(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ។ នេះបើតាមសារាចរដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។

តាមរយៈសារាចរ បានឱ្យដឹងថា ទន្ទឹមនឹងការទទួលបាននូវកំណើនសេដ្ឋកិច្ចជាតិក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ខ្ពស់លើការទប់ស្កាត់ការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពសាធារណៈ ដែលអាចកើតចេញពីសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បានចាត់ទុកការកែទម្រង់ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជាការងារអាទិភាព។ ក្នុងនោះការងារតាមដាន ត្រួតពិនិត្យការបំពុលទឹក និងការទប់ស្កាត់ការសាយភាយសារធាតុពុលចូលក្នុងបរិស្ថានក៏ត្រូវបានដាក់បញ្ចូលជាផែនការសកម្មភាពនៃកម្មវិធីនយោបាយ សំដៅធានាបាននូវការគាំទ្រដល់ការអភិវឌ្ឍ និងការប្រើប្រាស់ប្រកបដោយចីរភាព ការការពារសុខភាពសាធារណៈ និងជីវៈចម្រុះ។

កន្លងមក រាជរដ្ឋាភិបាលបានសង្កេតឃើញថា ទោះបីជាមានបញ្ញត្តិវិធានការគ្រប់គ្រង និងត្រួតពិនិត្យ ការបំពុលទឹក ប្រភពទឹកសាធារណៈ បានចែងនៅក្នុងច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធមួយចំនួនក្តី ក៏ការអនុវត្តវិធានការការពារគុណភាពទឹកតំបន់ទឹកសាធារណៈ រួមទាំងវិធានការគ្រប់គ្រង និងត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ឬសារធាតុបំពុលទឹកពីប្រភពបំពុលនានា នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងកំណើនសកម្មភាពនៃការអភិវឌ្ឍនាពេលថ្មីៗនេះ ដែលជាហេតុបង្កឱ្យមានកង្វល់អំពីការបំពុលប្រភពទឹកសាធារណៈ និងសុខភាពប្រជាពលរដ្ឋដែលអាស្រ័យនឹងប្រភពទឹកទាំងនោះ។ ក្នុងករណីនេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួងបរិស្ថាន ដើម្បីអនុវត្តវិធានការដូចខាងក្រោម៖

ទី១៖ ជំរុញម្ចាស់កម្មសិទ្ធិឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារៈបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។

ទី២៖ ជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្តង់ដាសុវត្ថិភាពបរិស្ថានមុននឹងបង្ហូរទៅតំបន់ទឹកសាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។

ទី៣៖ ជំរុញការអនុវត្តន៏រន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។

ទី៤៖ ជំរុញកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ទី៥៖ ជំរុញការរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមដាន និងគ្រប់គ្រងគុណភាពទឹកសាធារណៈ តាមរយៈការដំឡើងស្ថានីយតាមដានគុណភាពទឹកស្វ័យប្រវត្តិកសាងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យគុណភាពទឹកសាធារណៈ និងបំពាក់រថយន្តតាមដានគុណភាពទឹកសាធារណៈចល័ត។

ទី៦៖ ជំរុញការសិក្សាស្រាវជ្រាវផ្នែកបរិស្ថានទឹក ផលប៉ះពាល់នៃការបំពុលទឹកដល់សុខភាពសាធារណៈ ជីវៈចម្រុះ និងសេដ្ឋកិច្ច និងការស្ដារគុណភាពទឹកដែលទទួលរងការបំពុល។

និងទី៧៖ ជំរុញលើកកម្ពស់ការយល់ដឹង និងបំផុសការចូលរួមពីសាធារណជន ក្នុងកិច្ចគាំពារគុណភាពទឹកសាធារណៈ តាមរយៈការរៀបចំវេទិកាសាធារណៈ ការផ្សព្វផ្សាយសារ ឬភាពយន្តអប់រំខ្លី៕