(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងសម្តែងការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលឈានជើងទៅអាមេរិក និងស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនៅអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីពិសាភោជនាហារសាមគ្គីគ្រួសារសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឆ្ងល់ ចេះតែអ្នកឯងទៅអាមេរិកទៅរួច។ អ្នកឯងទិតៀន ដូណាល់ ត្រាំ ជាចំហរ ក្នុងពេលយុទ្ធនាការបោះឆ្នោត។ ឥលូវ អ្នកឯងកំពុងទៅពឹងអាមេរិក ដើម្បីនឹង (ស្នើឲ្យ) ដាក់កៀបសង្កត់នៅកម្ពុជា។ កម្ពុជា កំពុងធ្វើជាអ្នកសម្របសម្រួល រវាងអាស៊ាន និងអាមេរិក។ អ្នកត្រូវយល់! តើអ្នកល្ងង់ ឬធ្វើល្ងង់? ប៉ុន្តែ ធ្វើបែបនេះ ពិតជាល្ងង់ហើយ»។
សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅក្រុមប្រឆាំងថា ឆ្នាំ២០២៥នេះ កម្ពុជា គឺជាអ្នកសម្របសម្រួលរវាងអាមេរិក និងអាស៊ាន ហើយការដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មលើកម្ពុជា ពីក្រុមប្រឆាំង គឺជារឿងល្ងង់ខ្លៅ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តាំទៅស្ត្រីម្នាក់នៅឯសហរដ្ឋអាមេរិក កុំព្យាយាមជំរុញចលនាផ្ការីក៕