(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រកាសច្បាស់ៗថា​ កម្ពុជាមិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដ៏ទៃនោះឡើយ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ដូចនេះ នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីននោះទេ ក៏ប៉ុន្តែសម្រាប់កម្ពុជា កម្ពុជាប្រកាសដាច់ខាត មិនចាប់ពលរដ្ឋខ្លួនប្រគល់ឱ្យប្រទេសដ៏ទៃ នេះគឺជារឿងមួយ ហើយរដ្ឋធម្មនុញ្ញហាមឃាត់ ហាមឃាត់ដកសញ្ជាតិ ហាមឃាត់ការចាប់ពលរដ្ឋខ្មែរបញ្ជូនទៅបរទេស ប៉ុន្តែរឿងហ្វីលីពីន រឿងមួយផ្សេង ខ្ញុំអត់លូកលាន់នោះទេ»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កុំមកប្រៀបធៀបសម្តេចជាមួយលោក ឌូតឺតេ ឱ្យសោះ ហើយសម្រាប់យុទ្ធសាស្ត្រងើបមួយវ៉ៃមួយ គឺនៅតែបន្តអត់ដកថយនោះទេ ងើបចេញពីកន្លែងណា គឺចាប់នៅកន្លែងនោះមិនឱ្យរួចខ្លួននោះទេ។

ជាមួយនឹងរឿងប្រៀបធៀបសម្តេចជាមួយលោក ឌូតឺតេ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​ឥលូនេះចាប់បញ្ជូនមនុស្សម្នាក់មកពីបាត់ដំបង មកភ្នំពេញ ដែលបានរពឹសដៃតាមបណ្តាញសង្គម Facebook ដែលបានប្រៀបធៀបសម្តេច ជាមួយលោក ឌូតឺតេ ដោយព្រហើននិយាយថា បន្ទាប់ពីលោក ឌូតឺតេ នឹងដល់វេនសម្តេច។ សម្តេចថា ចង់ជប់លៀងរយៈពេល ៣យប់ ៣ថ្ងៃថែមទៀត ឥលូវនេះយកមកឱ្យជប់លៀង​ក្នុងគុកតែម្តង។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ដ៏ភ្ញាក់ផ្អើលមួយដែលបានកើតឡើងកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ដោយរដ្ឋាភិបាលរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានចាប់ខ្លួន និងចាប់បញ្ជូនអតីតប្រធានាធិបតីលោក Rodrigo Duterte តាមជើងហោះហើរពិសេសមួយឆ្ពោះទៅកាន់ទីក្រុងឡាអេ ជាទីដែលលោកនឹងត្រូវបង្ហាញខ្លួនក្នុងសវនាការ ជំនុំជម្រះនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ជុំវិញបទចោទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធសង្រ្គាមប្រឆាំងគ្រឿងញៀន កាលរូបលោកនៅកាន់អំណាច៕