(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជឿជាក់យ៉ាងមុតមាំថា នឹងមានការចូលរួមផ្សព្វផ្សាយកាន់តែខ្លាំងក្លាពីគ្រប់ភាគីពាក់ព័ន្ធ អំពីអត្តសញ្ញាណ សិល្បៈ វប្បធម៌កម្ពុជា ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់ដែលនឹងក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញកំណើនទេសចរមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត ពិសេសគោលដៅបេតិកភណ្ឌពិភពលោក សៀមរាប-អង្គរ។
ការបង្ហាញពីជំនឿបែបនេះ របស់លោក ហ៊ួត ហាក់ ធ្វើឡើង នាល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតី រួមគ្នាជាមួយ តំណាងគណៈអភិបាលខេត្តសៀមរាប ក្នុងព្រឹត្តិការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ” នៅសួនច្បារមុខព្រះរាជដំណាក់ ខេត្តសៀមរាប។
ព្រឹត្តិការណ៍នេះ រៀបចំឡើង ដើម្បីជាការអបអរសាទរដល់ភាពចម្រុះនៃវប្បធម៌ និងសិល្បៈ ដែលនឹងប្រមូលផ្តុំសិល្បករកម្ពុជា និងសិល្បករមកពីបរទេស និងបណ្តាប្រទេសអាស៊ានក្នុងការបង្កើតជាព្រឹត្តិការណ៍ដ៏សំខាន់មួយគាំទ្រដល់ការបង្កើនចរន្តភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជា ពិសេសមកកាន់ខេត្តសៀមរាប។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា តាមរយៈការរៀបចំ «ព្រឹតិ្តការណ៍សម្តែងសិល្បៈអន្តរជាតិ សៀមរាប-អង្គរ» គឺនឹងអាចផ្សព្វផ្សាយកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ទៅកាន់ប្រជាជនកម្ពុជា និងប្រជាជននៅទូទាំងពិភពលោកផងដែរ៕