(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី១៦ ខែមីនា ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសតែងតាំង លោក ម៉ុក រ៉ាសឿន ជាអនុប្រធានប្រចាំការ និងជាប្រធានស្នាក់ការគណបក្សស្រុកកងមាស ជំនួសលោក ម៉ុក សុីម ដែលមានវ័យជរា។

បន្ទាប់ពីលោក ម៉ុក រ៉ាសឿន បានឡើងធ្វើការប្តេជ្ញាចិត្ត លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សខេត្តបានណែនាំដល់អាជ្ញាធរស្រុកកងមាស ជាពិសេសលោក ម៉ុក រ៉ាសឿន ដែលទើបទទួលភារកិច្ចថ្មីនេះ ត្រូវ សហការឱ្យបានស្អិតរមួត ជាមួយលោកប្រធានគណៈកម្មាធិការបក្សស្រុក រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង និងបន្តយកចិតទុកដាក់ខ្ពល់លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អ ពិសេសគឺបន្តរួមគ្នា អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព បន្តអនុវត្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរផ្លូវគោក ការលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ, ជាពិសេសបញ្ហាគ្រឿងញៀន, អំពើអនាចារ, ក្មេងទំនើង ឱ្យទទួលបានប្រសិទ្ធភាព ខ្ពស់ដើម្បីភាពសុខសាន្តរបស់ប្រជាជន។

ជាមួយគ្នានោះ ប្រធានគណកម្មាធិការបក្សខេត្ត ក៏បានជំរុញឱ្យបន្តការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព គ្មានអំពើរពុករលួយ រួមទាំងរហ័សទាន់ចិត ដើម្បីបង្កើនការជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសពីបាតដៃទទេ រហូតប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនឥតឈប់ឈរ និងនាំឲ្យកម្ពុជា ស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ៕