(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងថា ចាស់ព្រឹទ្ធាចារ្យ គឺជាធនធានមនុស្សដ៏មានតម្លៃ បំផុតក្នុងសង្គមជាតិ ដែលបានចូលរួមការពារសុខសន្តិភាព និងមានបទពិសោធន៍ និងស្នាដៃរាប់មិនអស់ ក្នុងការផ្តល់នូវដំបូន្មានល្អៗ មកដល់មនុស្សជំនាន់ក្រោយ ជាពិសេសបានចូលរួមថែរក្សាការពារ នូវតម្លៃប្រពៃណី វប្បធម៌ខ្មែរ ដូច្នេះយើងជាកូន ចៅប្រុសស្រីគ្រប់ៗរូប ទោះជាស្ថិតក្នុងស្ថានភាពជីវភាពយ៉ាងណាក៏ដោយ ត្រូវតបស្នង និងកតញ្ញូ ជូនចំពោះពួកគាត់ មិនត្រូវមើលរំលងនោះឡើយ។
លោកបណ្ឌិត ប្រាំង ជលសា បានថ្លែងបែបនេះ នៅចុងសប្តាហ៍នេះ ក្នុងពិធីបុណ្យកតញ្ញូ ជាលក្ខណៈប្រមូលផ្តុំ ជូនចំពោះលោកតា លោកយាយ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើង សរុបចំនួន១,៥០០នាក់ (នៅវត្តសុវណ្ណមយូរ៉ា ហៅវត្តក្ងាន ឃុំស្វាយលួង ស្រុកកណ្តៀង និងនៅវត្តពុទ្ធរង្សី ហៅវត្តពុទ្ទ្រាម ឃុំអូរសណ្តាន់ ស្រុកក្រគរ) ក្រោមការរៀបចំឡើងដោយក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។
លោកបណ្ឌិត ប្រាំង ជលសា បានថ្លែងថា បុណ្យកតញ្ញូកតទេវី ដែលបានប្រារព្ធធ្វើជូនលោកតា លោកយាយ ចាប់ពីអាយុ៦៥ឆ្នាំឡើងជាលក្ខណៈប្រមូលផ្តុំ ចំនួន១,៥០០នាក់ ដែលអញ្ជើញមកពីឃុំស្វាយលួង ស្រុកកណ្តៀង និងឃុំកំពង់ពោធិ៍ និងឃុំអូរសណ្តាន់ ស្រុកក្រគរ ដែលកន្លងមកក្រុមការងារបានធ្វើរួចមកហើយ នៅឃុំរាំងទិល ឃុំកញ្ជរ ឃុំត្នោតជុំ និងបន្តគ្រប់ឃុំ ទាំង២ស្រុក ឱ្យបានចប់សព្វគ្រប់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។
ការប្រារព្ធេពិធីបុណ្យកតញ្ញូ ជូនលោកតា លោកយាយនាពេលនេះ ស្របទៅតាមការការណែនាំរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានបង្កើតកម្មវិធីបុណ្យកតញ្ញូនេះឡើង គឺដើម្បីឱ្យកូនចៅប្រុសស្រីគ្រប់ៗរូប មានឱកាសចែករំលែកនូវក្តីគោរព និងសុំខមាលទោស ពីសំណាក់មាតាបិតា និងអាណាព្យាបាល ជាអ្នកមានគុណដ៏ធំធេង ដែលបានខិតខំប្រឹងប្រែង ចិញ្ចឹមបីបាច់ថែរក្សា កុំឱ្យមានបាបកម្ម និងតប ស្នងសងគុណ តាមរយៈនៃកម្មវិធីបុណ្យកតញ្ញូនេះ ឱ្យបានទៅដល់កូនចៅគ្រប់ៗគ្នា។
លោកបានវាយតម្លៃថា លោកតា លោកយាយ ពិតជាមានគុណតម្លៃ ចំពោះសង្គមគ្រួសារ និងសង្គមជាតិ គឺមិនអាចគណនា និងកាត់ថ្លៃបានឡើយ គឺតែងតែបណ្តុះបណ្តាល អប់រំ លះបង់អាត្មានិយម ផ្តល់នូវក្តីស្រឡាញ់ មេត្តា ករុណា សាមគ្គីភាពភាព ក្នុងមហាគ្រួសារនិងសង្គមជាតិ ប្រកបដោយសេរីភាព សមភាព និងភាពថ្លៃថ្នូសុខដុមរមា ក្រោមម្លប់សន្តិភាពស្ថេរភាព។ ក្នុងនាមក្រុមការងារ អាជ្ញាធរដែនដី និងកូនចៅប្រុសស្រី សូមលំឱនកាយគោរពដឹងគុណ ចំពោះលោកតា លោកយាយ លោកឳពុក អ្នកម្តាយទាំងអស់ ដែលជានិច្ចកាលតែងតែទូន្មានប្រៀនប្រដៅកូនចៅ សាងតែអំពើរល្អនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ដោយបានចាត់ទុកថា លោកតា លោកយាយ តែងតែគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ បញ្ជាក់ឱ្យឃើញពីភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់មកលើថ្នាក់ដឹកនាំ តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ។
ជាការពិតណាស់ថា គ្រប់ឃុំក្នុងស្រុកក្រគរ និងស្រុកកណ្តៀង តែងតែទទួលបាននូវសមិទ្ធផលថ្មីជាច្រើន ចេញពីការខិតខំរបស់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បានខិតខំកសាង និងអភិវឌ្ឍន៍ នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងមូលដ្ឋាន ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ។
លោកបានលើកឡើងផងដែរថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយឈរលើទស្សនៈ និងចក្ខុវិស័យវែងឆ្ងាយនិងការកែទម្រង់ស៊ីជម្រៅ ក្នុងការស្តារកសាងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ជាពិសេសនាពេលថ្មីៗនេះ បានបើក ការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាចំណងដៃប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះចំនួន៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ប្រកបដោយសមត្ថភាពខ្ពស់ និងភាពជឿជាក់៕