសិក្សានៅសាកលវិទ្យាល័យ Bristol ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស៕