(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា ជនដែលចូលចិត្តបន្ទោសបង្អាប់ជាតិឯង មិនមែនជាមនុស្សនោះទេ គឺជាសត្វធាតុ។ ជនដែលមិនយល់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេស និងប្រទេស កុំតាំងខ្លួនធ្វើជាបញ្ញវន្តសេដ្ឋកិច្ច ឬចង់ធ្វើជាមេដឹកនាំ គឺមិនអាចទៅរួចទេ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានពន្យល់ពីអតុល្យភាព នៃពាណិជ្ជកម្មជាមួយប្រទេសចិន ដោយថាកម្ពុជាត្រូវការវត្ថុធាតុដើមលើផ្នែកកាត់ដេរច្រើនពីប្រទេសនេះ។ ទោះជាយ៉ាងណា សម្ដេចថា ទោះបីកម្ពុជានាំចូលពីចិនច្រើនក្ដី តែកម្ពុជាក៏បាននាំចេញទៅកាន់បរទេសច្រើនដូចគ្នា។
នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រឹត្យក្រមសេដ្ឋកិច្ចគឺតម្រូវឱ្យមានសេចក្ដីត្រូវការ និងផ្គត់ផ្គង់។ ដោយសារតែមានការនាំចូលវត្ថុធាតុដើមពីចិននេះហើយទើបប្រទេសកម្ពុជាអាចប្រែខ្លួនពីប្រទេសដែលពឹងផ្អែកលើការនាំចូលសុទ្ធ ទៅជាប្រទេសដែលផលិតសម្រាប់ការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក, កម្ពុជា នាំទៅអាមេរិកច្រើន ព្រោះកម្ពុជា មិនសូវមានតម្រូវការនៃការផ្គត់ផ្គង់ពីអាមេរិក។ សម្តេចតេជោ បានពន្យល់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយថៃ និងវៀតណាម, កម្ពុជា នាំចូលពីថៃ និងវៀតណាមច្រើន ព្រោះកម្ពុជា មានតម្រូវការនៃការផ្គត់ផ្គង់ពីថៃ និងវៀតណាមច្រើន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន, កម្ពុជា នាំពីចិនច្រើន ព្រោះកម្ពុជា មានតម្រូវការនាំវត្ថុធាតុដើមមួយចំនួនពីចិន យកមកផលិតនៅកម្ពុជា ដើម្បីនាំចេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ដូច្នេះ អ្នកដែលសេដ្ឋកិច្ច មិនមែនសេដ្ឋកិច្ច ឬក៏អ្នកសេដ្ឋកិច្ច ប៉ុន្តែ ចូលចិត្តនិយមនៃការបន្តុះបង្អាប់ជនជាតិឯង វាមិនមែនជាមនុស្សទេ បើប្រៀបធៀបទៅវាជាសត្វ ខ្ញុំគ្រាន់តែធ្វើេរឿងនេះ ខ្ញុំមិនចង់សំដៅទៅលើ ប៉ុន្តែ គោលដៅធំរបស់ខ្ញុំ ខ្ញុំចង់ពន្យល់ពលរដ្ឋ ១៧លាននាក់នៅក្នុងប្រទេស ដើម្បីឱ្យដឹងថាអ្វីទៅជាជញ្ជីងពាណិជ្ជកម្ម មូលហេតុអ្វីបានជាតុល្យភាពពាណិជ្ជកម្មមានទំហំខុសគ្នា រវាងការនាំចេញរបស់យើង»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសមួយចំនួនដែលមានដូចជាវៀតណាម ម៉ាឡេស៊ី ដែលកម្ពុជាបាននាំចេញទៅកាន់ប្រទេសនេះច្រើនជាងប្រទេសទាំងនេះនាំចូលមកកម្ពុជា។ សម្ដេចជំរុញដល់សមាគមឧកញ៉ា និងសភាពាណិជ្ជកម្មដើម្បីបន្តអនុវត្តន៍នូវការរក្សាទីផ្សារចាស់ និងបង្កើតទីផ្សារថ្មីសម្រាប់កម្ពុជា។
ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ឆ្នាំ២០២៤ សម្រេចបាន១៥,១៩ពាន់លានដុល្លារអាមេរិក ក្នុងនោះទំនិញចិននាំមកកម្ពុជាមានចំនួន ១៣,៤៤ពាន់លានដុល្លារ កើនឡើង ២៤,៦ ភាគរយ ចំណែកទំនិញកម្ពុជានាំទៅប្រទេសចិន ១,៧៥ពាន់លានដុល្លារ កើន ១៨,៤ ភាគរយ។ ផ្អែកតាមទិន្នន័យខាងលើ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាក្នុងឆ្នាំ២០២៤ មានឱនភាពប្រមាណ ១១,៦៩ពាន់លានដុល្លារ ខណៈកាលពីឆ្នាំ២០២៣ មានចំនួន ៩,៣១ពាន់លានដុល្លារ៕