(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ មន្ត្រីបច្ចេកទេស អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងពន្លឿននៃការជួសជុលកែលម្អសួនច្បារផ្លូវភ្លោះ ព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់កំពង់ចាម និងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលមានប្រវែង ៥៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ។

បើតាមការលើកឡើងរបស់លោកអភិបាលខេត្ត បានឱ្យដឹងថា ការជួសជុលកែលម្អសួនច្បារនេះ គឺដោយសារ ការ៉ូឡាចាស់មានសភាពពុកផុយ និងត្រូវយកចេញនូវដើមឈើមួយប្រភេទ ដែលផ្ការបស់វាមានផ្ទុកសារជាតិពុល ដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នករស់នៅម្តុំនោះ និងអ្នកធ្វើដំណើរឆ្លងកាត់។

លោក អ៊ុន ចាន់ដា បានបន្តថា ការរៀបចំតុបតែង កែលម្អសួនច្បារខាងលើនេះ គឺជាជ្រុងមួយ ដែលធ្វើឱ្យក្រុងកំពង់ចាម កាន់តែមានសោភ័ណភាពស្រស់បំព្រង និងសុវត្ថិភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មកលំហែកម្សាន្ត និងដើរហាត់ប្រាណជាដើម។

គួរបញ្ជាក់ថា ទីតាំងខាងលើនេះក៏ជាផ្នែកមួយនៃការដាក់តម្កល់ពាងទឹក (តំបន់ត្រជាក់) ក្នុងការរៀបចំនៃព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។ ក្នុងនោះសម្ភារដែលត្រូវបំពាក់នៅលើសួនច្បារ រួមមាន៖ ការបំពាក់ប្រព័ន្ធអគ្គិសនី, ប្រព័ន្ធទឹក, ក្រាលការ៉ូឡាធ្វើអំពីថ្មម៉ាប, ដាំដើមឈើលម្អ, ផ្កា និងក្រាលស្មៅជាដើម។ល។ ដែលគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចបានលទ្ធផល ប្រមាណ៨៥ភាគរយហើយ៕