(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកអំណោយចុះសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ចាស់ជរា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះចំនួន ១២គ្រួសារ នៅភូមិឈូក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ជូនដល់ប្រជាពលរដ្ឋទាំងអស់​ដោយក្តីនឹករលឹក ដែលជានិច្ចកាលសម្ដេច និងលោកអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

លោក ហាក់ ម៉ុងហួត បានបន្តថា នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងសុខុមាលភាពប្រជាពលរដ្ឋគ្រប់មូលដ្ឋាន គឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ ដោយសារអាជ្ញាធរ ឬរាជរដ្ឋាភិបាលពុំបានដឹងនោះឡើយ។

លោក ហាក់ ម៉ុងហួត ក៏បានបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សា សុខភាព ហើយកត្តាដែលសំខាន់នោះគឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ ត្រូវដាំដំណាំ ចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

សម្រាប់អំណោយដែលចែកជូនប្រជាពលរដ្ឋទាំង ១២គ្រួសារនោះ ក្នុង១គ្រួសារៗទទួលបាន អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ និងថវិកាមួយចំនួនផងដែរ៕