(សៀមរាប)៖ ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បានរៀបចំព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា និងផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ និងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់អន្តរជាតិ ព្រមទាំងបន្តជំរុញការផ្សព្វផ្សាយយុទ្ធនាការ «ឆ្នាំទស្សនាសៀមរាប» សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិ ឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
ព្រឹត្តិការណ៍នេះ មានក្រុមសិល្បករ សិល្បការិនី ចំនួន ៥ប្រទេស រួមមាន៖ កម្ពុជា, ឥណ្ឌូនណេស៊ី, ចិន, ហ្វីលីពីន និងឥណ្ឌា បានប្រមូលផ្តុំគ្នាបង្ហាញនូវទស្សនីយភាពជាច្រើនប្រភេទប្លែកៗ មានដូចជា៖ របាំកូរសមុទ្រទឹកដោះ, នឹកស្រុក, របាំក្រមាខ្មែរ, របាំមរតកដូនតា, ការប្រគុំឧបករណ៍តន្រ្តី និងចម្រៀង ដែលបង្កប់អត្តន័យ រូបភាព និងបរិយាកាសដ៏ស្រស់ស្អាតដល់អ្នកទស្សនា។
ពិធីនេះ ក្រោមវត្តមានរបស់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ដោយមានការនិមន្តចូលរួមពីព្រះសង្ឃ លោក លោកស្រី ជារដ្ឋលេខាធិការ អគ្គនាយកដ្ឋាន តំណាងស្ថានទូត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនចូលរួមផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ហួត ហាក់ បានលើកឡើងថា ព្រឹត្តិការណ៍នេះធ្វើឡើង ដើម្បីលើកកម្ពស់វិស័យសិល្បៈកម្ពុជា ផ្លាស់ប្តូរវប្បធម៌ អរិយធម៌ ពង្រឹងទំនាក់ទំនងចំណងមិត្តភាពរវាងកម្ពុជា និងអន្តរជាតិ ក្នុងកិច្ចសហប្រតិបត្តិការល្អ នៃវិស័យទេសចរណ៍រវាងផ្នែករដ្ឋ-ឯកជន និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឲ្យកាន់តែទូលំទូលាយទៅកាន់ភ្ញៀវទេសចរ ទាំងជាតិ-អន្តរជាតិ ជាពិសេសមកទស្សនាគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប និងជម្រុញ ចលនាការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការផ្សារភ្ជាប់សិល្បៈ វប្បធម៌ ប្រពៃណី សំដៅទាក់ទាញទេសចរ និងវិនិយោគិនអន្តរជាតិឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជាកាន់តែច្រើនថែមទៀត។
លោកបន្តថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលពោរពេញដោយសមត្ថភាព, ចំណេះដឹង, បទពិសោធន៍ និងថាមពល បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបន្តចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង រួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
លោកបានបន្តថា តាមរយៈការបង្កើតឱកាសការងារ, ជាពិសេសបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល, ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការអភិរក្សវប្បធម៌ និងថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
លោកបន្តទៀតថា រាជរដ្ឋាភិបាលនឹងបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេស ការបន្តជំរុញការអភិវឌ្ឍទេសចរណ៍វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត និងការជំរុញការបង្កើតប្រភេទទេសចរណ៍ថ្មីៗ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា ស្របតាមអភិក្រម (ជវភាពនៃប្រព័ន្ធតួអង្គតែមួយ) និងទស្សនទាន (មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល) (Leaving No Oneand No Place Behind)។
លោកបន្ថែមថា ឈរលើស្មារតីនេះ ក្រសួងទេសចរណ៍ បានដាក់ចេញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ នឹងធ្វើការផ្សព្វផ្សាយនូវយុទ្ធនាការទេសចរណ៍ ដើម្បីទាំងអស់គ្នា, ទាំងអស់គ្នាដើម្បីទេសចរណ៍, ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព និងម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
លោក ហួត ហាក់ បញ្ជាក់ថា ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ នឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោក។ លោកមានជំនឿថា ព្រឹតិ្តការណ៍នេះ នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជម្រុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ជាពិសេស គោលដៅបេតិកភណ្ឌពិភពលោកសៀមរាប-អង្គរ។
ជាមួយនេះដែរ លោក ង៉ូវ សេងកាក់ បានលើកឡើងថា ព្រឹត្តិការណ៍សំដែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ ដែលក្រសួងទេសចរណ៍ រៀបចំឡើង នាពេលនេះ នឹងជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសរួមចំណែកលើកកម្ពស់ប្រពៃណី វប្បធម៌ អរិយធម៌ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពលធនធានវប្បធម៌ ប្រវត្តិសាស្រ្ត និងធនធានធម្មជាតិទៅកាន់ពិភពលោក ដើម្បីជម្រុញឲ្យមានការរីកចម្រើននូវវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជា វិស័យទេសចរណ៍នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ៕