(ឧត្តរមានជ័យ)៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងលោកស្រី សាន្ត អារុណ សមាជិករដ្ឋសភាមណ្ឌលខេត្តត្បូងឃ្មុំ រួមជាមួយអាជ្ញាធរខេត្តឧត្តរមានជ័យ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន, នាយនគរបាល និងពលនគរបាល ដែលកំពុងឈរជើងការពារព្រំដែនកម្ពុជា-ថៃ សមរភូមិមុខទិសប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរអញ្ជើញចុះសួរសុខទុក្ខរបស់លោកស្រី ជូ ប៊ុនអេង និងប្រតិភូអមដំណើរ ព្រមទាំងបានរាយការណ៍សង្ខេបអំពីសភាពការណ៍ជាក់ស្តែងតាមខ្សែបន្ទាត់ព្រំដែន ដែលកំពុងតែកើតមានឡើងសព្វថ្ងៃនេះ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានបញ្ជាក់ថា «មានព័ត៌មានប្រឆាំងមួយចំនួនដែលបង្ហោះនៅតាមបណ្តាញសង្គម គឺបានបំភ្លៃការពិតទាំងស្រុងពីតថាភាពជាក់ស្តែងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ពិសេសនៅប្រាសាទតាមាន់ ដែលការបង្ហោះនោះក្នុងន័យទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន និងក្នុងន័យញុះញង់ឱ្យកងទ័ពកម្ពុជា-ថៃប្រឈមមុខដាក់គ្នា។ ប៉ុន្តែស្ថានភាពបច្ចុប្បន្ននៅប្រាសាទតាមាន់នេះ គឺមានភាពល្អប្រសើមិនដូចការបង្ហោះក្នុងបណ្តាញសង្គមនោះទេ ដោយមានការចរចាគ្នារវាងកម្ពុជា-ថៃ មិនឱ្យមានការផ្ទុះអាវុធដាក់គ្នាឡើយ និងប្តេជ្ញាសហប្រតិបត្តិការជាមួយគ្នាដូចសព្វដង»

លោកស្រី ជូ ប៊ុនអេង បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងទ័ព កងនគរបាលជាតិ យើងដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ពិសេសនៅប្រាសាទតាមាន់។

លោកស្រី ជូ ប៊ុនអេង និងលោកស្រីជាសមាជិករដ្ឋសភា ព្រមទាំងមេបញ្ជាការកងទ័ព កងនគរបាលជាតិ បានរៀបចំពិធីបួងសួងដល់សកទេវរាជដែលជាស្តេចទេវតា សូមជួយបីបាច់ថែរក្សាដល់កងទ័ព កងនគរបាលជាតិ ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើន និងទទួលបានជ័យជំនះគ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន និងបានផ្តាំផ្ញើ ដល់កងទ័ព កងនគរបាលជាតិយើង ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារបូរណៈភាពទឹកដី និងត្រូវថែរក្សាសុខភាពឱ្យបានល្អ ក្នុងពេលបំពេញភារកិច្ចចំពោះមុខតាមខ្សែបន្ទាត់ព្រំដែន ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគ ថ្នាំព្យាបាលជម្ងឺមួយចំនួន និងថវិកាចែកជូនដល់កងទ័ព ក្នុងម្នាក់ៗ ចំនួន ២០,០០០រៀលផងដែរ៕