(ភ្នំពេញ​)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា នៅពេលខាងមុខនេះ នឹងមានឧកញ៉ាកាន់តែច្រើនទៀត ​ចូលរួមជាមួយសមាគមឧកញ៉ាកម្ពុជា ស្របពេលដែលសមាគមនេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការវិនិយោគទៅលើវិស័យនានា និងបង្កើតការងារជាច្រើនកន្លែងដល់ពលរដ្ឋកម្ពុជា។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបានគូសបញ្ជាក់ថា «វិស័យឯកជន គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ឯរដ្ឋគ្រាន់តែសេដ្ឋវិទូ និងគ្រប់គ្រងការដឹកនាំតែប៉ុណ្ណោះ ដូច្នេះវិស័យឯកជនបានប្រមូលផ្តុំនៅក្នុងសមាគមឧកញ៉ា បើទោះបីថា មានឧកញ៉ា មួយចំនួនមិនទាន់បាន ចូលរួមក្តី ​ក៏ប៉ុន្តែខ្ញុំសង្ឃឹមថា កម្លាំងនឹងរីកធំធាត់បន្តទៀត តាមរយៈសកម្មភាពដ៏រស់រវើក នៃសមាគមឧកញ៉ារបស់យើង»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចផងដែរពីសកម្មភាពអាជីវកម្មនានា របស់សមាគមឧកញ៉ាកម្ពុជា បានរួមចំណែកបង្កើតការងារច្រើនណាស់សម្រាប់ប្រជាពលរដ្ឋកម្ពុជា​ តាមរយៈការបង្កើតបាននូវផលិតកម្ម រោងចក្រ សហគ្រាស ក៏ដូចជាកសិដ្ឋានដំណាំ​កសិកម្ម ឬការតភ្ជាប់កសិឧស្សាហកម្ម​ជាដើម។

ទន្ទឹមគ្នានេះ សម្តេចតេជោ បានកោតសសើរចំពោះសមាគមឧកញ៉ាកម្ពុជា ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ​បានរៀបចំរចនាសម្ព័ន្ធដ៏រឹងមាំមួយ ដោយមានបទដ្ឋានគតិយុត្តិ ក៏ដូចជាយន្តការទ្រទ្រង់ ដើម្បីធានានូវនិរន្តភាព និងប្រសិទ្ធភាពនៃដំណើរការ របស់សមាគម។

​សម្តេចតេជោ ហ៊ុន សែន​ បានកត់សម្គាល់ផងដែរ ចំពោះការចូលរួមរបស់សមាគមឧកញ៉ាលើការងារសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា​ សកម្មភាពកីឡា សកម្មភាពវប្បធម៌ ដែលជាសកម្មភាព​ទ្រទ្រង់នៃដំណើរការសម្រាប់សង្គមរបស់យើង។

សូមជម្រាបថា សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក.) គឺជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាង​ឱ្យ​រូបវន្ត​បុគ្គលដែលទទួលបានគោរមងារឧកញ៉ាទាំងអស់នៅកម្ពុជា។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានចុះបញ្ជីជា​សមា​គម​ស្របច្បាប់ និងទទួល​ស្គាល់​ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៃព្រះរាជាណា​ចក្រកម្ពុជា តាមរយៈលិខិតលេខ៥៧៥៩ ប្រ.ក. ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

សមាគមឧកញ៉ាកម្ពុជា ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមអភិបាលកិច្ចផ្នែកបច្ចេកទេសរបស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស។ សមាគមឧកញ៉ាកម្ពុជា ត្រូវបានទទួលស្គាល់មួយកម្រិតទៀតជាផ្លូវការរបស់​រាជរដ្ឋា​ភិបាល ដោយ​ផ្តោត​ជាសំខាន់លើភាពជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញលើក​កម្ពស់​សកម្មភាព​​ពាណិជ្ជ​កម្ម និងការវិនិយោគនៅកម្ពុជា​៕​