(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកតាំងគោកប្រចាំខែមីនា ជាមួយគណបក្សស្រុកតាំងគោក និងគណបក្សឃុំទាំង៨ ដើម្បីលើកយក​បញ្ហាប្រឈម ដែលកើតមានមកដោះស្រាយ និងដាក់ចេញវិធានការថ្មីសម្រាប់អនុវត្តន៍នាខែបន្តទៀត។

កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណបក្សស្រុក និងមានលោក លោកស្រី ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោកប្រធាន និងអនុប្រធាន ក្រុមការងារចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោក លោកប្រធាន និងអនុប្រធានគណបក្សស្រុកតាំងគោក លោក លោកស្រីប្រធានគណបក្សឃុំទាំង០៨ សរុបប្រមាណ ១៥០នាក់។

នាឱកាសនោះបន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបការងារប្រចាំខែរបស់គណបក្សស្រុកតាំងគោកពីលោក ហាក់ ម៉ុងហួត និងគណបក្សឃុំទាំង ៨រួចមក លោកបណ្ឌិត ថោង ខុន ក៏បានជំរុញឱ្យក្រុមការងារ បន្តខិតខំក្នុងការ​បញ្ចូលទិន្នន័យ សមាជិកបក្សគ្រប់ឃុំ-ភូមិ ទៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់គណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល។

លោកប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក ក៏បានជំរុញឱ្យប្រធានគណបក្សស្រុកតាំងគោក និងគណបក្សឃុំទាំង៨ ចុះណែនាំឱ្យសមាជិកបក្ស និងប្រជាពលរដ្ឋ ទៅពិនិត្យ​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ឆ្នាំ២០២៥ ដែលបានរៀបចំដោយគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ខាងមុខនេះ។

ខិតខំកសាង និងពង្រីកសមាជិកបក្សទាំងបរិមាណ និងគុណភាព ដោយគ្រប់ភូមិត្រូវខិតខំកសាងសមាជិកបក្សឱ្យបាន៨០% ត្រឹមបំណាច់ឆ្នាំនេះ ​ធៀបនឹងប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានផែនការ​បញ្ចូលសមាជិកបក្សថ្មីប្រចាំខែ ពិសេសផ្តោតលើយុវជនដែលទើបគ្រប់អាយុបោះឆ្នោត ដើម្បីយកចិត្តទុកដាក់ទាក់ទាញរកយុវជនមកធ្វើការនៅក្នុងក្រុមប្រឹក្សាឃុំ​ឱ្យបាន​យ៉ាងតិច ១/៣ នៃចំនួនអាសន:ក្នុងក្រុមប្រឹក្សាឃុំ​សម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ខាងមុខ។

លោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យបន្តក្តាប់ជាប់នូវសភាពការណ៍កើតឡើងនៅមូលដ្ឋានការងារសតិអារម្មណ៍នយោបាយ និងការគ្រប់គ្រងសាធារណៈមតិ សំដៅធ្វើការឆ្លើយតប និងវាយបក​ឱ្យបានទាន់ពេលវេលា។

នាឱកាសនោះលោកបណ្ឌិត ថោង ខុន ក៏បានណែនាំឱ្យរដ្ឋបាលស្រុក ឃុំ និងកម្លាំងសមត្ថកិច្ច បន្តពង្រឹងសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ ពិសេសការបង្រាបក្មេងទំនើង គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់, បន្តយកចិត្តទុកដាក់ និងគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាជន, ការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាជន និងការផ្តល់នូវយុត្តិធម៌សង្គម ពិសេសការដោះស្រាយ​ទំនាស់ក្រៅប្រព័ន្ធតុលាការ និងបន្តពិនិត្យ និងដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងសំណូមពរចាំបាច់របស់ប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

សូមបញ្ជាក់ដែរថាកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានជូនដំណឹងដល់គណៈកម្មាធិការគណបក្សរាជធានីខេត្តយកចិត្តទុកដាក់ដូចជា៖

១៖ ធ្វើការណែនាំដល់គណបក្ស និងក្រុមការងារគ្រប់ថ្នាក់ ជួយជំរុញសមាជិកគណបក្សឲ្យទៅពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្នុងបញ្ជីឈ្មោះបោះឆ្នោត ជាមួយទិន្នន័យក្នុងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ​បញ្ជាក់​អត្តសញ្ញាណផ្សេងទៀតដែលប្រើប្រាស់ក្នុងពេលចុះឈ្មោះបោះឆ្នោត និងជួយសម្រួលឲ្យយុវជន ទើបគ្រប់អាយុទៅចុះឈ្មោះបោះឆ្នោតបានគ្រប់ៗគ្នា។ ចំពោះសមាជិកបក្សដែលបានចុះឈ្មោះ និងមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតរួចហើយនៅឆ្នាំ២០១៦ ហើយមិនដែលបានប្តូរការិយាល័យបោះឆ្នោត ត្រូវទៅធ្វើបច្ចុប្បន្នភាព ទិន្នន័យជីវមាត្រ(រូបថត និងស្នាមម្រាមដៃ) ដើម្បីឲ្យមានសង្គតិភាព​ជាមួយទិន្នន័យបច្ចុប្បន្ន​របស់អ្នកបោះឆ្នោត។

២៖ ធ្វើការណែនាំដល់គណៈកម្មាធិការគណបក្សក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ឲ្យដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សចំនួន ២នាក់ ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីចូលរួមសង្កេតមើលដំណើរការ ពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥៕