(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥នេះ មានករណីហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះរោងចក្រមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិបាញ់កង្កែប ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលមកឆ្លងចរន្តអគ្គិសនី សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១៨គ្រឿង ដែលបណ្តាលឱ្យខូចខាតសម្ភារទាំងស្រុង។
ចំពោះករណីអគ្គិភ័យបានឆេះអគារោងចក្រម៊ូហ្វាសខេមបូឌា សមត្ថកិច្ចបានឱ្យដឹងពីទំហំការខូចខាតថា ករណីនេះបានឆេះអាគាចំនួន១ខ្នង ទំហំ ៦០គុណ ១០០ម៉ែត្រ ជាអាគារផលិតកំរាលពូក ក្នុងនោះបានការខូចខាត៖ ឆេះអគារ១ខ្នង ទាំងស្រុង, ម៉ាស៊ីនគ្រីប៣, ម៉ាស៊ីនដេរធំ៦, ម៉ាស៊ីនដេរតូច២៤, ម៉ាស៊ីនចាក់២, ម៉ាស៊ីនលើកទំនិញចំនួន១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនធំ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការណ៍កម្លាំងបានប្រើប្រាស់រថយន្ត ១៨គ្រឿង ក្នុងនោះរថយន្ដពន្លត់អគ្គិភ័យ នគរបាលខេត្តកំពង់ស្ពឺ ៨គ្រឿង កម្លាំង ៥៥នាក់។
រថយន្តពន្លត់អគ្គិភ័យនគរបាលខេត្តកណ្តាល ១គ្រឿង កម្លាំង ៦នាក់។ រថយន្តពន្លត់អគ្គីភ័យអាវុធហត្ថខេត្តកំពង់ស្ពឺ ២គ្រឿង កម្លាំង ១០នាក់។ រថយន្តអគ្គិភ័យកងពលតូច ង៧០ (RRC.៧១១) ៧គ្រឿង កម្លាំង ៣៤នាក់ ។ ករណីខាងលើមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ករណីនេះបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ទុស្សេចេញពីម៉ូទរ័មូក្រណាត់៕