(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ២រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិតចំនួន ៣,៣៥២នាក់ ជាសមាជិកគណបក្សប្រជាជនកម្ពុជា។
ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលគរុនិស្សិត និស្សិត ជាសមាជិកគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងនៅវិមាន ៧មករា ដែលមានការចូលរួមសរុប ៣៥៥០នាក់។
បន្ទាប់ពីស្ដាប់របាយការណ៍ស្វាគមន៍ដោយ លោក ហេង ណន សមាជិក គណៈកម្មាធិការកណ្ដាល និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងការអានសេចក្ដីសម្រេច ស្តីពីការយល់ព្រមបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដោយលោកស្រី គឹម សេដ្ឋានី សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រួមទាំងចំណាប់អារម្មណ៍ និងការប្ដេជ្ញាចិត្តតំណាងសមាជិក គណបក្សប្រជាជនកម្ពុជា ទើបបញ្ចូលថ្មី លោក ហ៊ុន ម៉ានី បានអញ្ជើញឡើងថ្លែងសំណេះសំណាលជាមួយសមាជិកបក្ស។
ក្នុងកិច្ចសំណេះសំណាលនេះ លោក ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមប្រកាសទទួលស្គាល់ និងបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ៣,៣៥២រូប ដោយមានសមាសភាពជាគរុនិស្សិត និងនិស្សិតកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សាចំនួន២២ ក្នុងរាជធានីភ្នំពេញ តាមរយៈការសហការធ្វើសកម្មភាព និងរៀបចំពីផ្នែកគ្រឹះស្ថានសិក្សា។
លើសពីនេះ លោក ហ៊ុន ម៉ានី បានសម្តែងការអបអរសាទរ និងប្រកាសស្វាគមន៍សមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការជ្រើសរើសគណបក្សនយោបាយស្របតាមមាគ៌ាលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុវត្តការបោះឆ្នោតយ៉ាងទៀងទាត់ ជាពិសេសជ្រើសរើស និងផ្ញើជោគវាសនាប្រកបដោយភាពជឿជាក់ និងជំហរច្បាស់លាស់ជាមួយគណបក្សប្រជាជនកម្ពុជា ជាការធានាបាននូវការចូលរួមជាមួយកិច្ចការសង្គម នយោបាយ និងសិទ្ធិសម្រេចចិត្តក្នុងនាមម្ចាស់ឆ្នោត។
ឆ្លៀតក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានពាំនាំបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ជូនដល់ សមាជិកបក្សទាំងអស់។ លោកបានគូសបញ្ជាក់ទៀតថា សម្តេចទាំងពីរ គឺជាថ្នាក់ដឹកនាំផ្ទាល់ដែលតែងតែផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាង សម្រាប់សកម្មភាពយុវជន ក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែកក្នុងការយកចិត្តទុកដាក់ខ្ពស់នូវសុខទុក្ខរបស់យុវជន ពិសេសគរុនិស្សិត និស្សិត ដោយតែងផ្តល់នូវការគិតគូជាប់ជាប្រចាំទៅលើជីវភាពរស់នៅប្រចាំថ្ងៃ និងការសិក្សា។
ទន្ទឹមនឹងនោះ លោក ហ៊ុន ម៉ានី បានណែនាំដល់សមាជិកបក្សទើបនឹងបញ្ជូលថ្មីថា «ខ្ញុំសូមអរគុណ និងស្វាគមន៍ចំពោះសមាជិកថ្មី ហើយក៏ផ្ដាំផ្ញើដល់ប្អូនទាំងអស់ សូមថែរក្សាសុខភាពឱ្យបានល្អ ខិតខំរៀនសូត្រ ធ្វើយ៉ាងណាឱ្យមានជោគជ័យក្នុងការសិក្សារៀនសូត្រ ។ក្នុងនោះសូមស្វែងយល់បន្ថែមទៅលើកម្មវិធីគោលនយោបាយរបស់គណបក្ស និងរបស់រាជរដ្ឋាភិបាល ដោយផ្សារភ្ជាប់ទៅនឹងសមត្ថភាពរបស់ថ្នាក់ដឹកនាំ និងប្អូនៗ ក្នុងការអនុវត្ដន៍គោលនយោបាយទាំងអស់នេះ ឱ្យក្លាយទៅជាផលទៅដល់ប្អូនៗ និងប្រជាជនពលរដ្ឋកម្ពុជាទាំងមូល»។
ក្នុងពិធីប្រកាសបញ្ជូលសមាជិកបក្សថ្មី លោក ហ៊ុន ម៉ានី ក៏បានគូសរម្លឹកថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយរឹងមាំមួយដែលមានមូលដ្ឋានចេញពីស្មារតីរួបរួមសាមគ្គី ពិសេសតម្កល់ប្រយោជន៍ជាតិជាអាទិភាព គិតចាប់ពីថ្ងៃបដិសន្ឋិ ២៨ មិថុនា ១៩៥១។ ជាគណបក្សដែលមានភាពបត់បែនខ្ពស់ ហើយមានកាលានុវត្តភាពច្បាស់លាស់ជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជាតិខ្មែរចាប់ពីក្រោយទសវត្ស៦០ ដល់បច្ចុប្បន្ន និងទៅអនាគត។ គណបក្សប្រជាជនកម្ពុជា ជាបក្សនយោបាយមួយដែលមានថ្នាក់ដឹកនាំប្រកបដោយភាពឈ្លាសវៃ ច្នៃប្រឌិត បត់បែន យុទ្ធសាស្ត្រ យុទ្ធវិធី និងគោលការណ៍ដឹកនាំត្រឹមត្រូវ ដោយឈរលើមូលដ្ឋានច្បាប់ លក្ខន្តិកៈ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
គណបក្សប្រជាជនកម្ពុជា តែងប្រកាន់ខ្ជាប់មាគ៌ាដឹកនាំដោយគោរពតាមគោលការណ៍លិទ្ធិប្រជាធិបតេយ្យ ចាប់ផ្តើមពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូល ដោយមានចរឹកជាការចម្រាញ់យកគុណភាព ប្រសិទ្ធភាពការងារ និងគោរពមតិភាគច្រើន។ បន្ថែមពីនេះ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គ្រប់កាលៈទេសៈ គឺដឹកនាំ និងរៀបចំគោលនយោបាយបម្រើផលប្រយោជន៍ប្រជាជន និងអភិវឌ្ឍន៍ប្រទេស ក្រោមម្លប់សន្តិភាព៕