(ភ្នំពេញ)៖ នគរបាលនាយកដ្ឋានទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលប្រចាំការនៅផ្សារទួលទំពូង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលលួចលុយក្នុងកាបូបជនបរទេសចំនួន ៣,៧០០ដុល្លារ ខណៈជនរងគ្រោះកំពុងទិញសំលៀកបំពាក់នៅក្នុងផ្សារ។

ក្រោយឃាត់ខ្លួន នគរបាលទេសចរណ៍ បាននាំជនសង្ស័យមកចង្អុលកន្លែងដែលធ្វើសកម្មភាព ដោយមានសហការជាមួយអាជ្ញាធរមូលដ្ឋាន, គណៈកម្មាធិការផ្សារ និងបង្ហាញមុខឱ្យអាជីវករលក់ដូរបានឃើញផងដែរ។

ការឃាត់ខ្លួនជនសង្ស័យលួចលុយរបស់ជនបរទេសនេះ បានធ្វើឡើងតាមបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ហើយដឹកនាំចាប់ដោយឧត្តមសេនីយ៍ត្រី កើត ចាន់និត អនុប្រធាននាយកដ្ឋាន។

ជនរងគ្រោះមានឈ្មោះ EYERUSALEM REGASS អាយុ៤២ឆ្នាំ ជនជាតិអេត្យូពី (ETHIOPIAN) មុខរបរអង្គការ (BUSINESS DEVE LOPMANT AND PRIME SEETOR ADVISOR) មានទីលំនៅប្រទេសអេព្យូពី។

ជនសង្ស័យមានឈ្មោះ អុល ច័ន្ទណារី អាយុ៣៧ឆ្នាំ មុខរបរលក់ដូរតាមអនឡាញ មានទីលំនៅសព្វថ្ងៃ ផ្ទះលេខ៥៥អី៣ ផ្លូវលេខ២០០ ភូមិ៦ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកSCOOPY ពណ៌ស ស្លាកលេខ ភ្នំពេញ 1HS-6294 ចំនួន១គ្រឿង។

នគរបាលបានបញ្ជាក់ថា ករណីនេះនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១២៖២០នាទីថ្ងៃត្រង់ ដោយជនសង្ស័យបានដើរចូលទៅផ្សារទួលទំពូង ក្នុងគោលបំណងទិញសំលៀកបំពាក់ ពេលនោះជនសង្ស័យបានដើរដល់តូបលេខ១១០១ ក៏ឃើញជនរងគ្រោះ កំពុងឈរទិញសំលៀកបំពាក់។

ពេលភ្ញៀវដោះកាបូបស្ពាយដែលបានដាក់លុយ លើធ្នើរតាំងសំលៀកបំពាក់ ជនសង្ស័យក៏ឆ្លៀតលួចតែម្តង។ ក្រោយចេញទៅ ទើបភ្ញៀវបរទេស បានដឹងថា លុយរបស់គាត់បានបាត់ពីកាបូបស្ពាយរបស់គាត់។

ក្រោយមានករណីនេះកើតឡើង មន្ត្រីនគរបាលទេសចរណ៍ ដែលមានគោលដៅប្រចាំការនៅផ្សារ បានសហការជាមួយគណៈកម្មការផ្សារ ធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ជនសង្ស័យក្នុងរយៈពេល១០ថ្ងៃ។

បច្ចុប្បន្នសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តទៀត។

ដើម្បីពង្រឹងការងារសន្តិសុខ និងទប់ស្កាត់អំពើចោរកម្ម នាយកដ្ឋាននគរបាលទេសចរណ៍ បានចាប់ផ្ដើមបិទ QR តាមផ្សារទូរទាំងប្រទេស តែជំហានដំបូងក្នុងរាជធានីភ្នំពេញសិន៕