(ភ្នំពេញ)៖ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការ ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។ ពិធីសម្ពោធនេះដែរ ដោយមានការអញ្ជើញចូលរួមពី លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ផងដែរ។
ថ្លែងនៅក្នុងពិធីសម្ពោធនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ភាពរីកចម្រើននៃការបង្កើតរោងចក្រ សហគ្រាសថ្មីៗ គឺបង្ហាញពីទំនុកចិត្តវិនិយោគទុន និងកំណើនឱកាសការងារដល់ពលរដ្ឋ នៅកម្ពុជា។ ទន្ទឹមនេះ ទំនុកចិត្តរបស់វិនិយោគទុននៅប្រទេសកម្ពុជា ក្នុងការពង្រីកទីតាំងផលិតកម្មថ្មីៗរបស់រោងចក្រ សហគ្រាស ដោយអាចផ្ដល់នូវអត្ថប្រយោជន៍ដោយផ្ទាល់ ដោយបង្កើតឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅកម្ពុជា។
លោករដ្ឋលេខាធិការ បានលើកឡើងថា ការចូលរួមរបស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានលើកកម្ពស់និងការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកវិនិយោគនៅក្នុងវិស័យនេះ ព្រមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរទៅដល់កម្មករនិយោជិតទាំងអស់ ដែលទទួលបានឱកាសការងារនៅក្នុងរោងចក្រថ្មីនេះ ហើយលោកមើលឃើញថា សមិទ្ធផលថ្មីនៃក្រុមហ៊ុននេះ នឹងបន្តឲ្យមានផលិតភាពការងារច្រើន និងពង្រីកនូវច្រវាក់ផលិតកម្មបន្ថែមទៀត ឱ្យកាន់តែប្រសើរឡើងនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នេះ។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើសុខទុក្ខរបស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តរាជរដ្ឋាភិបាល តែងនៅជិតកម្មករនិយោជិតជានិច្ច។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការលើវិស័យការងារ តែងតែចុះសួរសុខទុក្ខដល់កម្មករនិយោជិតជាញឹកញាប់ផងដែរ។ បន្ថែមពីនេះ ក្រសួងការងារ នឹងបន្តពង្រឹងយន្តការក្នុងការបង្កានិងដោះស្រាយវិវាទការងារដែលអាចកើតមានឡើងសំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ ជំរុញឱ្យទៅជា «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ» ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាល។
លោក ងុយ រិទ្ធ ក៏បានស្នើសុំឱ្យខាងនិយោជក ត្រូវគិតគូរផលប្រយោជន៍កម្មករនិយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ហើយផ្ដល់ការយកចិត្តទុកដាក់ សំដៅប្រែក្លាយកន្លែងធ្វើការងារបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់ បង្កើតសុខដុមនីយកម្មជាមួយបងប្អូនកម្មករនិយោជិតដែលជាគោលដៅស្នូលឆ្លើយតបចក្ខុវិស័យ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ»។
លើសពីនេះ លោករដ្ឋលេខាធិការ ក៏បានបញ្ជាក់បន្ថែមទៀតថា ចំពោះបងប្អូនកម្មករនិយោជិតត្រូវខិតខំបំពេញការងាររបស់ខ្លួន ស្រលាញ់ការងាររបស់ខ្លួន ហើយអ្វីដែលត្រូវយកចិត្តទុកដាក់ និងគិតគូរបន្ថែមនោះ គឺត្រូវសិក្សារៀនជំនាញបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្ថែម និងត្រូវជឿជាក់ទៅលើក្រសួងការងារ ក្នុងការដោះស្រាយបញ្ហានានាជូនកម្មករនិយោជិត ហើយត្រូវរាយការណ៍ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឱ្យនិយោជកត្រូវយកចិត្តទុកដាក់គិតគូរអំពី សុខមាលភាពរបស់បងប្អូនកម្មករនិយោជិតជាអាទិភាព និងត្រូវអនុវត្តការផ្ដល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មករនិយោជិតឱ្យមានប្រសិទ្ធភាពបំផុត។
គួរបញ្ជាក់ថា ក្រុមហ៊ុន ប្រូហ្វេសិន ហ្គាម៉ិន ហ្វេកធើរី ឯ.ក មានសកម្មភាពអាជីវកម្មកាត់ដេរសម្លៀកបំពាក់ ដូចជា អាវក្នុង ខោក្នុង សម្លៀកបំពាក់ហែលទឹក សម្លៀកបំពាក់យូហ្គា ដែលផលិតលើផលិតផលម៉ាក AEO, Legendswimwear ដែលនាំចេញទៅកាន់ទីផ្សារ អឺរ៉ុប សហរដ្ឋអាមេរិក និងកាណាដា។ រោងចក្រនេះ មានខ្សែច្រវ៉ាក់ផលិតកម្ម ផ្នែកធំៗចំនួន២ និងបែងចែកទៅតាមក្រុមចំនួន ៥ក្រុម ដែលមានកម្មករនិយោជិតសរុបប្រមាណ ៧២នាក់ នៅក្នុងជំហានដំបូងនៃការបើកថ្មីនេះ៕