(ភ្នំពេញ)៖ សំរាប់សប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០២៥ នាថ្ងៃសៅរ៌ទី១៥ និងថ្ងៃអាទិត្យ ទី១៦ ខែមីនា នៅផ្លូវថ្មើរជើង (Walk Street) រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបន្ថែមថ្មីឱ្យមានល្ខោនខោល ដកស្រង់ឈុតមួយក្នុងរឿង ចម្បាំងកុម្ភការ នៅក្នុងរាត្រីថ្ងៃសៅរ៍ ហើយសំរាប់ថ្ងៃអាទិត្យ នឹងមានរបាំប្រពៃណី របាំវាយក្រាប ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេស បានទស្សនាយល់ដឹងកាន់តែច្បាស់ពី របាំប្រពៃណីរបស់ដូនតាខ្មែរយើង។

នេះជាការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ។

លោកស្រី អ្នកនាំពាក្យបានបន្តថា នាសប្តាហ៍មុននេះ ផ្លូវថ្មើរជើង (Walk Street) ភ្នំពេញត្រូវបាន រដ្ឋបាលរាជធានីភ្នំពេញរៀបចំឱ្យមានរបាំភួងនារី (របាំបុរាណ) និងកំប្លែង (នាយក្រឹម) ហើយក្រៅពីហ្នឹង នៅមានជារបាំនេសាទ (របាំប្រពៃណី), ការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាប៉ីសហគមន៍, បណ្ណាល័យចល័ត។ល។ ទៅតាមការចង្អុលបង្ហាញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ហើយបើគិតត្រឹមថ្ងៃទី១៥មិនានេះ ផ្លូវថ្មើរជើង (Walk Street) បានដាក់ឱ្យដំណើរការបានរយៈពេល១ខែនិងកន្លះហើយ។ ចំពោះសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់គឺទទួលបានល្អឥតខ្ចោះ ប្រជាពលរដ្ឋ មិនមានបញ្ហាអ្វីទាំងអស់ រាប់ទាំងអ្នកធ្វើមុខរបរអាជីវកម្ម ក៏ដូចជាប្រជាពលរដ្ឋ ដែលធ្វើដំណើរកម្សាន្ត។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យដំណើរការសាកល្បង២ថ្ងៃ ក្នុង១សប្ដាហ៌គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕