(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ច្រានចោលការផ្សព្វផ្សាយលើបណ្តាញសង្គម របស់ RFA Khmer ដែលបុគ្គល សែម សុខគា បានលើកឡើងដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតងឡើងវិញ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។

ក្នុងសេចក្តីបំភ្លឺព័ត៌មាន បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្តាញសង្គម របស់គណនីហ្វេសបុកផេកឈ្មោះ RFA Khmer ដោយវីដេអូទី១ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ និងទី២ ផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ដែលបុគ្គល សែម សុខគា បានលើកឡើងដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង (ភ្នំ១៥០០) ឱ្យទៅជាតំបន់បៃតងឡើងវិញ ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឱ្យបានជ្រាបអំពីករណីបុគ្គលឈ្មោះ សែម សុខគា ដូចខាងក្រោម៖

ទី១៖ បុគ្គល សែម សុគា អាយុ៤៩ឆ្នាំ មានមុខរបរលក់ដូរ និងចងការប្រាក់ និងមានប្តីឈ្មោះ ចាប សុវត្តី អាយុ៤៧ឆ្នាំ មានមុខរបរជាគ្រូបង្រៀន។ ពួកគាត់មានផ្ទះ មានមុខរបរ នៅទីលំនៅអចិន្ត្រៃយ៍នៅភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង (មិនមែនរស់នៅក្នុងតំបន់អន្ទង់អាំងនោះទេ)។ បុគ្គលនេះ មានដីចំនួន៦កន្លែង មានបណ្ណកម្មសិទ្ធិ ចំនួន៣កន្លែង និងគ្មានបណ្ណកម្មសិទ្ធិ (ក្នុងតំបន់ការពារធម្មជាតិ) ចំនួន៣កន្លែង។

ទី២. ចំពោះបណ្ណកម្មសិទ្ធិដែលបុគ្គលនោះបានលើកបង្ហាញ គឺជាបណ្ណកម្មសិទ្ធិដីនៅទីតាំងផ្សេង ដែលមិនស្ថិតនៅក្នុងតំបន់អភិរក្សអន្ទង់អាំងនោះទេ ហើយបុគ្គលនេះក៏មិនមានផ្ទះ ឬលំនៅឋានដែលស្ថិតក្នុងតំបន់អន្ទង់អាំង (ភ្នំ១៥០០) នោះឡើយ។

ទី៣៖ រីឯកូនតូច ដែលបុគ្គលនោះយកមកអោប ស្រែកយំ ដើម្បីបង្ហាញឱ្យសាធារណជនយល់ច្រលំថាខ្លួន មានកូនតូច ប៉ុន្តែតាមការពិតកូននោះជាកូនរបស់អ្នកផ្សេងនោះទេ។

៤. រដ្ឋបាលខេត្តពោធិ៍សាត់ សូមគូសបញ្ជាក់បន្ថែមថាបុគ្គល សែម សុខគា នេះ គឺពុំដែលចូលរួមសហការ ជាមួយក្រុមការងារ ឬអាជ្ញាធរសោះឡើយ ហើយតែងតែដើរផ្តល់ព័ត៌មានតាមបណ្តាសារព័ត៌មាន ជាពិសេសវិទ្យុអាស៊ីសេរី ដែលជាវិទ្យុនិយមផ្សាយតែព័ត៌មានបែបអគតិ ញុះញង់ បំបែកបំបាក់ ដោយធ្វើការវាយប្រហារមកលើ អាជ្ញាធរ និងក្រុមការងារ ដើម្បីកេងចំណេញខាងផ្នែកនយោបាយបម្រើឱ្យក្រុមប្រឆាំងតែប៉ុណ្ណោះ។

ផ្អែកលើមូលដ្ឋាននេះ រដ្ឋបាលខេត្តពោធិ៍សាត់ សូមធ្វើការច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មាន របស់គណនីហ្វេសបុកផេកឈ្មោះ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា និងសូមអំពាវនាវដល់សាធារណជនកុំឱ្យមានការយល់ភាន់ច្រលំ៕